ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះផង បានចេញលិខិតអបអរសាទរទិវាអាស៊ានដោយបានលើកឡើងនូវចំណុចជាច្រើនរបស់កម្ពុជាដែលបានលះបង់ក្នុងបុព្វហេតុបេសសកម្មរបស់ខ្លួនក្នុងការបំពេញតួនាទីក្នុងក្របខណ្ឌអាស៊ាន។
លិខិតអបអរសាទររបស់សម្តេច ហ៊ុន សែន លើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្មជាមួយសមាគមន៍-នយោបាយអាស៊ាន ក្នុងការទទួលខុសត្រូវថែរក្សា លើកកម្ពស់សន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោកតាមរយៈឆ័ត្រអង្គការសហប្រជាជាតិ។ លិខិតនេះលើកឡើងបន្តថា រយៈពេល១៥ឆ្នាំចុងក្រោយនេះ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវទៅបំពេញការងារតាមបណ្តាលប្រទេសនានាលើពិភពលោកបានប្រមាណ ៨ ពាន់នាក់។
តាមរយៈលិខិតអបអរសាទរម្រាស់ ៥ទំព័រ និងមាន ១៣ ចំណុចធំៗ សម្តេច ហ៊ុន សែន បានបង្ហាញការបេ្តជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិនានាក្នុងភាពជាដៃគូជាមួយអាស៊ាន ដែលជាការឆ្លុះបញ្ចាំងពីការកើនឡើងនូវសារៈសំខាន់របស់អាស៊ានក្នុងកិច្ចការតំបន់និងពិភពលោក។
យ៉ាងណាប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈលិខិតនេះក៏បានសម្តែងក្តីបារម្ភចំពោះអានាគតអាស៊ានដែលនឹងប្រឈមបញ្ហាផ្នែកសន្តិសុខធំៗ តួយ៉ាងបញ្ហាស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងសង្រ្គាមរុស៊្សី-អ៊ុយក្រែន។
មួយទៀតដែល នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញប្រទេសសមាជិកអាស៊ានត្រូវស្តារស្ថានភាពសេដ្ឋកិច្ចក្នុងនោះមានការអនុវត្តគំនិតផ្តួចផ្តើមពីបដិវត្តឧស្សាហកម្ម សេដ្ឋកិច្ចឌីជីថល ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងពាណិជ្ជកម្មអេឡិចត្រូនិច ដែលជាអ្វីដែលអាស៊ានត្រូវចូលរួចគ្នាអនុវត្ត។
អ្វីជាពិសេសជាងនេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ សម្តេច ហ៊ុន សែន លើកឡើងថា កម្ពុជានឹងសហការជាមួយប្រទេសដើម្បីអនុវត្តកិច្ចព្រមព្រៀងអាសិប និងកិច្ចការលំហូរពាណិជ្ជកម្មឆ្លងដែន។
ចុងក្រោយនៃលិខិត កម្ពុជាបានជំរុញឱ្យអាស៊ានឈរលើជំហរឯកភាពគ្នាដើម្បីផលប្រយោជន៍ វិបុលភាព សម្រាប់ប្រយោជន៍តំបន់៕