ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងកិច្ចការនារីបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគម្រោង និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកិច្ចការនារីជាមួយអង្គការកាតាលីស+ លើគម្រោងស្តីពី “កិច្ចពន្លឿនការបង្កើនភាពអង់អាចដល់ស្រ្តី» និងអង្គការផេកកម្ពុជាលើគម្រោងស្តីពី «ភាពជាដៃគូលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី»។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី Wendy Harris ប្រធាន និងនាយកប្រតិបត្តិសកល នៃអង្គការកាតាលីស+ និងលោក Roger-Mark De Souza អនុប្រធានចរីភាពទីផ្សានៃអង្គការ ផេកគ្លូបបល, លោកស្រី សាប៊ីន យ៉ៅគ្គឹស នាយិកាប្រចាំប្រទេសកម្ពុជានៃអង្គការផេកកម្ពុជានិងមន្រ្តីថ្នាក់ដឹកនាំក្រសួងកិច្ចការនារី តំណាងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ អង្គការ និងដៃគូពាក់ព័ន្ធ សរុបប្រមាណ ៨០នាក់ ក្នុងនោះមានស្រ្តី ៦២នាក់។
សូមបញ្ជាក់ថា គម្រោងកិច្ចពន្លឿនការបង្កើនភាពអង់អាចដល់ស្រ្តីជាមួយអង្គការកាតាលីស+ មានរយៈពេល ៣ឆ្នាំ។គម្រោងនេះមានគោលបំណងដើម្បីផ្តល់កិច្ចគាំទ្រលើការពង្រឹងសមត្ថភាពរបស់មន្រ្តីក្រសួងកិច្ចការនារី រួមទាំងក្រសួង-ស្ថាប័ន រដ្ឋបាលនៅថ្នាក់ក្រោមជាតិ ស្ថាប័នអប់រំ វិស័យឯកជន និងដៃគូពាក់ព័ន្ធ។ ក្នុងនោះផងដែរគម្រោងនេះ ក៏សំដៅពង្រឹងកិច្ចសហការ និងភាពជាដៃគូជាមួយដៃគូ ក្នុងស្រុក ពាក់ព័ន្ធនឹងការបង្កើត និងការគ្រប់គ្រងអាជីវកម្ម បង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តគំនិតច្នៃប្រឌិត និងបង្កើនបរិយាកាសប្រកបដោយចីរភាព ដែលជំរុញដល់ការពង្រឹងសមភាពយេនឌ័រ ។
ព្រឹត្តិការណ៍នេះ ជាការបោះជំហានថ្មីមួយទៀត បង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នា និងឈានទៅការដាក់ចេញនូវវិធានការ និងវិធីសាស្រ្តជាក់លាក់ ក្នុងការពង្រឹងភាពអង់អាចដល់ស្រ្តី និងពង្រឹងការ បញ្រ្ជាបយេនឌ័រនៅកម្ពុជា ជាពិសេសលើការពង្រីកបរិយាកាសសម្រាប់ស្រ្តី ក្នុងការអភិវឌ្ឍសក្តានុពល នៅក្នុងវិស័យសេដ្ឋកិច្ច។