en     km
en     km

កាតាស៊ើបអង្កេតករណីស្លាប់កម្មករហ្វីលីពីនទីលានហ្វឹកហាត់បាល់ទាត់ពិភពលោក

Share

ដូហា៖ យោងតាម C N A បន្ទាប់ពីមានបុរសជាកម្មករហ្វីលីពីនម្នាក់បានស្លាប់នៅកន្លែងហ្វឹកហាត់បាល់ទាត់ពិភពលោក ប្រទេសកាតាបានបើកការស៊ើបអង្កេតករណីស្លាប់នេះ។ ករណីនេះបានធ្វើឱ្យមានភាពចម្រូងចម្រាសលើសុវត្ថិភាពការងារ និងការព្យាបាលជំងឺបុគ្គលិក​ កម្មករជាជនចំណាកស្រុក។ នេះបើយោងតាមមន្ត្រីកាតាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍។

លោក Nasser Al Khater នាយកប្រតិបត្តិនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅទីក្រុងដូហា បានប្រាប់រ៉យទ័រដោយមិនផ្តល់ព័ត៌មានជាក់លាក់ និងបាននិយាយថា “ការស្លាប់គឺជាធម្មជាតិនៃជីវិត”ហើយបានសម្ដែងការចូលរួមរំលែកមរណៈទុក្ខដល់គ្រួសារជនរងគ្រោះ។

សារព័ត៌មានកីឡាអនឡាញ The Athletic បានរាយការណ៍កាលពីថ្ងៃពុធថា បុរសហ្វីលីពីនម្នាក់បានចុះកិច្ចសន្យាជួសជុលភ្លើងនៅក្នុងចំណតរថយន្តនៅ Sealine Resort ដែលជាកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត បានស្លាប់ដោយសាររអិលដួលបោកក្បាលនឹងបេតុងពេលកំពុងដើរតាមផ្លូវ​រថយន្ត “។

ដោយ​ដក​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ជា​ច្រើន​បាន​និយាយ​ថា​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើង​អំឡុង​ពេលប្រកួត​ World Cup ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​ណាច្បាស់​នោះ​ទេ។មន្ត្រីរដ្ឋាភិបាលកាតាម្នាក់ទៀតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រសិនបើការស៊ើបអង្កេតរកឃើញថាគោលការណ៍សុវត្ថិភាពការងារមិនបានអនុវត្តទេនោះ ក្រុមហ៊ុននឹងត្រូវទទួលរងនូវចំណាត់ការតាមផ្លូវច្បាប់ និងផាកពិន័យជាប្រាក់ធ្ងន់ធ្ងរ” ។មន្ត្រីរូបនេះបាននិយាយថា “អត្រានៃគ្រោះថ្នាក់ទាក់ទងនឹងការងារបានធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងប្រទេស​កាតា ចាប់តាំងពីស្តង់ដារសុខភាព និងសុវត្ថិភាពត្រូវបានដាក់ឱ្យអនុវត្តត្រូវបានរឹតបន្តឹង” ។

ក្រុមសិទ្ធិមនុស្សកំពុងតាមដានប្រទេសកាតាកាន់តែខ្លាំងឡើងចាប់តាំងពីត្រូវបានផ្តល់សិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំ 2010 ជុំវិញការប្រព្រឹត្តចំពោះកម្មករចំណាកស្រុក ដែលភាគច្រើនមកពីរដ្ឋឈូងសមុទ្រអារ៉ាប់។

 ការប្រកួត World Cup នេះបានប្រឈមមុខនឹងការរិះគន់លើការរំលោភសិទ្ធិពលករចំណាកស្រុក។មន្ត្រីអឺរ៉ុបបានរិះគន់ពីការរំលោភសិទ្ធិមនុស្សរបស់ប្រទេសកាតា រួមទាំងសិទ្ធិការងារ សិទ្ធអ្នកស្រលាញ់ភេទដូចគ្នា និងសិទ្ធិស្ត្រីជាដើម។  អ្នករៀបចំការប្រកួតបាល់ទាត់ពិភពលោករបស់ប្រទេសកាតា ដែលជាគណៈកម្មាធិការកំពូលបាននិយាយ​​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនមិនពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់កាតាទេ ដោយសារ “អ្នកស្លាប់ធ្វើការជាអ្នកម៉ៅការ មិនមែនស្ថិតនៅក្រោមគណៈកម្មាធិការកំពូល SC” នោះទេ។

កាសែត Guardian របស់ចក្រភពអង់គ្លេសបានរាយការណ៍កាលពីឆ្នាំមុនថាយ៉ាងហោចណាស់មានកម្មករចំណាកស្រុកចំនួន 6,500 ដែលភាគច្រើនពួកគេធ្វើការលើគម្រោងសាងសង់ទីលានបាល់ទាត់ World Cup បានស្លាប់នៅក្នុងប្រទេសកាតាចាប់តាំងពីប្រទេសនេះបានទទួលសិទ្ធិក្នុងការរៀបចំព្រឹត្តិការណ៍នេះ។​ ជាការឆ្លើយតប កាតាបាននិយាយថាចំនួនអ្នកស្លាប់គឺសមាមាត្រទៅនឹងទំហំនៃកម្លាំងពលកម្មចំណាក​ស្រុក រួមបញ្ចូលទាំងកម្មករមិនមែនទិដ្ឋាការការងារជាច្រើន ដោយបន្ថែមថារាល់ការបាត់បង់ជីវិតគឺជាសោកនាដកម្មមួយ។

 គណៈកម្មាធិការកំពូលបាននិយាយថាការស្លាប់ទាក់ទងនឹងការងារមានចំនួន 3នាក់ និងការស្លាប់ដែលមិនមែនការងារចំនួន 37 បានកើតឡើងនៅក្នុងគម្រោងទាក់ទងនឹងការប្រកួតបាល់ទាត់ពិភពលោក។លោក Nasser Al Khater នាយកប្រតិបត្តិនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 បាននិយាយថា “ការស្លាប់គឺជាធម្មជាតិនៃជីវិត មិនថានៅកន្លែងធ្វើការ ឬស្ថិតនៅកន្លែងគេងរបស់អ្នកទេ” ។”យើងកំពុងស្ថិតក្នុងអំឡុងនៃការប្រកួតបាល់ទាត់ពិភពលោក។ ហើយយើងមានការប្រកួតបាល់ទាត់ពិភពលោកដ៏ជោគជ័យ។

ប្រភព៖ C N A ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២២

Share

ព័ត៌មានទាក់ទង

Image