en     km
en     km

ជំនួបនាយករដ្ឋមន្ត្រីកម្ពុជានិងប្រធានាធិបតីកូរ៉េខាងត្បូងផ្តោតសំខាន់លើការបង្កើនពាណិជ្ជកម្មទ្វេភាគី

Share

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជានិងប្រធានាធិបតីសាធារណរដ្ឋកូរ៉េនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២នេះ បានពិភាក្សាផ្តោតសំខាន់លើការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងដែលអាចធ្វើឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកតែលើប្រទេសចិន។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនៅថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២២នេះ បានជួបពិភាក្សាការងារមួយចំនួនទាក់ទងការបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និង កិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ពិសេសក៏បានជជែកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផងដែរ។

នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យ៉ូនហាប់ របស់ប្រទេសកូរ៉េខាងត្បូងចូហផ្សាយនៅថ្ងៃសុក្រនេះ។ ជំនួបរវាងនាយករដ្ឋមន្រ្តីប្រទេសទាំងពីរនេះ កើតឡើងក្នុងឱកាសដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានទៅចូលរួមពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ  ” ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ” នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ក្នុងជំនួបនោះលោក ម៉ូន ជេអ៊ីន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េបានលើកឡើងចំពោះមុខនាយករដ្ឋមន្រ្តីកម្ពុជាពីវឌ្ឍនភាពនិងការអភិវឌ្ឍន្នរបស់កម្ពុជាយ៉ាងឆាប់រហ័ស ពិសេសគឺភាពស្វាហាប់នៃវិស័យផ្សេងៗដែលប្រទេសទាំងពីរបានសហការគ្នានាពេលកន្លងទៅ។

ប្រធានាធិបតីកូរ៉េខាងត្បូងក៏បន្តលើកឡើងថា ប្រទេសកម្ពុជាជាដៃគូយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ហើយតាមរយៈដៃគូយុទ្ធសាស្រ្តនេះហើយដែលអាចឱ្យកម្ពុជាមានលទ្ធភាពកាត់បន្ថយការពឹងផ្អែកខ្លួនតែលើប្រទេសចិនជ្រុលពេក។

លោក​ ម៉ូន បាននិយាយថា កិច្ចព្រមព្រៀងណាណិជ្ជកម្មសេរីរវាងកម្ពុជានិងកូរ៉េដែលចុះហត្ថលេខាកាលពីខែតុលាឆ្នាំមុនមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កូរ៉េខាងត្បូង ព្រោះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់កូរ៉េជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍តាមដងទន្លេមេគង្គ។

បើតាម យ៉ូនហាប់ លោក ម៉ូន ជេអ៊ីន បានអបអរសាទរដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះអាស៊ាន ហើយថាសាធារណរដ្ឋកូរ៉េនឹងគាំទ្រយ៉ាងពេញទំហឹងនូវតួនាទីរបស់កម្ពុជានៅអាស៊ាន។

ឆ្លើយតបទៅកាន់នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង សម្តេច ហ៊ុន សែន បានស្នើដល់ភាគីកូរ៉េផ្តល់សច្ចាប័នលើកតិកាសញ្ញាពាណិជ្ជកម្មសេរីនេះ និងស្នើឱ្យកូរ៉េជួយគាំទ្រដល់ឧស្សាហកម្មរបស់កម្ពុជាផងដែរ។ សម្តេច ហ៊ុន សែន លើកឡើងថា កម្ពុជាបានរៀបចំដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីការវិនិយោគ ហើយថាច្បាប់នេះនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកវិនិយោគិនកូរ៉េខាងត្បូងយ៉ាងច្រើន។

ក្រៅពីជួបជាមួយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង សម្តេច ហ៊ុន សែន ក៏បានជួបជាមួយពិភាក្សាការងារជាមួយអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន (Ban Ki-moon)ផងដែរនៅថ្ងៃនេះ។

ជំនួបរវាងលោក បាន គីមូន និងសម្តេច ហ៊ុន សែន នៅកូរ៉េខាងត្បូង។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។

 

នៅក្នុងកិច្ចពិភាក្សាលក្ខណៈទ្វេភាគីនោះ  លោក បាន គីមូន បានលើកឡើងពី ដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាម៉ាដើម្បីស្វែងរកដំណោះស្រាយ បញ្ចប់ជម្លោះនៅប្រទេសមីយ៉ាន់ម៉ា។   លោកបាន បានគាំទ្រចំពោះការបង្កើតឲ្យមានប្រេសិតពិសេសរបស់ប្រធានអាស៊ានក្នុងការរកដំណោះស្រាយនៅមីយ៉ាន់ម៉ានោះ។

ជាការកត់សម្គាល់ដោយឡែក ចំពោះវិបត្តិនៅឧបទ្វីបកូរ៉េ សម្តេច ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដោយសម្តេចលើកឡើងថា  វត្តមានរបស់អ្នកជំនាញនិងថ្នាក់ដឹកនាំ ពិតជាមានសារៈសំខាន់ណាស់ក្នុងបុព្វហេតុនៃការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។

សម្តេច ហ៊ុន សែន លើកឡើងថា ជម្លោះបងប្អូនកូរ៉េទាំងពីនេះជាបញ្ហាដ៏ស្មុគស្មាញទាមទារឱ្យមានការដាក់ចេញនូវទស្សនៈវិស័យ គំនិតនានា ដើម្បីឈានទៅបញ្ចប់ជម្លោះនេះ។ ពិសេសប្រទេសកូរ៉េទាំងពីត្រូវពន្លឿនកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់ដើម្បីធានាពីសន្តិសុខក្នុងតំបន់។

សូមជម្រាបជូនថា នាយករដ្ឋមន្រ្តីកម្ពុជាបានទៅបំពេញទស្សនកិច្ចនៅក្នុងសាធារណរដ្ឋកូរ៉េ និងចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២  ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២២៕

 

Share

ព័ត៌មានទាក់ទង

Image