en     km
en     km

គណបក្សភ្លើងទៀនមិនទាន់សម្រេចចូលរួមបោះឆ្នោតឃុំសង្កាត់តែត្រៀមបេក្ខជនស្ទើរគ្រប់ខេត្តក្រុង

Share

ភ្នំពេញ៖ គណបក្សភ្លើងទៀននៅមានភាពស្ទាក់ស្ទើរក្នុងការចូលរួមបោះឆ្នោតប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងនេះ ប៉ុន្តែបានត្រៀមបេក្ខជនឈរឈ្មោះស្ទើរគ្រប់ខេត្តក្រុងដើម្បីត្រៀមលក្ខណៈជាមុន។ មូលហេតុដែលមិនទាន់អាចសម្រេចជាផ្លូវការ ព្រោះបក្សសម្លឹងឃើញលំហូរប្រជាធិបតេយ្យមិនសូវល្អ ហើយការប្រព្រឹត្តិទៅរបស់ស្ថាប័នរៀបចំការបោះឆ្នោត ពុំទាន់អាចទុកជឿទុកចិត្តបាន។ តែមន្រ្តី គ ជ ប លើកឡើងថា គ ជ ប តែងអនុវត្តការងារបោះឆ្នោតឱ្យប្រព្រឹត្តិទៅតាមបែបប្រជាធិបតេយ្យត្រឹមត្រូវដែលអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋាន។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាន

 

មានចំណុចសំខាន់ចំនួនពីរ ដែលគណបក្សភ្លើងទៀន ជាបក្សមួយធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងនពីប្រជាពលរដ្ឋ ពិសេសកម្មករក្នុងវិស័យវាយនភ័ណ្ឌកាលពីគ្រាមុន មិនទាន់សម្រេចចិត្តច្បាស់លាស់ថា បក្សនឹងចូលរួមឬមិនចូលក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះ។ បញ្ហានោះនៅត្រង់ថា បក្សភ្លើងទៀនមើលឃើញពីការរឹតត្បាតលំហូរប្រជាធិបតេយ្យ ប្រជាពលរដ្ឋមិនទាន់អាចបញ្ចេញមតិពីរឿងនយោបាយបានដោយសេរី ចំណែកសេរីភាពនៃសំឡេងរិះគន់និងប្រព័ន្ធផ្សាព្វផ្សាយក៏ហាក់តូចចង្អៀតនៅឡើយ។ មួយទៀត គឺបញ្ហាដំណើរការរៀបចំនឹងការប្រព្រឹត្តិទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មិនទាន់អាចធានាបានពីភាពសុក្រឹត យុត្តិធម៌បានត្រឹមត្រូវ ពិសេសបញ្ហាការកែសម្រួលនីតិវិធីក្នុងទម្រង់ ១១០២ ដែលមានការជំទាស់ពីគណបក្សនយោបាយមួយចំនួននោះផងដែរ។ មូលហេតុទាំងនេះហើយ ទើបគណបក្សភ្លើងទៀន មិនទាន់អាចសម្រេចជាផ្លូវការថានឹងចូលរួមការប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខបាន។

អ្នកគាំទ្រគណបក្សភ្លើងទៀនរៀបចំរចនាសម្ព័ន្ធថ្នាក់ក្រោមដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត។រូបភាពហ្វេសប៊ុកគណបក្សសង្គ្រោះជាតិ។

 

នេះជាការគូសបញ្ជក់ពីលោក សំ​ សុគង់ អ្នកនាំពាក្យគណបក្សភ្លើងទៀនប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខណៈបក្សនេះបានទទួលការគាំទ្របន្ថែមពីលោក រ៉ុង ឈុន ​ប្រធានសហភាពសហជីពកម្ពុជាដែលជាបុគ្គលលេចធ្លោនឹងមានសំឡេងគាំទ្រពីមជ្ឈដ្ឋានជាច្រើន ពិសេសកម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ។

លោក សំ សុគង់ បន្ថែមថា អ្នកគាំទ្រនៃគណបក្សភ្លើងទៀននារយៈពេលចុងក្រោយនេះមានសន្ទុះខ្លាំងទាំងពីប្រជាពលរដ្ឋ និងពីបុគ្គលល្បីៗស្រលាញ់ប្រជាធិបតេយ្យ។ ប្រការនេះលោកយល់ថា បើសិនជាបក្សសម្រេចចូលរួមប្រកួតប្រជែងភ្លាម នោះមិនជាការលំបាកក្នុងការដណ្តើមសន្លឹកឆ្នោតនោះទេ។

លោក សំ សុគង់៖«យើងឃើញសន្ទុះអ្នកគាំទ្រគណបក្សភ្លើងទៀនខ្លាំង ហើយនៅទូទាំងប្រទេសកម្ពុជាមានការផុសផល និងការលើកស្លាកក៏ដូចជាការចូលរួមយ៉ាងសកម្មពីអ្នកប្រជាធិបតេយ្យហ្នឹង។ហើយទាក់ទងការរៀបចំកម្លាំងឬបេក្ខភាពក្នុងការចូលរួមប្រកួតប្រជែង ខ្ញុំគិតថា គណបក្សភ្លើងទៀនមិនមានការលំបាក ដោយសារគណបក្សភ្លើងទៀនជាគណបក្សចាស់ហើយក៏ជាគណបក្សប្រជាធិបតេយ្យមានរចនាសម្ព័ន្ធរឹងមាំស្រាប់ទៅហើយ»។

ទាក់ទងនឹងការលើកឡើងពីលំហូរប្រជាធិបតេយ្យនិងបញ្ហារបស់ស្ថាប័ន គ ជ ប ក្នុងការរៀបចំការបោះឆ្នោតវិញ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ថា ជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គលិកនីមួយៗ។ តែយ៉ាងណាលោកបញ្ជក់ថា ស្ថាប័ន គ ជ ប បានខិតខំប្រឹងប្រែងរៀបចំការបោះឆ្នោតមួយប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ដោយឡែកការលើកឡើងពីការកែលម្អនីតិវិធីខ្លះៗក្នុងទម្រង់ ១១០២ លោក ហង្ស ពុទ្ធា នៅតែអះអាងថា គ ជ ប នៅតែរក្សាជំហរនៃការអនុម័តបទបញ្ជានេះ ព្រមទាំងអនុវត្តតាមការសម្រេចនេះដដែរ។

លោក ហង្ស ពុទ្ធា៖«ការយល់ឃើញយ៉ាងណាជាមតិដោយឡែករបស់ភាគីណាមួយនោះទេ ចំណែក គ ជ ប អនុវត្តស្របតាមគោលការណ៍លទ្ធិប្រជាធិតេយ្យសេរីពហុបក្ស ហើយការបោះឆ្នោតទៀតការមានការសម្រិតសម្រាំង ឆ្ពោះទៅរកការបោះឆ្នោតមួយដែលអាចទទួលយកបានដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសអនុវត្តតាមគោលការណ៍សេរីត្រឹមត្រូវ និងយុត្តិធម៌»។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប ។

ជាការកត់សម្គាល់លោក រ៉ុង ឈុន  ប្រធានសហភាពសហជីពកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយប្រកាសជំហរគាំទ្រការសម្រេចចិត្តរបស់បក្សភ្លើងទៀនដែលបានរៀបចំរចនាសម្ព័ន្ធបក្សដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ។ តាមរយៈសេចក្តីថ្លែងការណ៍លោក រ៉ុង ឈុន ដែលមានសមាចិត្តជាមួយបក្សនេះ បានអំពាវនាវអ្នកស្រលាញ់ប្រជាធិបតេយ្យទាំងអស់ចូលរួមគាំទ្រគណបក្សភ្លើងទៀន ដើម្បីស្តារសិទ្ធិមនុស្ស​និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

គួរ​រំឭក​ថា​ គណបក្សភ្លើងទៀនក្រោមការដឹកនាំដោយលោក សម រង្ស៊ី ធ្លាប់ទទួលអាសនៈក្នុងរដ្ឋសភាចំនួន ១៥ ក្នុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រកាលពីឆ្នាំ១៩៩៨។ ហើយនៅឆ្នាំ ២០០៣ បក្សជំទាស់មួយនេះបានទទួលអាសនៈចំនួន ២៤ ហើយឆ្នាំ២០០៨ បានអាសនៈចំនួន២៦ ផងដែរ មុនបក្សនេះនឹងចូលរួមជាមួយគណបក្សសិទ្ធិមនុស្សបង្កើតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១២។

ប៉ុន្តែបន្ទាប់​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ភ្លើង​ទៀន ​បាន​ចាប់​ផ្តើម​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ​នៅ​ចុង​ឆ្នាំ​២០២១។ ហើយបច្ចុប្បន្នបក្សនេះក្រោមការដឹកនាំដោយ ​លោក​ ថាច់​ សេដ្ឋា​ ជាប្រធានស្តីទីបក្ស៕

 

 

 

Share

ព័ត៌មានទាក់ទង

Image