en     km
en     km

WMCបើកវគ្គបណ្តុះបណ្តាលស្តីពី«អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ»ដល់យុវជនជាង ៣០នាក់

Share

ភ្នំពេញ៖​ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានបើកវគ្គបណ្តុះបណ្តាលស្តីពី«អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ» ហៅកាត់ថា MIL ដល់យុវជនជាង ៣០នាក់ដែលភាគច្រើនជាសិស្សរៀនថ្នាក់វិទ្យាល័យតាមរយៈប្រព័ន្ធ Zoom។

វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តិទៅរយៈពេញមួយថ្ងៃនេះ គ្រូបង្គោលនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាបានចែករំលែកស្តីពីចំណេះដឹងទាក់ទងដំណើរការនិងប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងនោះគ្រូបង្គោលបានបង្ហាញពីរបៀបគិតបែបស៊ីជម្រៅលើព័ត៌មាន និងបានណែនាំឱ្យសិក្ខាកាមចេះគិតពិចារណា និងថ្លឹងថ្លែងឱ្យបានត្រឹមត្រូវថាអ្វីជា«ការពិត»និងអ្វីជា«ទស្សនៈ»ដែលអ្នកសារព័ត៌មានបានសរសេរក្នុងអត្ថបទព័ត៌មាន។

រូបភាពសិក្ខាកាមដែលភាគច្រើនជាសិស្សរៀនថ្នាក់ដែលបានចូលរួមវគ្គបណ្តាលស្តីពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

 

អ្វីជាពិសេសជាងនេះ វគ្គបណ្តុះបណ្តាលបានណែនាំពីរបៀបផ្ទៀងផ្ទាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានបំផ្លើស និងព័ត៌មានខុសជាដើម។ សំខាន់ជាងនេះ គ្រូបង្គោលបានបង្ហាញពីរបៀប ឬ វិធីសាស្រ្តឆ្លើយតបទៅកាន់ព័ត៌មានមិនពិត ដើម្បីអាចការពារខ្លួនបញ្ចៀសនូវហានិភ័យដែលអាចកើតមានជាយថាហេតុ។

នៅចុងកម្មវិធីបណ្តុះបណ្តាល សិក្ខាកាមដែលបានចូលរួមបានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេមានចិត្តសប្បាយរីករាយដែលមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានផ្តល់ឱកាសដល់ពួកគេបានសិក្សាពីមេរៀនដ៏មានអត្ថប្រយោជន៍។ សិក្ខាកាមដែលបានចូលរួមបន្ថែមទៀតថា ពួកគេនឹងយកចំណេះដឹងនេះ ចែករំលែកដល់មិត្តភក្តី បងប្អូន និងប្រជាពលរដ្ឋក្នុងសហគមន៍ ឱ្យយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ ចេះផ្ទៀងផ្ទាត់ព័ត៌មានពិតនិងក្លែងក្លាយ មុនចែករំលែកព័ត៌មានបន្តលើបណ្តាញសង្គម។

សូមបញ្ជាក់ថា អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី“អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ” ទៅកាន់អ្នកចូលរួមប្រមាណ ១០០ នាក់។ ក្នុងនោះអ្នកចូលរួមមានយុវជននិងស្ត្រី ៤០ នាក់ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា(LGBTQ) ៣៥ នាក់ និងជនមានពិការភាព ២៥ នាក់។

វគ្គបណ្តុះបណ្តាលស្តីពី “អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ”នេះដែរ ទទួលបានថវិកាគាំទ្រពីអង្គការ The International Foundation for Electoral Systems(IFES)៕

Share

ព័ត៌មានទាក់ទង

Image