en     km
en     km

អាជ្ញាធរ​អ៊ីរ៉ង់​ចាប់​ខ្លួន​តារា​​ភាពយន្តជាជ័យលាភីរង្វាន់​អូស្ការ

Share

 

ក្រុងគែរ៖ យោងតាមAPថាអាជ្ញាធរអ៊ីរ៉ង់បានចាប់ខ្លួនតារាស្រីដ៏ល្បីបំផុតមួយរូបកាលពីថ្ងៃសៅរ៍ទី ១៧ធ្នូ ២០២២ ដោយចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការតវ៉ាទូទាំងប្រទេស។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ IRNA បាននិយាយថា លោកស្រី Taraneh Alidoosti តារាភាពយន្តដែលឈ្នះពានរង្វាន់អូស្ការ “The Salesman” ត្រូវបានឃុំខ្លួន បន្ទាប់ពីនាងបានបង្ហោះសារនៅលើ Instagram បង្ហាញពីការគាំទ្របុរសអ៊ីរ៉ង់ដំបូងដែលត្រូវបានប្រហារជីវិតដោយអាជ្ញាធរចោទថាបានប្រព្រឹត្តឧក្រិដ្ឋកម្ម ក្នុងអំឡុងពេលតវ៉ា។

នេះគឺជាការចាប់ខ្លួនតារាល្បីចុងក្រោយបង្អស់ដែលបានធ្វើឡើងជាបន្តបន្ទាប់ រួមមានកីឡាករបាល់ទាត់ តារាសម្ដែង និងអ្នកមានឥទ្ធិពលក្នុងសង្គមជាច្រើនទៀត ដែលបានបង្ហាញចំហរគាំទ្របាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបានអូបន្លាយចូលដល់ខែទី 3 ហើយ។

យោងតាមការផ្សាយនៅលើបណ្តាញ Telegram ផ្លូវការរបស់រដ្ឋ អ្នកស្រីAlidoosti ត្រូវបានចាប់ខ្លួនដោយ​សារតែនាងមិនបានផ្តល់ “ឯកសារណាមួយស្របតាមការអះអាងរបស់នាង” ។របាយការណ៍បានសរសេរថា តារាល្បីរបស់អ៊ីរ៉ង់ជាច្រើននាក់ផ្សេងទៀតក៏ត្រូវបាន “តុលាការកោះហៅផងដែរ ជុំវិញការផ្សព្វផ្សាយខ្លឹមសារញុះញង់” ហើយមួយចំនួនត្រូវបានចាប់ខ្លួន។ គេនៅមិនទាន់បានទទួលព័ត៌មានលម្អិតបន្ថែមនៅឡើយទេអំពីរឿងនេះ។

នៅក្នុងការបង្ហោះលើ Instagram របស់តារាស្រីវ័យ 38 ឆ្នាំអ្នកស្រីAlidoosti បានសរសេរថា “គាត់ឈ្មោះ Mohsen Shekari ។ ​អង្គការ​អន្តរជាតិទាំងអស់​ដែល​កំពុង​មើល​ការ​បង្ហូរ​ឈាម​នេះ ហើយ​មិន​ចាត់​វិធានការគឺ​ជា​ការ​អាម៉ាស់​ដល់​មនុស្សជាតិ»។លោក Shekari ជាអ្នកទោសត្រូវបានប្រហារជីវិតកាលពីថ្ងៃទី 9 ខែធ្នូ បន្ទាប់ពីត្រូវបានចោទប្រកាន់ដោយតុលាការអ៊ីរ៉ង់ពីបទបិទផ្លូវក្នុងទីក្រុងTehran និងវាយប្រហារកងកម្លាំងសន្តិសុខដោយកាំបិត។

កាលពីខែវិច្ឆិកា តារាសម្ដែងស្រីជនជាតិអ៊ីរ៉ង់ដ៏ល្បីពីររូបផ្សេងទៀតគឺ Hengameh Ghaziani និង Katayoun Riahi ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទបង្ហាញការគាំទ្រក្រុមបាតុករនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោកVoria Ghafouri កីឡាករបាល់ទាត់ជនជាតិអ៊ីរ៉ង់ក៏ត្រូវបានចាប់ខ្លួនកាលពីខែមុនពីបទ “ប្រមាថក្រុមបាល់ទាត់ជាតិ និងឃោសនាប្រឆាំងនឹងរដ្ឋាភិបាល”។

ចាប់តាំងពីខែកញ្ញាមក លោកស្រី Alidoosti បានបង្ហាញការគាំទ្រក្រុមបាតុករដោយបើកចំហរដោយបង្ហោះសារយ៉ាងហោចចំនួនបីនៅលើ Instagram ។ គណនី Instagram របស់នាងដែលមានអ្នកតាមដានជាង 8 លាននាក់ ត្រូវបានអាជ្ញាធរអ៊ីរ៉ង់ផ្អាក។

កាលពីសប្តាហ៍មុន អ៊ីរ៉ង់បានប្រហារជីវិតអ្នកទោសទីពីរគឺឈ្មោះ Majidreza Rahnavard ពាក់ព័ន្ធនឹងការតវ៉ា។ សាកសព​របស់ Rahnavard ត្រូវ​បាន​​ព្យួរ​កដោយថយន្ត​ស្ទូច​ ដើម្បី​ជា​ការ​ព្រមាន​​ដល់​អ្នក​ដទៃ។ អាជ្ញាធរ​អ៊ីរ៉ង់​បាន​ចោទប្រកាន់​លោក Rahnavard បាន​ចាក់​សម្លាប់កម្លាំង​យោធាប៉ារ៉ា​​​ពីរ​នាក់​នៃ​។ លោកស្រី Alidoosti ធ្លាប់បានរិះគន់រដ្ឋាភិបាលអ៊ីរ៉ង់ និងកម្លាំងប៉ូលិស មុនពេលការតវ៉ានៅឆ្នាំនេះ។នៅ​​ខែមិថុនា ឆ្នាំ 2020 លោកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 5 ខែ បន្ទាប់ពីលោកស្រីបានបង្ហោះសារតាមTwitter រិះគន់ប៉ូលីសដែលបានវាយដំនារីម្នាក់ដែលបានដោះកន្សែងគ្របក្បាលក្នុងឆ្នាំ 2018 ។ភាពយន្តល្បីៗរបស់លោកស្រី Alidoosti បានសម្តែងក្នុងនោះរួមមាន “The Beautiful City” និង “About Elly” ។ យ៉ាងហោចណាស់មានមនុស្ស 495 នាក់ត្រូវបានសម្លាប់នៅក្នុងបាតុកម្ម និង មនុស្សជាង 18.200 នាក់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអ៊ីរ៉ង់។

ប្រភព៖ AP ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២

 

Share

ព័ត៌មានទាក់ទង

Image