ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកពេលសវនាការសំណុំរឿងមន្រ្តីអតីតគណបក្ស សង្គ្រោះជាតិចំនួនបីរូបនៅព្រឹកថ្ងៃទី១៥ខែ កុម្ភៈ ឆ្នាំ២០២២នេះ ព្រោះសំណុំរឿងរបស់ពួកគេទាំងបីរូបស្ថិតក្នុងសំណុំរឿងតែមួយជាមួយសំណុំរឿងកញ្ញា សេង ធារី ដែលត្រូវបានលើកពេលដូចគ្នានៅថ្ងៃនេះ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
សវនាការសំណុំរឿងអតីតមន្រ្តីគណបក្សសង្គ្រោះជាតិចំនួនបីរូបរួមមានលោក កាក់ កុម្ភារ លោក ហេង ចាន់សុធី និងលោក ទឹម ប៊ុនថន ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយ ព្រោះសំណុំរឿងនេះត្រូវសួរដេញដោលនិងពិនិត្យលើភស្តុតាងជាមួយសំណុំរឿងកញ្ញា សេង ធារី។
ទាក់ទងសវនាការកញ្ញា សេង ធារី នេះ តុលាការបានលើកពេលទៅសប្តាហ៍ក្រោយ ព្រោះមេធាវីការពារក្តីរបស់កញ្ញា សេង ធារី បានប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ ។ នេះជាការបញ្ជាក់របស់អ្នកស្រី ព្រំ ចាន់ថា ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីបន្ទាប់សវនាការនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
អ្នកស្រី ព្រំ ចាន់ថា ភរិយាលោក កាក់ កុម្ភារ និយាយថា ការលើកពេលសវនាការរបស់ប្តីអ្នកស្រីធ្វើឱ្យអ្នកខកបំណងយ៉ាងខ្លាំងសម្រាប់ការទន្ទឹងរង់ចាំយុត្តិធម៌។ អ្នកស្រីចង់ឱ្យតុលាការរំលែកសំណុំរឿងនេះឱ្យនៅដាច់ដោយឡែកពីគ្នា ព្រោះបើសវនាការកញ្ញា សេង ធារី ត្រូវលើកពេលដូច្នេះសវនាការសំណុំរឿងប្តីអ្នកស្រីក៏ត្រូវលើកពេលដូចគ្នា។ អ្នកស្រីចង់ឱ្យតុលាការពន្លឿនដំណើរកាត់ក្តីប្តីអ្នកស្រីឱ្យបានឆាប់រហ័ស ព្រោះប្តីអ្នកស្រីជាប់ក្នុងពន្ធនាគាររយៈពេលជាង ២០ ខែទៅហើយដោយមិនទាន់មានសេចក្តីសម្រេចណាមួយជាដុំកំភួន ខណៈអ្នកស្រីយល់ថាការឃុំខ្លួនប្តីអ្នកស្រីធ្វើឡើងទាំងអយុត្តិធម៌ ហើយការអូសបន្លាយពេលក៏ចេញតែបន្ត។
អ្នកស្រី ព្រំ ចាន់ថា៖«សម្រាប់ខ្ញុំ ខ្ញុំចង់ឱ្យគាត់ចែកជាពីរទៅ បើដាក់សំណុំរឿងមួយហ្នឹងចូលគ្នាទាំងអស់ បើគាត់[កញ្ញា សេង ធារី]អត់មក បន្តលើកសវនាការរហូត ចឹង ប្តីរបស់ពួកខ្ញុំជាប់គុកចឹងរហូតហើយឬយ៉ាងម៉េច។ ខ្ញុំចង់ដឹងថា គ្រួសាររបស់ខ្ញុំអត់មានកំហុសផងហើយយកមកឃុំទុករយៈជាង ២ឆ្នាំហើយ តើវាខុសអីត្រង់ណា។ចឹងខ្ញុំចង់ដឹងថា តើតុលាការឯករាជ្យ សុក្រឹត្យ និងវិជ្ជជាជីវៈរបស់គាត់បានរៀនមកជួយប្រជាពលរដ្ឋហ្នឹងតើវាសុក្រឹត្យ ឯករាជ្យអត់ ខ្ញុំចង់ដឹងថាកាត់ជាប់ប៉ុន្មាន?ឬក៏ទម្លាក់ការចោទ ឬកាត់តម្រឹមទោស ដោះលែងនៅក្រៅឃុំឱ្យពួកគាត់មានរកស៊ីចិញ្ចឹមប្រពន្ធកូននិងធ្វើនយោបាយតទៅមុខទៀត»។
បើតាមអ្នកស្រី ព្រំ ចាន់ថា មេធាវីការពារក្តីជូនប្តីអ្នកស្រីគឺលោក សំ សុគង់ បានជំទាស់នឹងការលើកពេលសវនាការនេះ ដោយលើកឡើងថា ការបន្តលើកពេលនិងពន្យារពេលសវនាការធ្វើឱ្យប៉ះពាល់ដល់សំណុំរឿងនិងធ្វើឱ្យខាតប្រយោជន៍កូនក្តី ខណៈពួកគេសុទ្ធតែត្រូវជាប់ឃុំអស់រយៈពេលជាច្រើនខែក្នុងពន្ធនាគារ។ ការជំទាស់របស់មេធាវី ត្រូវបានអង្គសវនាការថយទៅពិចារណាជាច្រើននាទី តែសម្រេចសម្រួលទៅអង្គអយ្យការសម្រេចលើកពេលត្រឹមមួយសប្តាហ៍ គឺត្រូវបើកសវនការវិញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
ដោយឡែកលោក កាក់ កុម្ភារ បានលើកឡើងក្នុងបន្ទាប់សវនាការថា ការបន្តឃុំខ្លួននិងលើកពេលសវនាការលើរូបលោកនិងសកម្មជនអតីតបក្សប្រឆាំងផ្សេងទៀត ជារឿងអយុត្តិធម៌បំផុត ព្រោះគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយជាយូរណាស់មកហើយ ហើយការឃុំខ្លួនរូបលោកក៏ចេះតែបន្តតាមទំនើងចិត្ត។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកស្រី ព្រំ ចាន់ថា។
ទាក់ទងរឿងនេះលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបង្វែរសំនួរនៃការលើកពេលនេះ ទៅសួរមេធាវីការពារក្តីអតីតមន្រ្តីគណបក្សសង្គ្រោះជាតិនិងមេធាវីការពារក្តីកញ្ញា សេង ធារី ជំនួសវិញ។ដោយឡែកការស្នើចង់ឱ្យផ្តាច់សំណុំរឿងអតីតគណបក្សសង្គ្រោះជាតិចំនួនបីឱ្យនៅដាច់ដោយឡែកពីសំណុំរឿងកញ្ញា សេង ធារី អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញសុំមិនឆ្លើយតបយ៉ាងណានោះទេ។
ក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ របស់មន្រ្តីអតីតគណបក្សសង្គ្រោះជាតិចំនួនបីរូបខាងគឺស្ថិតនៅជាមួយសំណុំរឿងជាមួយកញ្ញា សេង ធារី ផងដែរទាក់ទងការរៀបចំផែនការទៅទទួលដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី។
កញ្ញា សេង ធារី ជាអ្នកតស៊ូមតិផ្នែកច្បាប់ និងនយោបាយបានធ្វើការអត្ថាធិប្បាយលើទំព័រហ្វេសប៊ុករបស់កញ្ញាកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសម្តែងការសោកស្តាយដែលកញ្ញាខកខានមិនបានចូលរួមសវនាការនៅថ្ងៃនេះ ដោយសារមេធាវីរបស់កញ្ញាគឺលោក ជូង ជូងី មានទំនាក់ទំនងជាមួយកូនក្តីកើតជំងឺកូវីដ-១៩។ កញ្ញា សេង ធារី ឱ្យដឹងថា កញ្ញានិងមេធាវីបានត្រៀមភស្តុតាងយ៉ាងរឹងមាំដើម្បីត្រៀមតតាំងក្តីនៅថ្ងៃស្អែក។ យ៉ាងណាកញ្ញា ក៏ទទួលស្គាល់ពីផលលំបាកដែលតុលាការត្រូវលើកពេលព្រោះបញ្ហាការរាតត្បាតនៃជំងឺកូវីដ១៩នេះ។
កញ្ញា សេង ធារី៖«ចង់ចូលមែនទែនសវនាការនៅថ្ងៃស្អែក បានត្រៀមសម្រាប់ចូលនៅថ្ងៃស្អែក តែឥឡូវសភាពការណ៍វាចឹងហើយ តែខ្ញុំអត់អាចចូលរួមបានព្រោះគាត់[លោក ជូង ជូងី]អត់អាចចូលរួមបាន ខ្ញុំអត់ដឹងថាច្បាប់បានចែងបែបណាដែល ហើយបើខ្ញុំចូលរួមការអះអាងរបស់ខ្ញុំវាស្ទើរស្ទាក់មិនមែនមានន័យថាខ្ញុំអត់អាចធ្វើបានទេ ប៉ុន្តែយើងបានរៀបចំឱ្យមានសំឡេងលោក ជូង ជូងី ក្នុងការអះអាងរបស់យើងឱ្យមាំ។»។
គួរបញ្ជាក់ថាលោក កាក់ កុម្ភារ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារព្រៃស កាលពីចុងខែមិថុនា ឆ្នាំ២០២០ ក្រោមការចោទពីបទ«ប្រមាថនិងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ»។ ចំណែកអ្នកផ្សេងទៀតក៏រងបទចោទប្រហាក់ប្រហែលគ្នានេះដែល ខណៈពួកគេស្ថិតក្នុងសំណុំរឿងជាប់ពាក់ព័ន្ធនឹងការរៀបចំទទួលដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០១៩៕