en     km
en     km

អាជ្ញាធរស្រុកកណ្តាលស្ទឹងគ្រងបន្តឈូសឆាយដីព្រលានយន្តហោះថ្មីខណៈពលរដ្ឋមិនទាន់សុខចិត្ត

Share

ភ្នំពេញ៖ អាជ្ញាធរស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គ្រងបន្តឈូសឆាយដីក្រវ៉ាត់ព្រលានយន្តហោះថ្មី ខណៈពុំទាន់ដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋនៅឡើយ។ ប្រជាពលរដ្ឋមិនទាន់សុខចិត្តយល់ព្រមនឹងគម្រោងនេះឡើយទេ ហើយបញ្ជាក់ថាបើសិនជាអាជ្ញាធរអនុវត្តផែនការឈូសឆាយនេះមែន គឺប្រៀបដូចសម្លាប់ពលរដ្ឋទាំងរស់។

 លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ឆ្លងកាត់កិច្ចប្រជុំពិភាក្សារវាងអាជ្ញាធរស្រុកកណ្តាលស្ទឹង និងប្រជាពលរដ្ឋចំនួន ៥០ គ្រួសារដែលត្រូវប៉ះពាល់ដីក្នុងគម្រោងសាងសង់ប្រឡាយក្រវ៉ាត់ការពារទឹកជំនន់ព្រលានយន្តហោះថ្មីកាលពីថ្ងៃម្សិលមិញមក ប្រជាពលរដ្ឋខ្លះនៅមិនទាន់យល់ស្របនឹងការជូនដំណឹងនេះទេ ខណៈមិនទាន់មានការដោះស្រាយសំណងនៅឡើយ។

អ្នកស្រី ឃឹម ម៉ាលី ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៨ ខែកុម្ភៈនេះថា អ្នកស្រីមិនយល់ស្របតាមការជូនដំណឹងរបស់អាជ្ញាធរដែលគ្រោងឈូសឆាយដីក្រវ៉ាត់ព្រលានយន្តហោះថ្មីប៉ះលើដីប្រជាពលរដ្ឋនេះទេ ខណៈដីនោះស្ថិតក្នុងទំនាស់ ហើយគម្រោងឈូសឆាយនោះក៏មិនបានទូទាត់សំណងជូនពលរដ្ឋផងដែរ។ អ្នកស្រីចាត់ទុក គម្រោងរបស់អាជ្ញាធរស្រុកកណ្តាលស្ទឹងដែលបន្តឈូសឆាយដីពលរដ្ឋនេះ ប្រៀបដូចជាការសម្លាប់ពលរដ្ឋទាំងរស់ ព្រោះពលរដ្ឋអាស្រ័យផលលើដីដែលមានបន្តិចបន្តួចនោះដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។

អ្នកស្រី ឃឹម ម៉ាលី៖«បើតម្លៃដីនៅក្នុងហ្នឹងអត់មានលើសពី ៨ដុល្លារ ហើយគាត់អាចយកបានឱ្យគាត់យកហ្មងទៅ ហើយឱ្យគាត់សម្លាប់ប្រជាជនទៅ ព្រោះការអភិវឌ្ឍគាត់នេះមិនមែនអភិវឌ្ឍោ្យខ្មែរសប្បាយចិត្តទេ គាត់អភិវឌ្ឍឱ្យយួនឱ្យចិនសប្បាយចិត្តតើ បើគ្មានអភិវឌ្ឍន៍ចង់ឱ្យប្រជាជនខ្មែរសប្បាយចិត្តប្រហែលជាគាត់ដោះស្រាយ។ដូចថាគាត់អស់ដីផ្ទះអស់ដីស្រែគាត់ប្រហែលជាឱ្យពលរដ្ឋទៅរកទិញកន្លែងដែលសមរម្យ។តែអានេះអត់ទេ​ ពួកខ្ញុះអត់ជាងជាជនជាតិវៀតណាម ជនជាតិវៀតណាមគេស្រង់ពីទឹកមកគេចែកផ្ទះ ចែកដី តែពួកខ្ញុំមានដីមានផ្ទះហើយគេបែរជាមកដេញហើយឱ្យ ៨ដុល្លារសួរថា ៨ដុល្លារឥឡូវទៅរកទិញណា តាមពិតអា ៨ដុល្លារនេះគ្រាន់តែជាពាក្យជំនួសថាប្លន់ប្រជាជនទេ»។

កិច្ចប្រជុំរវាងពលរដ្ឋ និងអាជ្ញាធរស្រុកកណ្តាលស្ទឹងកាលពីថ្ងៃម្សិលមិញ។រូបភាពពីប្រជាពលរដ្ឋព្រលានយន្តហោះ។

 

កាលពីថ្ងៃម្សិលមិញ អាជ្ញាធរស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានចេញលិខិតជូនដំណឹងមួយដល់ប្រជាពលរដ្ឋ ឃុំបឹងខ្យាង ដែលប៉ះពាល់ក្បាលដីក្នុងគម្រោងសាងសង់ប្រឡាយទំហំទទឹង ២២ម៉ែត្រ ក្នុងព្រំព្រលានយន្តហោះថ្មី។ ក្នុងកិច្ចប្រជុំកាលពី មិ្សលមិញនៅសាលាស្រុកកណ្តាលស្ទឹង ប្រជាពលរដ្ឋដែលបានចូលរួមប្រជុំបានលើកឡើងកង្វល់ និង សេចក្តីត្រូវការរបស់ពួកគេដែលចង់ឱ្យមានការសិក្សានិងទូទាត់សំណងសមរម្យជាមុនសិន មុនធ្វើការឈូសឆាយប្រឡាយ។ តែបើទោះបីជាប្រជាពលរដ្ឋបានលើកឡើងយ៉ាងតឹងសរសៃកដាក់គ្នាក៏ដោយ ក៏អភិបាលស្រុកដែលជាអ្នកសម្របសម្រួលកិច្ចប្រជុំនៅតែប្រកាសថា អាជ្ញាធរអនុវត្តតាមគោលការណ៍រដ្ឋបាលដែលដាក់មក។

លោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹងប្រាប់វិទ្យុស្រ្តីថា ទោះបីជាប្រជាពលរដ្ឋនៅមិនសុខចិត្តនឹងគម្រោងឈូសឆាយធ្វើប្រឡាយនេះក៏ដោយ ក៏អាជ្ញាធរនៅតែត្រៀមអនុវត្តតាមគោលការណ៍នៃការសម្រេចពីថ្នាក់លើដដែរ។

លោក អ៊ូច សាវឿន៖«ក្នុងនាមជារដ្ឋបាលគឺត្រូវអនុវត្តមានគោលការណ៍រដ្ឋបាលខេត្ត ចឹងមានសេចក្តីជូនដំណឹងត្រូវជូនដំណឹងឱ្យគាត់។កន្លងទៅគាត់ច្រើនលើកឡើងថា ពេលចង់ធ្វើអីអត់បានជូនដំណឹងដល់គាត់។ ចឹងខ្ញុំសុំដឹកនាំពីអភិបាលខេត្ត សុំការសម្រេចពីគាត់ គាត់ឯកភាពឱ្យធ្វើការជូនដំណឹងជូនប្រជាពលរដ្ឋ ប៉ុន្តែសម្រាប់ការដោះស្រាយក្រុមការងារនៃការ សាងសង់ព្រលានគេនូវតែដោះស្រាយជូនតើ តែគាត់នៅតែមិនព្រមទទួលយកអាហ្នឹងខ្ញុំមិនហ៊ានថាម៉េចដែរ»។

លិខិតជូនដំណឹងរបស់អាជ្ញាធរជូនពលរដ្ឋ។រូបភាពផ្តល់ដោយប្រជាពលរដ្ឋព្រលានយន្តហោះ។

 

ទាក់ទងរឿងនេះលោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យសាលាខេត្តកណ្តាលបញ្ជាក់ថា អាជ្ញាធរខេត្តបានកំណត់គោលការណ៍ដោះស្រាយរួចរាល់ហើយ ហើយកន្លងមកមានប្រជាពលរដ្ឋមួយចំនួនធំបានមកទទួលយកគោលការណ៍ដោះស្រាយនេះ។ ដោយឡែកនៅមានពលរដ្ឋមួយចំនួនតូចតែប៉ុណ្ណោះមិនទាន់ទទួលយកការដោះស្រាយ ដែលលោក គ្រុយ ម៉ាឡែន ដាក់ការសង្ស័យថា ពួកគេអាចមានចលនាបញ្ចុះបញ្ចូលនៅពីក្រោយខ្នង ដើម្បីព្យាយាមធ្វើឱ្យរាំងស្ទះដល់ដំណើរការស្វែងរកការដោះស្រាយរបស់អាជ្ញាធរ។ តែយ៉ាងណាលោកបញ្ជាក់ថា អាជ្ញាធរនឹងប្រឹងប្រែងសម្របសម្រួលគ្រួសារដែលនៅសល់ឈានដល់ការទទួលយកដោយសន្តិវិធី និងសូមអំពាវនាវដល់ពលរដ្ឋចូលរួមជាមួយអាជ្ញាធរនិងរដ្ឋាភិបាលដើម្បីការអភិវឌ្ឍប្រទេសជាតិ។

លោក គ្រុយ ម៉ាឡែន៖«អ្វីដែលអាជ្ញាធរកំពុងតែដោះស្រាយគឺដើម្បីអភិវឌ្ឍប្រទេសជាតិក៏ដូចជាអភិវឌ្ឍន៍មូលដ្ឋានខេត្តកណ្តាលក៏ដូចជាក្នុងតំបន់ដែលប្រជាពលរដ្ឋកំពុងនឹងទទួលបានផ្លែផ្កាពីការអភិវឌ្ឍន៍នេះ។ ជាចុងក្រោយសុំថា​ប្រជាពលរដ្ឋមេត្តាដោះស្រាយតាមសន្តិវិធីនូវអ្វីដែលអាជ្ញាធរកំពុងខិតខំបញ្ចប់នូវបញ្ហាដែលនៅមានប្រជាជនមួយក្តាបតូចទេដែលនៅមានបញ្ហានេះ។»។

ប្រជាពលរដ្ឋទៅប្រជុំនៅសាលាស្រុកកណ្តាលស្ទឹងកាលពីថ្ងៃម្សិលមិញ។រូបភាពដោយប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង។

 

សូមរំលឹកថា ទំនាស់រវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរស្រុកកណ្តាលស្ទឹងខេត្តកណ្តាលព្រមជាមួយក្រុមហ៊ុន OCIC របស់ឧកញ៉ា ពុង ឃាវសែ បានអូសបន្លាយជាង ៤ ឆ្នាំមកហើយ។ ប្រជាពលរដ្ឋរងផលប៉ះពាល់នៅតែមិនទាន់អាចទទួលយកគោលការណ៍សំណងពីអាជ្ញាធរដែលផ្តល់ឱ្យត្រឹមតែ ៨ ដុល្លារក្នុងដីមួយម៉ែត្រការ៉េ ខណៈពលរដ្ឋថាដីនៅតំបន់នោះហាក់ឡើងក្បែរ ៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

រហូតមកទល់ពីខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីជាង ១០០នាក់បានប៉ះទង្គិចគ្នាជាមួយអាជ្ញាធរ ខណៈពួកគេតវ៉ាជាមួយសមត្ថកិច្ចអាជ្ញាធរដែលដាក់ប៉ារ៉ាស់រារាំងពួកគេមិនឱ្យចូលទៅមើលដីស្រែរបស់ពួកគេក្នុងតំបន់ព្រលានយន្តហោះថ្មីដែលកំពុងមានទំនាស់។ ប៉ុន្តែក្រោយមកពលរដ្ឋត្រូវបានដោះលែងមកវិញ តែត្រូវបានធ្វើកិច្ចសន្យាជាមួយខាងអាជ្ញាធរបញ្ឈប់ការចេញធ្វើតវ៉ាបន្តទៀត៕

 

Share

ព័ត៌មានទាក់ទង

Image