ភ្នំពេញ៖ មានគណបក្សនយោបាយចំនួន ៤ បានសម្រេចចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោត និងសង្កេតការណ៍បោះឆ្នោត ឃុំសង្កាត់អាណត្តិទី ៥ ។ មន្រ្តី គ ជ ប ដាក់ការរំពឹងទុកថា គណបក្សផ្សេងទៀតនឹងឆាប់មកចុះឈ្មោះចូលរួមប្រកួតប្រជែងទាន់ពេលវេលា ដែលការចូលរួមនេះ ឆ្លុះបញ្ចាំងពីបរិយាកាសប្រកួតប្រជែងប្រកបដោយប្រជាធិបតេយ្យ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ មានយ៉ាងយោចណាស់គណបក្សនយោបាយចំនួន ៤ ហើយបានចុះឈ្មោះមកកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ ជ ប)ស្តីពី ការផ្ទេរសិទ្ធិរបស់ប្រធានគណបក្សជូនដល់គណៈកម្មាធិការប្រតិបត្តិរាជធានី ខេត្ត ក្នុងការចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោត និងពាក្យសុំចុះឈ្មោះភ្នាក់ងារបក្សសង្កេតការណ៍បោះឆ្នោតឃុំ សង្កាត់អាណតិ្តទី ៥នេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបង្ហោះលើគេហទំព័ររបស់ គ ជ ប កាលពីថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២២។
បើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប បញ្ជាក់ថា បើទោះបីជាគណបក្សនយោបាយបានចុះឈ្មោះគណបក្សជាផ្លូវការនៅក្រសួងមហាផ្ទៃក៏ដោយ ក៏គណបក្សនីមួយៗដែលចង់ចូលរួមការបោះឆ្នោតឃុំសង្កាត់ ឬថ្នាក់ជាតិ ត្រូវសុំចុះឈ្មោះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត ឬភ្នាក់ងារសង្កេតការណ៍បោះឆ្នោតមកកាន់ គ ជ ប ម្តងទៀត។ លោក ហង្ស ពុទ្ធា បន្ថែមថា គ ជ ប បានផ្ទេរសិទ្ធិទៅដល់គណៈកម្មការរាជធានីខេត្ត ក្រុង ស្រុកខ័ណ្ឌ អាចចុះហត្ថលេខាទទួលស្គាល់បេក្ខជនគណបក្សនីមួយៗតាមឃុំសង្កាត់រៀងៗខ្លួនបាន។
អ្នកនាំពាក្យ គ ជ ប រូបនេះ មានសុទិដ្ឋនិយមថា គណបក្សនយោបាយដែលបានចុះឈ្មោះនៅក្រសួងមហាផ្ទៃនឹងចូលរួមចុះឈ្មោះប្រកួតប្រជែងការបោះឆ្នោតឃុំសង្គាត់នាពេលខាងមុខបានច្រើន។លោក ហង្ស ពុទ្ធា និយាយថា ការចូលរួមប្រកួតប្រជែងរបស់គណបក្សនយោបាយកាន់តែច្រើនបានឆ្លុះបញ្ចាំងពីបរិយាកាសនយោបាយល្អប្រកបដោយប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញ។
លោក ហង្ស ពុទ្ធា ៖«ទីមួយយើងឆ្លុះបញ្ចាំងពីលទ្ធិប្រជាធិបតេយ្យ ទីពីរយើងឆ្លុះបញ្ចាំងទៅលើការអនុវត្តរដ្ឋធម្មនុញ្ញដែលប្រទេសនីមួយៗសុទ្ធតែមាន ចឹងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសគឺផ្អែកទៅលើលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ចឹងគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន៤៥ បង្ហាញពីពហុបក្សហើយ ហើយការប្រកួតប្រជែងដើម្បីដណ្តើមអាសនៈសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសបើលើសពីគណបក្សមួយនោះក៏បង្ហាញពីពហុបក្សដែរ។ »។
បើតាមសេចក្តីជូនដំណឹងរបស់ គ ជ ប គណបក្សនយោបាយចំនួន ៤ ដែលបានផ្ទេរសិទ្ធិរបស់ខ្លួនជូនតំណាងដើម្បីចុះឈ្មោះបេក្ខជនបោះឆ្នោត និងចុះឈ្មោះភ្នាក់ងារសង្កេតការណ៍បោះឆ្នោតឃុំសង្កេតនោះរួមមាន គណបក្សខ្មែរតែមួយ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សខ្មែរស្រលាញ់ជាតិ។
ដោយឡែកអ្នកនាំពាក្យគណបក្សកែទម្រង់កម្ពុជាលោក នី សោភ័ណ្ឌ ប្រាប់វិទ្យុស្រ្តីថា សប្តាហ៍នេះបក្សនឹងចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោតនិងភ្នាក់ងារសង្កេតការណ៍ផងដែរ។លោកមានជំនឿថា គណបក្សកែទម្រង់កម្ពុជានឹងទទួលបានសំឡេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋច្រើនក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ។
លោក នី សោភ័ណ្ឌ៖«និយាយទៅគណបក្សកែទម្រង់កម្ពុជា យើងមានក្តីរំពឹងទុកទទួលបានអសនៈឃុំ គឺខេត្តដែលយើងសង្ឃឹមគឺខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តសៀមរាប ។ហើយឃុំដែលយើងមិនទាន់បង្ហើបនោះទេ តែយើងមានការជឿជាក់ថាយើងអាចទទួលបានអសនៈជាក្រុមប្រឹក្សាឃុំ ឬមួយក៏ជំទប់ ឬក៏ជាមេឃុំ»។
ចំពោះគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញលោក ឡឹក សុធារ ជាអ្នកនាំពាក្យបញ្ជាក់ថា គណបក្សខ្លួនកំពុងរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោតនៅតាមបណ្តាខេត្តក្រុងចំនួន ១០ ស្មើប្រមាណ ៣០ ឃុំសង្កាត់នៅទូទាំងប្រទេស។ លោកបញ្ជាក់ថា គណបក្សលោកនឹងទៅចុះឈ្មោះបេក្ខជនឈរឈ្មោះនិងភ្នាក់ងារសង្កេតការណ៍នៅតាមគណកម្មការ ឃុំ សង្កេត រៀបចំការបោះឆ្នោតនាពេលខាងមុខនេះ ដោយមានការរំពឹងទុកថា គណបក្សនឹងអាចប្រមូលបានសំឡេងឆ្នោតគាំទ្រពីប្រជាពលតាមមូលដ្ឋានបានច្រើននៅឆ្នាំនេះ។
លោក ឡឹក សុធារ៖«យើងជឿថាក្នុងអាណត្តិនេះ យើងនឹងទទួលបានសំឡេងគាំទ្រថាយើងទទួលបានសំឡេងគាំទ្រឬចំនួនអសនៈច្រើនជាងអាណត្តិមុន ទាំងចំនួនឃុំសង្កាត់ដែលយើងឈរ ទាំងចំនួនឃុំសង្កាត់ដែលនឹងអាចទទួលបានអសនៈយើងអាចថាទទួលបានច្រើនជាងនេះដែលយើងមានសុទិដ្ឋនិយមលើរឿងនេះ»។
តាមការឱ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសពីប្រតីទិនរបស់ខ្លួនគឺពីថ្ងៃទី៤ដល់ថ្ងៃទី៦មីនាឆ្នាំ២០២២ ជាថ្ងៃទទួលយកការស្នើសុំចុះបញ្ជីបេក្ខជនគណបក្សនយោបាយ។ ហើយរហូតមកទល់ពេលនេះមានគណបក្សនយោបាយចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃចំនួន៤៥។ដោយឡែកប្រជាជនដែលបានចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២១មានរហូតដល់ទៅ ៩លាន២ សែននាក់៕