en     km
en     km

អាជ្ញាធរស្រុកកណ្តាលស្ទឹងត្រៀមអន្តរាគមន៍ជួយពលរដ្ឋខណៈជំនន់ទឹកភ្លៀងនៅតែជាហានិភ័យនៅឡើយ

Share

ភ្នំពេញ៖ អភិបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះថា ស្ថានភាពទឹកនៅតែឡើងខ្ពស់នៅស្ទឹងព្រែកត្នោតដែលប្រការនេះ នៅតែជាក្តីកង្វល់របស់អាជ្ញាធរនិងពលរដ្ឋនៅឡើយ​ បើទោះបីជាស្ថានភាពនៅមិនទាន់ឡើងដល់កម្រិតប្រកាសអាសន្នយ៉ាងណាក្តី។

ការបញ្ជាក់ពីលោក អ៊ូច សារឿន អភិបាលស្រុកកណ្តាលស្ទឹងបែបនេះ ព្រោះថាកម្ពស់ទឹកនៅទ្វារទឹក ៧ មករា នៅព្រឹកនេះមានកម្ពស់ ៥ម៉ែត្រ១៨ ខណៈកម្ពស់ទឹកប្រកាសអាសន្នមានកម្ពស់ ៦ម៉ែត្រ។

បើទោះបីជាស្ថានភាពទឹកមិនទាន់ហក់ឡើងដល់កម្រិតប្រកាសអាសន្ននៅឡើងក្តី តែលោកអភិបាលស្រុកកណ្តាលស្ទឹងឱ្យដឹង បច្ចុប្បន្នជំនន់ទឹកភ្លៀងកំពុងយាយីផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណជិត៤០០ខ្នងផ្ទះ ដែលរស់នៅតាមបណ្តាលទំនប់លេខ៩៤។

អភិបាលខេត្តកណ្តាលនិងក្រុមការងារចុះពិនិត្យស្ថានភាពទឹកតាមស្ថានីយ៍មួយចំនួននៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកណ្តាល។

 

ដោយឡែកស្រូវស្រែរបស់ប្រជាពលរដ្ឋវិញ ជំនន់ទឹកភ្លៀងកំពុងតែពន្លិចប្រមាណ ១២០ហិចតា។ ហើយករណីទឹកលិចស្រូវស្រែនេះ លោក អ៊ូច សាវឿន គូសបញ្ជាក់ថា បើសិនជាស្ថានភាពទឹកនៅតែបន្តលិចជាប់ៗគ្នាចំនួន ៤ថ្ងៃបន្តទៀតនោះ នោះស្រូវនឹងត្រូវរលួយខូចខាត។

ចំពោះមុខស្ថានភាពនេះ លោកអភិបាលស្រុកកណ្តាលស្ទឹងឱ្យដឹងថា  អាជ្ញាធរបានប្រកាសព័ត៌មានជាប់ជាប្រចាំពីស្ថានភាពទឹកដល់ប្រជាពលរដ្ឋ។ ក្នុងនោះអាជ្ញាធរបានត្រៀមកម្លាំងរួចជាស្រេចជួយអន្តរាគមន៍ករណីមានទឹកជំនន់ ពិសេសបាននឹងកំពុងត្រៀមចែកអំណោយនិងគ្រាប់ពូជស្រូវដល់ប្រជាពលរដ្ឋផងដែរ។

យ៉ាងណាចំពោះមុខស្ថានភាពនេះ អាជ្ញាធរស្រុកកណ្តាលស្ទឹងអំពាវនាវទៅកាន់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះ។

ប្រសាសន៍របស់លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង៖

 

ជាការកត់សម្គាល់ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោតចំនួនបីឃុំតែងតែជួបប្រទះបញ្ហាជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែងជារឿយៗ ខណៈអាជ្ញាធរពាក់ព័ន្ធបាននិងកំពុងធ្វើស្ថានីយ៍រំដោះទឹកជាបណ្តើរៗផងដែរ៕

 

 

Share

ព័ត៌មានទាក់ទង

Image