en     km
en     km

របាយការណ៍៖ករណីប្តឹងផ្តល់ក្នុងវិវាទដីធ្លីកើតចេញពីចេតនាចង់បំបាក់ស្មារតីពលរដ្ឋម្ចាស់ដី

Share

ភ្នំពេញ៖ របាយការណ៍អង្គការអាដហុករកឃើញថា ករណីប្តឹងផ្តល់មកលើពលរដ្ឋក្នុងរឿងវិវាទដីធ្លី គឺកើតចេញពីបំណងចង់បំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដី កុំឱ្យពួកគេហ៊ានប្រើសិទ្ធិក្នុងការទាមទារស្វែងរកយុត្តិធម៌។ តែយ៉ាងណាមន្រ្តីរដ្ឋាភិបាលចាត់ទុករបាយការណ៍នេះ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពអង្គហេតុនិងអង្គច្បាប់ក្នុងករណីវិវាទនីមួយៗនោះទេ ហើយរបាយការណ៍នេះមានចេតនាការពារបុគ្គលដែលចង់គេងចំណេញពីការតវ៉ារបស់ពលរដ្ឋតែប៉ុណ្ណោះ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

របាយការណ៍ស្តីពីស្ថានភាពវិវាទដីធ្លីឆ្នាំ ២០២១ របស់​សមាគមការពារ​សិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)​ បង្ហោះលើគេហទំព័រនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញពីចំនួននៃករណីវិវាទដីធ្លីនៅទូទាំងប្រទេសកម្ពុជា ដែលនៅមានសន្ទុះប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ពិសេសការកត់សម្គាល់នូវការលូកដៃយ៉ាងជ្រៅពីប្រព័ន្ធតុលាការធ្វើឱ្យករណីការចាប់ខ្លួន ការចោទប្រកាន់ និងឃុំខ្លួនលើពលរដ្ឋហាក់មិនមានភាពថមថយ។

របាយការណ៍ក្រោមចំណងជើងថា « ការបន្តចោទប្រកាន់-ការចាប់ឃុំខ្លួនពលរដ្ឋ ក្នុងរឿងវិវាទដីធ្លី »បានបង្ហាញពីវិវាទដីធ្លីដែលរកឃើញចំនួន ១៦៩ករណី មានផ្ទៃដីសរុបជាង ៥ម៉ឺនហិកតា ប៉ះពាល់ជនរងគ្រោះចំនួនជាង ១ម៉ឺន៧ពាន់គ្រួសារ សរុបមានមនុស្សជាង ៦ម៉ឺននាក់។ ក្នុងនោះដែរក៏មានករណីវិវាទដីធ្លីលើជនជាតិដើមភាគតិចចំនួន១ ៣៤៧គ្រួសារ។​ ករណីវិវាទដីធ្លីខាងលើមានជាប់ពាក់ព័ន្ធទៅនឹងបុគ្គលមានអំណាច ៦៦ករណី និងបុគ្គលអ្នកមានទ្រព្យចំនួន ២៧ករណី។

អង្គការអាដហុកឱ្យដឹងទៀតថា ក្នុងចំណោមករណីវិវាទដីធ្លីទាំង១៦៩ករណីនេះ មានការចាប់ខ្លួន ការចោទប្រកាន់-ការឃុំខ្លួន មាន ៣៥ករណី។ ក្នុងនោះមានជនរងគ្រោះចំនួន ១៥៧នាក់ កំពុងជាប់បណ្តឹងអាជ្ញា ពោលគឺស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ ចំណែក ៦ករណីទៀត មានជនរងគ្រោះ ១៧នាក់កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ន  ហើយមានម្នាក់ធ្លាក់ខ្លួនមានជម្ងឺធ្ងន់ធ្ងរ រហូតស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។

របាយការណ៍នេះ ក៏បានបង្ហាញអំពីករណីប្រជាសហគមន៍វិវាទដីធ្លីបានជាប់បណ្តឹងអាជ្ញា និងដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដែលមានច្រើននៅខេត្តត្បូងឃ្មុំមាន ៤៤នាក់  ខេត្តឧត្តរមានជ័យ មាន ២៨នាក់ ខេត្តកណ្តាល ២១នាក់  ខេត្តក្រចេះ ១៨នាក់ និងខេត្តកំពង់ស្ពឺ ១៥នាក់។

ប្រជាពលរដ្ឋព្រមានយន្តហោះថ្មីកំពុងព្យាយាមចូលទៅមើលដីតែត្រូវសមត្ថកិច្ចរារាំង។

 

«របាយការណ៍ស្តីពីស្ថានភាពវិវាទដីធ្លីឆ្នាំ ២០២១»កត់សម្គាល់ឃើញថា កត្តាចម្បងដែលនាំឲ្យមានការចាប់ខ្លួន-ចោទប្រកាន់-ឃុំខ្លួន ប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី គឺបំណងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋម្ចាស់ដី ព្យាយាមឱ្យពលរដ្ឋលែងហ៊ានប្រើសិទ្ធិក្នុងការទាមទារតវ៉ាស្វែងរកយុត្តិធម៌។

បន្ថែមលើចំណុចនេះលោក ស៊ឹង សែនករុណា អ្នកនាំពាក្យអង្គការអាដហុកប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២នេះថា កន្លងមក​​ប្រជាពលរដ្ឋដែលមានវិវាទដីធ្លី ហាក់បាក់ស្មារតី ខ្លបខ្លាច លែងហ៊ានអនុវត្តសិទ្ធិរបស់ខ្លួនស្វែងរកយុត្តិធម៌ ដោយសារតែពួកគេត្រូវអាជ្ញាធរសមត្ថកិច្ចគម្រាមកំហែងហើយរងការចោទប្រកាន់តាមផ្លូវតុលាការ។ មន្រ្តីសិទ្ធិមនុស្សរូបនេះ សង្កេតឃើញទៀតថា​ ករណីប្តឹងផ្តល់ភាគច្រើន​តុលាការឆាប់ចាត់ការតែលើបណ្តឹងរបស់អ្នកមានទ្រព្យសម្បតិ្តនិងអ្នកមានអំណាចតែប៉ុណ្ណោះ ដោយឡែកបណ្តឹងរបស់ពលរដ្ឋវិញ​ត្រូវបានទុកចោល ហើយករណីខ្លះពលរដ្ឋទន់ខ្សោយក្លាយជាជនជាប់ចោទទៅវិញ ខណៈដីធ្លីរបស់ពួកគេក៏ត្រូវបានគេរំលោភយក។

លោក ស៊ឹង សែនករុណា ៖«ការគម្រាមកំហែងការប្រើហិង្សាលើប្រជាពលរដ្ឋជាដើមហ្នឹង យើងឃើញហើយ គឺបានធ្វើឱ្យពួកគាត់មានការភ័យខ្លាចបាក់ស្មារតី គឺអត់ហ៊ានអនុវត្តការប្រើប្រាស់សិទ្ធិសេរីសមស្របតាមច្បាប់ក្នុងការទាមទារតទៅទៀតទេ។អ្នកខ្លះគាត់បោះបង់ចោល ចឹងវាជាឱកាសឱ្យអ្នកមានឥទ្ធិពល មានអំណាចអាចបន្តការរំលោភបំពានតទៅទៀតទៅ»។

ជុំវិញរឿងនេះអ្នកស្រី ឃឹម ម៉ាលី ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុន OCIC និយាយថា សព្វថ្ងៃអ្នកស្ថិតក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចបន្ទាប់អ្នកស្រីបានចេញតវ៉ាទាមទារសិទ្ធិនិងសំណងសមរម្យពីក្រុមហ៊ុន។ អ្នកស្រីរៀបរាប់ថា ប្រជាពលរដ្ឋរងគ្រោះត្រូវរងការគម្រាមកំហែងពីអាជ្ញាធរសមត្ថកិច្ចគ្រប់បែបយ៉ាង ហើយប្រជាពលរដ្ឋមួយចំនួនខ្លាចលែងហ៊ានប្រឈមមុខក៏សម្រេចចិត្តទទួលយកសំណងទាំងបង្ខំចិត្ត។

អ្នកស្រី ឃឹម ម៉ាលី៖«មិនខ្លាចម៉េច ម្សិលមិញគេដាក់កងកម្លាំងគេមកប្រហែលមួយពាន់នាក់ ហើយអ្នកភូមិខ្ញុំមិនហ៊ានអ្នកណាហ៊ានជាមួយគេទេ សុំបីតែថតក៏គេមានកងអន្រាគមន៍ដកហូតទូរស័ព្ទគម្រាមប្រជាពលរដ្ឋដែរ។ចឹងតាំងពីមានរឿងផ្ទុះមានរឿងកើតឡើងមកគាត់ខ្លាចបាក់ញ៉បហ្មង»។

ទាក់ទងក្នុងរឿងនេះវិទ្យុស្រ្តីពុំទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ទាំងពីររូបបានទេនៅព្រឹកនេះ។

តែលោក កត្តា អ៊​ន ​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជាចាត់ទុករបាយការណ៍របស់អង្គការអាដហុកនេះថា មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពពិត គ្មានមូលដ្ឋានភស្តុតាងត្រឹមត្រូវ មិនបានពិនិត្យមើលអង្គហេតុ អង្គច្បាប់នៃករណីវិវាទនីមួយៗ ហើយរបាយការណ៍នេះបង្គប់នូវចេតនាលាបពណ៌ឱ្យសាធារណជនយល់ខុសរដ្ឋាភិបាលអាក្រក់តែប៉ុណ្ណោះ។ លោកបន្ថែមថា ការអនុវត្តសិទ្ធិរបស់ពលរដ្ឋគឺត្រូវមានព្រំដែនកំណត់ហើយពលរដ្ឋមានសិទ្ធិពេញលេញក្នុងការស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ ជៀសវាងការប្រើហិង្សាដែលនាំឱ្យមានទោសទណ្ឌដល់ខ្លួន។

លោក កត្តា អ៊​ន៖«វាជាគំនិតមួយជាចេតនាមួយធ្វើឱ្យរដ្ឋាភិបាលអាក្រក់ ចឹងការធ្វើបែបនេះជាការខុសឆ្គងមែនទែនរបស់អង្គការសង្គមស៊ីវិល។ទីពីរគេឃើញថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងព្រំដែនច្បាប់ បើបងប្អូនប្រើខុសគន្លងច្បាប់ប្រើប្រាស់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិបុគ្គល ទ្រព្យសម្បត្តិសាធារណអាហ្នឹងគឺជាការខុសច្បាប់ហើយ អាជ្ញាធរត្រូវអនុវត្តច្បាប់ ដូច្នេះវាជាក្រមខណ្ឌមួយដែលយើងទាំងអស់គ្នាមិនថាអង្គការសង្គមស៊ីវិល មិនថាប្រជាពលរដ្ឋ មិនថាភ្នាក់ងាររដ្ឋាភិបាលយើងត្រូវតែអនុវត្តច្បាប់ ដើម្បីសង្គមកម្ពុជាយើងក្លាយជាប្រទេសនីតិរដ្ឋត្រឹមត្រូវ »។

​នៅចុងបញ្ចប់នៃរបាយការណ៍នេះ អង្គការអាដហុក បានបង្ហាញពីបំណងរបស់ខ្លួន គឺដើម្បីលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋ  ហើយស្នើដល់រាជរដ្ឋាភិបាល តុលាការគ្រប់ជាន់ថ្នាក់ ដោយបង្អង់បណ្តឹងអាជ្ញាទាក់ទងរាល់ករណី ការចាប់ខ្លួន ចោទប្រកាន់  ឃុំខ្លួនពលរដ្ឋក្នុងរឿងវិវាទដីធ្លី។ មួយវិញទៀត អាដហុកក៏ទទូចឱ្យ

បញ្ឍប់ការចាប់ខ្លួន ការចោទប្រកាន់ និងការឃុំខ្លួនប្រជាពលរដ្ឋក្នុងរឿងវិវវាទដីធ្លីនៅកម្ពុជា ហើយស្នើដល់ស្ថាប័នពាក់ព័ន្ធស្វែងរកយុត្តិធម៌ដោយដាក់ទោសទណ្ឌចំពោះរាល់ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផលដំណាំប្រជាពលរដ្ឋក្នុងរឿងវិវាទដីធ្លី៕

 

 

 

Share

ព័ត៌មានទាក់ទង

Image