en     km
en     km

គ ជ ប នៅតែរក្សាជំហរកែលម្អនីតិវិធីខ្លះៗនៃទម្រង់១១០២ ទោះមានគណបក្សនយោបាយជំទាស់

Share

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែរក្សាទុកជំហរកែលម្អនីតិវិធីមួយចំនួនពាក់ព័ន្ធកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត ឬទម្រង់បែបបទ ១១០២ ដើម្បីផ្តល់ភាពងាយស្រួលដល់កិច្ចការបោះឆ្នោត និងផ្តល់ភាពកាន់តែសុក្រឹតចំពោះលទ្ធផលនៃការរាប់សន្លឹកឆ្នោត។ ប៉ុន្តែគណបក្សដែលជំទាស់បញ្ហានេះ គ្រោងសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធឱ្យដល់ទីបញ្ចប់ ព្រោះខ្លួនយល់ថា ការកែលម្អនីតិវិធីធ្វើការក្នុងទម្រង់បែបបទ ១១០២នេះ បង្កការលំបាកដល់គណបក្សដែលទើបបង្កើតថ្មី។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

មន្រ្តីអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ ជ ប)បានពន្យល់ពីទម្រង់នៃកំណត់ហេតុរាប់សន្លឹកឆ្នោត ឬ ទម្រង់បែបបទ ១១០២ នេះថា ទម្រង់នេះជាទម្រង់រាប់សន្លឹកឆ្នោតនៅតាមការរិយាល័យបោះនិងរាប់សន្លឹកឆ្នោត។ ទម្រង់នេះពីដើមឡើយត្រូវបានចែកផ្សាយនៅ​ការិយាល័យរាប់សន្លឹកឆ្នោតផ្ទាល់តែម្តង។​ប៉ុន្តែបច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាកាន់តែទំនើប ដូច្នេះមានការកែលម្អរបៀបធ្វើការខ្លះៗ ដោយ គ ជ ប លើកយកទម្រង់បែបបទ ១១០២ នេះ មកព្រីន ស្កេន នៅគណៈកម្មការឃុំ/សង្កាត់ រៀបចំការបោះឆ្នោតវិញ ហើយចែកផ្សាយទិន្នន័យរាប់សន្លឹកឆ្នោតនៅទីនោះតែម្តង។ ហើយការចែកផ្សាយនោះជារូបភាពដើម ១០០% នៃការរាប់សន្លឹកឆ្នោត។ ​​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប បញ្ជាក់បន្ថែមថា ប្រើម៉ាស៊ីនស្កេន​ ម៉ាស៊ីនព្រីន និងកុំព្យទ័រ​  ដែលគ ជ ប កំពុងប្រើប្រាស់អាចជួយបម្រើដល់កិច្ចការបោះឆ្នោត ហើយធ្វើឱ្យការរាប់សន្លឹកឆ្នោតកាន់តែសុក្រឹតជាងការចម្លង​ដោយដៃដែលអាចមានភាពយឺតយ៉ាវ និង ចម្លងខុសជាដើម។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប ។

 

អ្នកនាំពាក្យរូបនេះបញ្ជាក់ ស្ថាប័នរៀបចំការបោះឆ្នោតនៅតែរក្សារបៀបធ្វើការនេះ ហើយនឹងអនុវត្តនៅការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។ លោក ហង្ស ពុទ្ធា ឱ្យដឹងថា គ ជ ប បានដឹងនិងគិតដល់ការព្រួយបារម្ភពីសំណាក់គណបក្សនយោបាយនានាក្នុងរឿងនេះ។ តែលោកស្នើឱ្យគណគបក្សសាកល្បងសិន បើសិនមានបញ្ហាខុសឆ្គង ឬ មិនអាចទទួលយកបាន គណបក្សនយោបាយអាចប្តឹងតាមនីតិវិធីដែលមានចែង។

កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ គណបក្សចំនួន ៦ ក្នុងនោះ មានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកម្ពុជានិយម គណបក្សកែទម្រង់កម្ពុជា គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ និងគណបក្សភ្លើងទៀន​បានរួមគ្នាដាក់ញត្តិទៅកាន់ស្ថាប័ន គ ជ ប ដោយជំទាល់ពីរបៀបផ្លាស់ប្តូរទាក់ទងបែបបទទម្រង់១១០២នេះ។ គណបក្សទាំងនោះលើកឡើងថា របៀបកែសម្រួលរបស់ គ ជ ប លើនីតិវិធីក្នុងទម្រង់បែបបទ ១១០២ នេះ អាចធ្វើឱ្យមានការលុបបំបាត់ព័ត៌មានសំខាន់ៗនិងចាំបាច់ ដូចជាចំនួនសន្លឹកឆ្នោតដែលបានទទួល សន្លឹកឆ្នោតដែលមិនបានប្រើ សន្លឹកឆ្នោតខូច ដែលមានក្នុងកំណត់ហេតុរាប់សន្លឹកឆ្នោតទម្រង់១១០២នោះ។

លោក នី សោភ័ណ្ឌ​ មន្រ្តីនាយកដ្ឋាននីតិកម្ម​និងកិច្ចការបោះឆ្នោតនៃគណបក្សកែទម្រង់កម្ពុជាប្រាប់បន្ថែមដល់វិទ្យុស្រ្តីនៅថ្ងៃទី២៨ខែមករាឆ្នាំ២០២២នេះថា ការកែលម្អរបៀបធ្វើការក្នុងទម្រង់ ១១០២ដែល គ ជ ប នឹងអនុវត្តនេះ នឹងបង្កការលំបាក់ដល់ភា្នក់ងារគណបក្សនយោបាយដែលពួកគេខ្លះខ្វះលទ្ធភាពប្រើទូរស័ព្ទទំនើបថតចម្លងទិន្នន័យនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។

សម្រាប់គណបក្សកែទម្រង់កម្ពុជា​នឹងគ្រោងធ្វើសកម្មភាពជំទាស់លើបញ្ហានេះបន្តទៀត ដោយនឹងសុំកិច្ចអន្តរាគមន៍ពីបណ្តាស្ថានទូតបរទេសនានា និងតស៊ូមតិទៅក្រុមប្រឹក្សាធម្មនុញ្ញបន្ថែមទៀតរហូតមានការកែលម្អដែលគណបក្សនយោបាយទាំងនោះអាចទទួលយកបាន។

ក្នុងញត្តិរួមរបស់គណបក្សទាំង ៦ បានទាមទារឱ្យស្ថាប័នរៀបចំការបោះឆ្នោត ជ គ ប ត្រូវរក្សាទុក ទម្រង់កំណត់ហេតុរាប់សន្លឹកឆ្នោតនោះនៅដដែល ដោយរក្សាខ្ទង់ព័ត៌មានអំពីតួលេខសំខាន់ៗ ដូចជាចំនួនសន្លឹកឆ្នោតដែលបានទទួល សន្លឹកឆ្នោតមិនបានប្រើ និងសន្លឹកឆ្នោតខូច ។ ជាងនេះគណបក្សនយោបាយទាំង៦ ក៏ស្នើឱ្យ គ.ក.រ មានភារកិច្ចចាត់ចែងទម្រង់១១០២នេះ ជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តនៅទីនោះដូចការបោះឆ្នោតមុនៗ ដើម្បីធានាអាចប្រព្រឹត្តិទៅបានត្រឹមត្រូវ និងយុត្តិធម៌។

អ្នកធ្វើការងារលើកិច្ចបោះឆ្នោតយល់ថា ការរក្សាទុកទម្រង់១១០២នេះ អាចជួយឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អស់ចិត្តអំពីលទ្ធផលឆ្នោត៕

 

Share

ព័ត៌មានទាក់ទង

Image