en     km
en     km

យុវជនជិត ៣០ នាក់ទទួលបានវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយពី WMC

Share

ភ្នំពេញ៖ កាលពីថ្ងៃទី១៩ និងទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី«ការឈ្វេងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ»ដល់យុវជនចំនួន ២៧ នាក់មកពីបណ្តាខេត្តក្រុងនានា និងមានអ្នកចូលរួមខ្លះមកពីសាធារណរដ្ឋកូរ៉េផងដែរ។

វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធ Zoom នេះ គ្រូបណ្តុះបណ្តាលនៃអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) បានចែករំលែកចំណេះដឹងទាក់ទងនឹងមូលដ្ឋានគ្រឹះនៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ របៀបគិតបែបស៊ីជម្រៅទៅលើព័ត៌មាន ការពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានពិត និងក្លែងក្លាយជាដើម។ ជាងនេះទៀត វគ្គបណ្តុះបណ្តាលបានផ្តល់នូវមេរៀនគន្លឹះមួយចំនួន ដើម្បីឱ្យអ្នកចូលរួមចេះឆ្លើយតបត្រឡប់វិញពេលជួបប្រទះព័ត៌មានក្លែងក្លាយ ព័ត៌មានបែបញុះញុង់ និងព័ត៌មានខុសដែលកំពុងផ្ទុះឡើងនៅលើបណ្តាញសង្គមសព្វថ្ងៃ។

រូបភាពអ្នកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយដែលរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)តាមប្រព័ន្ធZoom។

 

វគ្គបណ្តុះបណ្តាលដែលផ្តល់ដោយWMCនេះ មានគោលបំណងដើម្បីបង្កើនសមត្ថភាពរបស់អ្នកចូលរួម ឱ្យយល់ដឹងពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងចេះបែងចែករវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត តាមរយៈការកំណត់ប្រភពព័ត៌មានផ្សេងៗគ្នាជាដើម។ ជាងនេះអ្នកចូលរួម នឹងមានចំណេះដឹងអាចប្រើប្រាស់វិធីសាស្រ្ត និងបច្ចេកទេសពិនិត្យភាពជាក់ច្បាស់លើប្រព័ន្ធផ្សព្វផ្សាយសង្គម និងខ្លឹមសារព័ត៌មាន។

ជាការកត់សម្គាល់ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានថ្លែងចាប់អារម្មណ៍នូវចុងកម្មវិធីថា ពួកគេមានចិត្តសប្បាយរីករាយ ដែលបានចូលសិក្សាពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនេះ ពិសេសបានយល់ដឹងពីរបៀបផ្ទៀងផ្ទាត់ព័ត៌មានមួយពិតឬក្លាយក្លែង មុនសម្រេចចិត្តចែករំលែកលើបណ្តាញសង្គម។ ជាងនេះទៅទៀត យុវជនខ្លះយល់ថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់ ព្រោះវាជាទុនមួយសម្រាប់ការបន្តការសិក្សានៅមហាវិទ្យាល័យផ្នែកប្រព័ន្ធផ្សព្វផ្សាយ។

ដោយឡែកអ្នកចូលរួមខ្លះទៀតសន្យាថា នឹងយកចំណេះដឹងនេះ ចែករំលែកទៅកាន់សមាជិកគ្រួសារ មិត្តភក្តី និងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ ដើម្បីឱ្យអ្នកទាំងនោះចេះបែកចែងព័ត៌មានពិតនិងក្លែងក្លាយ ព្រោះពីមុនពួកគេចេះតែចែករំលែកផ្តេសផ្តាសធ្វើឱ្យព័ត៌មានក្លែងក្លាយរីកសាយផាយលើបណ្តាញសង្គម។

សូមបញ្ជាក់ថា អង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)បាននឹងកំពុងបន្តរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី“អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ” ទៅកាន់អ្នកចូលរួមប្រមាណ ១០០ នាក់។ ក្នុងនោះអ្នកចូលរួមមានយុវជននិងស្ត្រី ៤០ នាក់ ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា(LGBTQ) ៣៥ នាក់ និងជនមានពិការភាព ២៥ នាក់។

វគ្គបណ្តុះបណ្តាលស្តីពី “អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ”នេះដែរ ទទួលបានថវិកាគាំទ្រពីអង្គការ The International Foundation for Electoral Systems៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង