កម្មវិធីប្រកួតប្រជែងមួយ ពាក់ព័ន្ធវិស័យបច្ចេកវិទ្យា និងធុរកិច្ច ឬ Technovation Cambodia ២០២៣ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសកុមារី និងយុវនារី ដែលសិក្សានៅកម្រិតបឋម រហូតកម្រិតវិទ្យាល័យ ពោលចាប់ពីអាយុ៨-១៨ឆ្នាំ ចូលរួមតែប៉ុណ្ណោះ។
តាមក្រសួងអប់រំការប្រកាសជ្រើសរើសកុមារី និងយុវនារីនេះ ជាការបង្កើនបរិមាណកុមារីដែលបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ និងជំរុញទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី អ្នកច្នៃប្រឌិត បង្កើតដំណោះស្រាយថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យា ដោះស្រាយបញ្ហាក្នុងសហគមន៍ និងបង្ហាញលទ្ធផលសម្រេចបានរបស់កុមារី។
ផ្អែកតាមក្រសួងអប់រំដដែល កុមារី និងយុវនារី ដែលចង់ចូលរួមកម្មវិធីប្រកួតប្រជែង Technovation ២០២៣ អាចដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់ដែលក្រសួងអប់រំដាក់ជូន រហូតដល់ថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៣។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ បានលើកឡើងថា ក្រសួងនឹងបើកវគ្គបណ្ដុះបណ្ដាលដល់កុមារី និងយុវនារី រយៈពេល ១២ សប្ដាហ៍ផងដែរ លើជំនាញសរសេរកូដបង្កើតកម្មវិធីទូរសព្ទដៃ និងសហគ្រិនភាព ដោយផ្ដោតលើមុខវិជ្ជាសំខាន់ដូចជា Ideation, coding, Entrepreneurship, Pitching និង Artificial Intelligence។
សូមបញ្ជាក់ថា កុមារី និងយុវនារី ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលមានការបែងចែកជាក្រុម បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាលត្រូវផ្ញើកម្មវិធីទូរសព្ទដៃដែលបានអភិវឌ្ឍគម្រោងអាជីវកម្ម និងវីដេអូ ចូលក្នុងគេហទំព័រ Technovation Global ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិ និងថ្នាក់អន្ដរជាតិ៕