លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញឲ្យដឹងថា នៅថ្ងៃបុណ្យអុំទូកនៅថ្ងៃទី២៤ ២៥ និងថ្ងៃទី២៦ វិច្ឆិកា ខាងមុខនេះ នឹងមានការប្រគុំតន្ដ្រី ការសម្ដែងសិល្បៈ និងការតាំងពិព័រណ៍ ការបណ្ដែតប្រទីប ការបង្ហោះគោម រួមទាំងការដាក់បង្ហាញជាសាធារណៈ នូវរបៀបរបប និង ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរក្នុងថ្ងៃបុណ្យអុំទូក នៅទីតាំងកម្សាន្ដសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ។
ទីតាំងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញ ដូចជា នៅម្ដុំកោះពេជ្រ មុខវត្តបទុមវត្តី សួនកាណាឌីយ៉ា រមណីយដ្ឋានវត្តភ្នំ ទីលានប្រជាធិបតេយ្យ និងនៅតាមដងទន្លេចតុមុខ នឹងក្លាយជា កន្លែងកម្សាន្តរបស់សាធារណជន ជាពិសេសរបស់ពលរដ្ឋខ្មែរ ក្នុងទិវាបុណ្យអុំទូក អកអំបុក សំពះព្រះខែ ឆ្នាំ២០១៥នេះ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដែលបានផ្ដល់ព័ត៌មាន ដល់វិទ្យុស្ដ្រី Fm102 នៃWMC នៅថ្ងៃចន្ទ ទី២៣ វិច្ឆិកានេះថា ក្រៅពីការប្រគុំតន្ដ្រី និងការដាក់បង្ហាញ ជាសាធារណៈនូវរបៀបរបប និងប្រពៃណីទំនៀមទម្លាប់ នៅថ្ងៃបុណ្យអ៊ុំទូកនេះ ក៏នៅមានការតាំងពិព័រណ៍ និងលក់ផលិតផលមួយចំនួន ពីសំណាក់ក្រុមហ៊ុនឯកជន នៅតាមទីតាំងមួយចំនួនផងដែរ។
«យើងបានធ្វើការរៀបចំឲ្យមានការសម្ដែងសិល្បៈ អនុញ្ញាតឲ្យមានការសម្ដែង ប្រគុំតន្ដ្រី នានាជាដើម ដូចជានៅតាមទីតាំងនៅកោះពេជ្រ ទីតាំងនៅមុខវត្តបទុម សួនកាណាឌីយ៉ា ខាងត្បូងហ្នឹង យើងមានការសម្ដែងសិល្បៈនៅទីលានប្រជាធិបតេយ្យ គេមានការ សម្ដែងសិល្បៈនៅរមណីយដ្ឋានវត្តភ្នំ ។ ជាពិសេសនៅរមណីយដ្ឋានវត្តភ្នំហ្នឹង នៅពេលល្ងាច ថ្ងៃ២៥ គឺនៅពេលដែលចប់ការប្រគុំតន្ដ្រី គឺចាប់ពីម៉ោង៦ល្ងាចទៅ មានពិធីដែលយើង ធ្វើការបង្ហាញជាសាធារណៈ នូវរបៀបរបបប្រពៃណីទំនៀមទម្លាប់យើង ក្នុងការដាល់អំបុក និងពេលយើងលីងអំបុក ហើយនឹងយប់ឡើងមានកម្មវិធីបណ្ដែតគោម នៅតាមដងទន្លេ ហើយបន្ទាប់មកទៀតពាក់កណ្ដាលយប់ គឺ មានប្រារព្ធពិធីអកអំបុក និងសំពះព្រះខែ បា៎ទ»។
លោក ឡុង ឌីម៉ង់ ក៏បានលើកឡើងបន្ថែមថា៖ «យើងរឹតបន្តឹង ការថែរក្សាសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ រួមទាំងបញ្ហាចរាចរ ក៏ជាបញ្ហាដែលយើងគិតគូរដែរបា៎ទ។ ការយាមល្បាត ទីតាំងកម្សាន្តសប្បាយ ក៏ដូចជានៅតាម ទីតាំងមូលដ្ឋាននានា ដូចគ្នាចឹងដែរ»។
សូមជម្រាបដែរថា រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានផ្អាកការរៀបចំពិធីបុណ្យអុំទូករយៈពេល ៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣។ ការផ្អាកបុណ្យអុំទូក កាលពីឆ្នាំ២០១១ ដោយសារតែទឹកធំជន់លិចគ្រប់បណ្តាខេត្ត ខណៈដែលឆ្នាំ២០១២ ប្រទេសកម្ពុជា ទាំងមូលត្រូវកាន់ទុក្ខអតីតព្រះមហាក្សត្រ សម្តេចតា សោយទិវង្គត ហើយឆ្នាំ២០១៣ បុណ្យ អុំទូក នៅភ្នំពេញ ក៏ត្រូវផ្អាកដែរ ដោយសារតែស្ថានភាពនយោបាយ នៅមានភាពវឹកវរ ក្រោយការបោះឆ្នោត។
កាលពីឆ្នាំ២០១៤ កន្លងមកនេះ រាជរដ្ឋាភិបាលក៏បានសម្រេចឲ្យមានពិធីប្រណាំងទូកងឡើងវិញ ប៉ុន្តែនៅឆ្នាំ២០១៥នេះ រាជរដ្ឋាភិបាលបានផ្អាកការ ប្រណាំងទូកនេះម្ដងទៀត ដោយផ្អែកលើគ្រោះរាំងស្ងួត៕