en     km
en     km

​តើ​លោក ​សម​ រ​ង្ស៊ី​ ជា​មេដឹកនាំ​កំសាក​មែន​ទេ​?

Share

151123-dara-analysis-Sam-Raingsy-01_Cover

​ក្រោយ​ពេល​បក្ស​ប្រឆាំង​នៅ​ប្រទេស​ភូមា​ ឈ្នះ​ការ​បោះ​ឆ្នោតជាតិ​ភ្លូកទឹកភ្លូកដី​ ក៏​មានការ​ប្រៀបធៀប​ថា​ បក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​ ក៏​នឹង​ឈ្នះ​ការ​បោះ​ឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​ដូច​ប្រទេស​ភូមា​ដែរ​ ដោយ​សំអាង​ថា​ ប្រជាពលរដ្ឋ​ចង់បាន​ការ​ផ្លាស់​ប្ដូរ​។​

​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ថា​ មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ គឺ​លោក​សម​ រ​ង្ស៊ី​ មិន​មាន​ភាព​អង់អាច​គ្រប់គ្រាន់​ ហ៊ាន​ប្រឈម​នឹង​ការ​ជាប់គុក​ច្រវាក់​ ដូច​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ប្រទេស​ភូមា​នោះ​ទេ​។​

ខណៈ​លោក​សម​ រ​ង្ស៊ី​ កំពុង​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស​ មាន​ដូច​ជា​អូស្ត្រាលី​ ជប៉ុន​ និង​កូរ៉េ​ ជាដើម​នោះ​ នៅ​កម្ពុជា​ឯណេះ​ មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​សម​ រ​ង្ស៊ី​ ដាក់​ពន្ធនាគារ​២​ឆ្នាំ​ ពី​បទ​បរិហា​កេរ្តិ៍​លោក​ ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ ករណី​លោក​ សម​ រ​ង្ស៊ី​ បាន​ថ្លែង​នៅ​សារមន្ទីរ​ជើងឯក​កាលពី​ឆ្នាំ​២០០៨​ ថា​លោក​ ហោ​ ណាំ​ហុង​ ជា​អតីត​មេ​គុក​បឹង​ត្របែក​សម័យ​ខ្មែរក្រហម​។​

​ក្រោយ​ពេល​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​សម​ រ​ង្ស៊ី​ ក៏​មានការ​ដក​អភ័យឯកសិទ្ធិ​ និង​បុព្វសិទ្ធិ​តំណាងរាស្ត្រ​របស់​លោក​ភ្លាមៗ​ដែរ​ ។​ យ៉ាងនោះ​ក្ដី​ក៏​ លោក​សម​ រ​ង្ស៊ី​ បាន​ប្រកាស​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ថា​ លោក​មិន​ខ្លាច​ការ​ចាប់ខ្លួន​នោះ​ទេ​ ហើយ​លោក​នឹង​វិល​មក​កម្ពុជា​វិញ​ នៅ​យប់​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ដោយ​បាន​ទាំង​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ កុំ​មាន​ប្រតិកម្ម​តបត​នឹង​ការ​ចាប់ខ្លួន​នោះ​ឡើយ​។​

នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ រដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​គណៈកម្មការ​ ដើម្បី​ចាប់ខ្លួន​លោក​សម​ រ​ង្ស៊ី​ ដែល​មាន​សុទ្ធតែ​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​នៅ​ក្នុង​គណៈកម្មការ​នោះ​ ហើយ​ក៏​មាន​គណៈកម្មការ​ទប់ស្កាត់​ និង​បង្ក្រាប​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​លោក​សម​ រ​ង្ស៊ី​ផង​ដែរ​។​ ជាង​នេះ​ទៅ​ទៀត​ រដ្ឋាភិបាល​ក៏​បាន​ត្រៀម​កងកម្លាំង​ និង​រថយន្ត​បង្ក្រាប​បាតុកម្ម​ច្រូងច្រាង​ ចាំ​ចាប់ខ្លួន​លោក​សម​ រ​ង្ស៊ី​។​

​បន្តិច​ក្រោយមក​ មាន​ព័ត៌មាន​ផ្សាយ​ថា​ លោក​សម​ រ​ង្ស៊ី​ នឹង​មិន​ចូល​មក​កម្ពុជា​នៅ​យប់​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​នោះ​ទេ​ ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​ ដោយ​លោក​នឹង​ចូល​មក​នៅ​ពេល​ថ្ងៃ​វិញ​។​

​ពីរ​បី​ថ្ងៃក្រោយ​ពេល​លោក​សម​ រ​ង្ស៊ី​ ពន្យារពេល​វិល​ចូល​មក​ប្រទេស​វិញ​ ក៏​មាន​ដីកា​មួយ​បន្ថែម​ទៀត​ ឲ្យ​លោក​សម​ រ​ង្ស៊ី​ ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​៤​ ខែធ្នូ​ ខាង​មុខ​ ករណី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ ផ្សាយ​ព័ត៌មាន​របស់​លោក​ហុង​ សុខ​ហួរ​ ដែល​រដ្ឋាភិបាល​បាន​ចោទ​ថា​ ក្លែង​សន្ធិសញ្ញា​ព្រំដែន​ ដែល​កម្ពុជា​ វៀតណាម​ បាន​ធ្វើ​នៅ​ឆ្នាំ​១៩៧៩​។​

​មក​ដល់​ពេល​នេះ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​មិន​ឱ្យ​ លោក​ សម​ រ​ង្ស៊ី​ វិល​ត្រឡប់​មក​កម្ពុជា​វិញ​ទេ​ លុះណាតែ​មានការ​សម្របសម្រួល​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ស្ថានការណ៍​បាន​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​ ។​

តើ​លោក​សម​ រ​ង្ស៊ី​ ពិតជា​អ្នកនយោបាយ​កំសាក​ ខ្លាច​គុក​ ដូច​ការ​លើក​ឡើង​របស់​មនុស្ស​មួយ​ចំនួន​មែន​ទេ​ បានជា​លោក​គេចវេស​មិន​ហ៊ាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ ខណៈ​រដ្ឋាភិបាល​បាន​ប្រុងប្រៀប​ចាប់ខ្លួន​លោក​នោះ​?

151123-dara-analysis-Sam-Raingsy-_2

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ តាម​ការ​ពិនិត្យ​មើល​របស់​លោក​ នៅ​ថ្ងៃ​ដែល​លោក​សម​ រ​ង្ស៊ី​ គ្រោង​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​ មាន​យុវជន​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រៀមខ្លួន​ទៅ​ទទួល​ ចំណែក​រដ្ឋាភិបាល​ក៏​បាន​ត្រៀមខ្លួន​ជា​ស្រេច​ ដើម្បី​ចាប់ខ្លួន​លោក​សម​ រ​ង្ស៊ី​ ដោយ​មាន​ទាំង​កម្លាំង​បង្ក្រាប​ផង​ដែរ​។​

​លោក​សាស្ត្រាចារ្យ​បន្ត​ថា​ បើ​លោក​សម​ រ​ង្ស៊ី​ ត្រឡប់​មក​វិញ​តាម​ការ​សន្យា​ អាច​នឹង​មានការ​ប៉ះទង្គិច​គ្នា​កើតឡើង​៖​ «​បើសិនជា​លោក​ត្រឡប់​មក​វិញ​ ខ្ញុំ​គិត​ថា​នឹង​មានការ​ប៉ះទង្គិច​គ្នា​ រវាង​អ្នកគាំទ្រ​ជាមួយនឹង​កងកម្លាំង​រដ្ឋាភិបាល​ ឬ​ក៏​អាច​ប៉ះទង្គិច​គ្នា​ជាមួយនឹង​ភាគី​ទី​បី​មួយទៀត​ ដែល​យើង​តែងតែ​ហៅ​ថា​ជា​ក្រុម​បាតដៃ​ទី​៣​ ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​នរណា​មួយ​ ដែល​ចេញ​មុខ​ទទួលស្គាល់​ ហើយ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ក្រុម​បាតដៃ​ទី​៣​ហ្នឹង​ទេ​ ។​ ឧទាហរណ៍​ដូច​ជា​ករណី​ក្រុម​វាយ​តំណាងរាស្ត្រ​ពីរ​រូប​ឲ្យ​រង​របួស​ ហើយ​រហូត​មក​ទាល់​ពេល​នេះ​ យើង​ឃើញ​ថា​ចំណាត់ការ​មិន​ទាន់​មាននៅ​ឡើយ​»​ ។​

​លោក​សាស្ត្រ​ចា​រ្យ​សូ​ ច​ន្ថា​ មាន​ប្រសាសន៍​បន្ថែម​ថា​ ការ​គេចវេស​របស់​លោក​សម​ រ​ង្ស៊ី​ មិន​ចូល​មក​មាតុប្រទេស​វិញ​នោះ​ ម្យ៉ាង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ទន់ខ្សោយ​របស់​មេដឹកនាំ​ ប៉ុន្តែ​ម្យ៉ាងទៀត​ ក៏​អាច​ធ្វើ​ឲ្យ​កម្ពុជា​ឆ្លង​ផុត​អំពើ​ហិង្សា​ ដែល​អាច​នឹង​កើតឡើង​បាន​ដែរ​ «​ការ​ដែល​មិន​ត្រឡប់​មក​វិញ​ស្រប​ពេល​ដែល​មានការ​សន្យា​ហ្នឹង​ គឺជា​ផ្នែក​មួយ​បង្ហាញ​ពី​ភាព​ខ្សោយ​របស់​មេដឹកនាំ​ ក៏​ប៉ុន្តែ​ការ​ដែល​មិន​ត្រឡប់​មក​វិញ​ អាច​បញ្ចៀស​នូវ​បញ្ហា​ហិង្សា​ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច​បន្ថែម​ទៀត​»​។​

​ចំណែក​សាស្ត្រាចារ្យ​វិ​ទ្យ​សាស្ត្រ​នយោបាយ​មួយ​រូប​ទៀត​ គឺ​លោក ​ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ តាម​ការ​សង្កេត​របស់​លោក​ឃើញ​ថា​ ជា​ទូទៅ​ លោក​សម​ រ​ង្ស៊ី​ មិនសូវ​ចូល​ប្រឈម​នឹង​បញ្ហា​ច្បាប់​ ឬ​ក៏​បញ្ហា​គុក​ដូច​លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ទេ​។​

​លោក​សាស្ត្រាចារ្ យ​ឯម​ សុ​វ​ណ្ណា​រ៉ា​ បន្ត​ថា​ ទី​១​ ដោយសារ​លោក​ សម​ រ​ង្ស៊ី​ មិន​ទុកចិត្ត​ប្រព័ន្ធ​គ្រប់គ្រង​ពន្ធនាគារ​នៅ​កម្ពុជា​ ពុំ​មាន​លក្ខណៈ​សម​ស្រប​ដូច​នៅ​ប្រទេស​ដទៃ​ទៀត​ ដែល​អ្នកទោស​នយោបាយ​មិន​ត្រូវ​បាន​រក្សា​ ជា​ហេតុ​នាំ​ឲ្យ​គាត់​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។​ ទី​២​ លោក​សាស្ត្រាចារ្យ​បន្ថែម​ថា​ ការ​គិតពិចារណា​ទៅ​លើ​សុវត្ថិភាព​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ជា​ចំណែក​ដែល​ត្រូវ​ឲ្យ​តម្លៃ​លោក ​សម​ រ​ង្ស៊ី​ផង​ដែរ​។​

«​ប្រសិនបើជា​លោក​ចូល​មក​ក្នុង​ករណី​នៅ​ថ្ងៃ​ទី​១៦​ ហ្នឹង​មែន​ ហើយ​មានការ​បង្ក្រាប​ ការ​ប៉ះទង្គិច​ទៅ​លើ​ការ​ បញ្ហា​សុវត្ថិភាព​អ្នកគាំទ្រ​ និង​អ្នក​បាតុកម្ម​ប្រឆាំង​ យើង​ឃើញ​ថា​ ជា​ការ​ភ័យ​បារម្ភ​ពី​ស្ថេ​រ​ភាព​នយោបាយ​នៅ​កម្ពុជា​កាន់តែ​ខ្លាំង​ ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​មាន​បញ្ហា​កាន់តែ​ គេ​ហៅ​ថា​ មើល​មុខ​គ្នា​មិន​ត្រង់​ រវាង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ និង​អ្នកគាំទ្រ​គណបក្សកាន់អំណាច​ ។​ អានេះ​ជា​ភាព​មួយ​បញ្ចៀស​បាន​ យើង​សូម​គាំទ្រ​កន្លែង​ហ្នឹង​»​។​

​ផ្អែក​តាម​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ទាំង​ពីរ​រូប​ខាងលើ​ ឃើញ​ថា​ ការ​ពន្យារពេល​វិល​មក​មាតុប្រទេស​វិញ​ របស់​លោក​ សម​ រ​ង្ស៊ី​ មួយ​ផ្នែក​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ទន់ខ្សោយ​របស់​មេដឹកនាំ​ តែ​មួយ​ផ្នែក​ទៀត​ ក៏​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ឈ្លាសវៃ​របស់​មេដឹកនាំ​ផង​ដែរ​ ក្នុង​ការ​បញ្ចៀស​អំពើ​ហិង្សា​ ដែល​អាច​កើត​មាន​ ហើយ​នាំ​ឲ្យ​ប្រទេស​ជាតិ​មាន​អ​ស្ថេ​រ​ភាព​៕

Share

ព័ត៌មានទាក់ទង

Image