en     km
en     km

ពលរដ្ឋព្រលានយន្តហោះថ្មីបារម្ភការឈូសឆាយធ្វើក្រវ៉ាត់ទប់ទឹកជំនន់ប៉ះចំផ្ទះពលរដ្ឋ

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីសម្តែងការព្រួយបារម្ភចំពោះសកម្មភាពគ្រឿងចក្រដែលកំពុងឈូសឆាយដីស្រែធ្វើក្រវ៉ាត់ប្រឡាយទប់ទឹកជំនន់នាប៉ុន្មានថ្ងៃជាប់ៗគ្នានេះ អាចប៉ះចំផ្ទះប្រជាពលរដ្ឋនាប៉ុន្មានថ្ងៃខាងមុខទៀត។ តំណាងក្រុមហ៊ុន OCIC ដែលទទួលសិទ្ធិសាងសង់ព្រលានយន្តហោះថ្មីនេះប្រាប់វិទ្យុស្រ្តីថា គម្រោងឈូសឆាយធ្វើក្រវ៉ាត់ប្រឡាយនេះនឹងប៉ះចំផ្ទះពលរដ្ឋ តែខាងក្រុមហ៊ុននឹងធ្វើការដោះស្រាយសំណងជាមុនសិន មុនពេលបន្តការឈូសឆាយផ្ទះពលរដ្ឋលើខ្នងប្រឡាយនោះ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

បន្ទាប់ពីអាជ្ញាធរស្រុកកណ្តាលស្ទឹងបានកោះប្រជុំជូនដំណឹងដល់ប្រជាពលរដ្ឋពីគម្រោងឈូសឆាយធ្វើក្រវ៉ាត់ប្រឡាយទប់ទឹកជំនន់ចូលព្រលានយន្តហោះថ្មីកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២រួចមក បច្ចុប្បន្នខាងក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយដីស្រែជាបណ្តើរៗហើយនៅព្រឹកថ្ងៃនេះ។ នេះជាការបញ្ជាក់ពីលោក ទួន វណ្ណៈ តំណាងប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅព្រលានយន្តហោះថ្មីប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក វណ្ណៈ បន្ថែមថា ក្រោយពីអាជ្ញាធរបើកកិច្ចប្រជុំជូនដំណឹងដល់ប្រជាពលរដ្ឋពីគម្រោងឈូសឆាយនេះ ខាងក្រុមហ៊ុនបានដាក់គ្រឿងចក្រជាច្រើនគ្រឿងធ្វើការឈូសឆាយដីស្រែរបស់ពលរដ្ឋដែលកំពុងនៅមានក្នុងវិវាទនៅឡើយ បើទោះបីជាគម្រោងនោះប្រជាពលរដ្ឋមិនទាន់សុខចិត្តយល់ព្រមយ៉ាងណាក្តី។ ជាមួយគ្នានេះ ការឈូសឆាយនេះអាជ្ញាធរបានដាក់កងកម្លាំងសមត្ថកិច្ចជាច្រើមរយនាក់មកការពារ ក្រែងលអាចមានការប៉ះទង្គិចគ្នាកើតឡើងដូចគ្រាមុន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក វណ្ណៈ។

កិច្ចប្រជុំរវាងអាជ្ញាធរស្រុកកណ្តាលស្ទឹង ជាមួយពលរដ្ឋពីការឈូសឆាយក្រវ៉ាត់ទប់ទឹកជំនន់ព្រលានយន្តហោះថ្មី។រូបភាពផ្តល់ដោយពលរដ្ឋព្រលានយន្តហោះថ្មី។

លោក វណ្ណៈ ឱ្យដឹងបន្តទៀតថា គម្រោងឈូសឆាយធ្វើក្រវ៉ាត់ប្រឡាយនេះនឹងប៉ះចំផ្ទះពលរដ្ឋនាប៉ុន្មានថ្ងៃទៀតបើសិនជាសកម្មភាពនេះនៅតែបន្ត។ យ៉ាងណាលោកគូសបញ្ជាក់ថា ប្រជាពលរដ្ឋនឹងតស៊ូតវ៉ាមិនចាកចេញពីផ្ទះឡើយ បើសិនមិនទាន់មានការដោះស្រាយសំណងជាមុន ហើយពលរដ្ឋប្រកាសជំហរការពារដីនិងផ្ទះរបស់ពួកគេដល់ទីបញ្ចប់ ទោះបីត្រូវបាត់បង់ជីវិតយ៉ាងណាក្តី។

 

ជុំវិញរឿងនេះលោក​ ណៃ ចាន់ឌី មេឃុំបឹងខ្យាងសុំមិនធ្វើការអត្ថាធិប្បាយអ្វីច្រើននោះទេ ព្រោះរឿងនេះស្ថិតក្នុងដែនសមត្ថកិច្ចដោះស្រាយរបស់ថ្នាក់លើ។ ប៉ុន្តែក្នុងនាមលោកជាអាជ្ញាធរដែនដីលោកមិនចង់ឱ្យពលរដ្ឋខ្លួនមានជម្លោះនោះឡើយ ហើយលោកមើលឃើញថា មានតែការសម្របសម្រួលតំឡើងថ្លៃដីសំណងលើសពី ៨ ដុល្លារទេ ទើបអាចជាមធ្យោបាយដោះស្រាយវិវាទនេះ។

 

ទាក់ទងរឿងនេះ តំណាងក្រុមហ៊ុន OCIC នៅព្រលានយន្តហោះថ្មី លោក ជូ កុកសាយ ប្រាប់វិទ្យុស្រ្តីថា ខាងក្រុមហ៊ុនពិតជាបានឈូសឆាយដីស្រែនោះមែន ហើយគម្រោងឈូសឆាយនេះនឹងប៉ះចំផ្ទះពលរដ្ឋជាច្រើនគ្រួសារ។ តែយ៉ាងណាលោកបញ្ជាក់ថា ក្រុមហ៊ុនមិនឈូសឆាយផ្ទះប្រជាពលរដ្ឋឡើយ លុះត្រាខាងក្រុមហ៊ុនចរចាដោះស្រាយសំណងជាមួយពលរដ្ឋរួចរាល់ទើបបន្តសកម្មភាព។ លោកបញ្ជាក់បន្ថែម ខាងក្រុមហ៊ុននៅតែរក្សាជំហរដោះស្រាយជូនពលរដ្ឋក្នុងតម្លៃ ៨ ដុល្លារ និងគោលការណ៍ដោះដូរលំនៅដ្ឋានថ្មីដដែរ មិនមានការឡើងថ្លៃសំណងលើសពី ៨ ដុល្លារនោះទេ។

សកម្មភាពគ្រឿងចក្រកំពុងឈូសឆាយដីស្រែប្រជាពលរដ្ឋ។រូបភាពផ្តល់ដោយប្រជាពលរដ្ឋព្រលានយន្តហោះថ្មី។

 

មន្រ្តីសង្គមស៊ីវិលដែលតាមដានរឿងនេះ គឺលោក វណ្ណ សូផាត​ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)និយាយថា ការប្រើកម្លាំងសមត្ថកិច្ចនិងគ្រឿងចក្រមកឈូសឆាយដីស្រែប្រជាពលរដ្ឋបែបនេះ ជារូបភាពមួយគម្រាមកំហែងប្រជាពលរដ្ឋឱ្យយល់ព្រមទទួលយកសំណងទាំងបង្ខំចិត្ត។ សម្រាប់ទំនាស់មួយនេះលោកយល់ថា ខាងក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគជាមួយអាជ្ញាធរមិនមានយន្តការដោះស្រាយឱ្យបានសមរម្យ ក្រៅពីបង្ខំឱ្យពលរដ្ឋព្រមទទួលសំណងតិចតួច ជាមួយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនិងប្រព័ន្ធតុលាការក្នុងការដោះស្រាយជាមួយពលរដ្ឋនោះទេ។ 

 

​កាលពីថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២២ អាជ្ញាធរស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានកោះប្រជុំជាមួយពលរដ្ឋប្រហែល៥០គ្រួសារ ដើម្បីជូនដំណឹងពីការឈូសឆាយទំនប់ប្រឡាយក្រវ៉ាត់ព្រលានយន្តហោះដើម្បីការពារទឹកជំនន់ដែលអាចប៉ះពាល់ផ្ទះនិងដីស្រែប្រជាពលរដ្ឋ។ កិច្ចប្រជុំនៅសាលាស្រុកកណ្តាលស្ទឹងនោះ​ប្រជាពលរដ្ឋដែលចូលរួមបានលើកឡើង ដោយប្រកែកមិនយល់ព្រមនោះទេ ព្រោះពុំមានមានការដោះស្រាយត្រូវរូវគ្នានៅឡើយ។ តែយ៉ាងណាអភិបាលស្រុកកណ្តាលស្ទឹងលោក អ៊ូច សាវឿន បានស្នើឱ្យពលរដ្ឋទទួលយកគោលការណ៍ដោះស្រាយត្រឹមតម្លៃ ៨ ដុល្លារក្នុងដីមួយម៉ែត្រការ៉េនេះ។ ក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុកបង្ហើរសម្តីថា បើទោះបីជាពលរដ្ឋប្រឹងតស៊ូតវ៉ាយ៉ាងណាក៏ការដោះស្រាយសំណងនេះមិនអាចឱ្យលើសពី ៨ ដុល្លារឡើយ។

សូមរំលឹកថា ទំនាស់រវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រមជាមួយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ បានអូសបន្លាយជាង ៤ ឆ្នាំមកហើយ។ ទំនាស់មួយនេះនៅជាប់ទ្រឹងត្រង់ភាគីក្រុមហ៊ុននៅតែរក្សាជំហរដោះស្រាយសំណងដីចំនួនតែ ៨ដុល្លារក្នុងដីមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ខណៈពលរដ្ឋលើកឡើងថា ដីនៅតំបន់នោះហក់ឡើងដល់ជាង៧០ដុល្លារទៅហើយព្រោះជាតំបន់អភិវឌ្ឍន្នព្រលានយន្តហោះ។

ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹងនេះ ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់លោក ពុង ឃាវសែ បានទទួលសិទ្ធិសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិដែលវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណជាងមួយពាន់ប្រាំរយលានដុល្លារ​លើផ្ទៃដីជិតបីពាន់ហិកតា។តាមគម្រោង ក្រុមហ៊ុននឹងសាងសង់រួចរាល់នៅ ឆ្នាំ២០២៣៕

Share

ព័ត៌មានទាក់ទង

Image