en     km
en     km

ក្រសួងរំលឹកឱ្យការពារការចម្លងជំងឺ ការពុលអាហារ និងស្រា ស នាពេលសែនចិនខាងមុខ

Share

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំដោយក្រើនរំលឹកឱ្យប្រជាពលរដ្ឋដែលត្រៀមរៀបចំសែនដូនតាក្នុងឱកាសពិធីចូលឆ្នាំចិនខាងមុខ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងការបង្ការការពុលចំណីអាហារ ឬ ពុលស្រា ជាដើម។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ជារៀងរាល់ឆ្នាំមានប្រជាពលរដ្ឋមួយចំនួនបានរៀបចំពិធីសែនដូនតា ដោយខ្លះត្រូវទិញទំនិញនិងបក្សីនិងការជួបជុំគ្នាដែលអាចបង្កហានិភ័យនៃការចម្លងជំងឺកូវីដ១៩ និងជំងឺផ្តាសាយបក្សី និងការពុលចំណីអាហារ ឬស្រា ស ប្រសិនបើគ្មានការបង្ការបានត្រឹមត្រូវ។ នេះជាសង្កេតរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងសេចក្តីណែនាំរបស់ក្រសួងចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

តាមរយៈសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលោករដ្ឋមន្រ្តីណែនាំឱ្យប្រជាពលរដ្ឋអនុវត្តវិធានការមួយចំនួនដូចខាងក្រោម៖

ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ។ត្រូវសំអាតដៃនិងទីតាំងក្រោយប៉ះពាល់សត្វឬបោចសំអាតសត្វបក្សីដែលជាប្រភពចម្លង និងត្រូវចម្អិចម្ហូបឱ្យបានឆ្អិនល្អ។ ជៀសវាងប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ ពោលគឺត្រៀមលក្ខណៈទុកជាមុនដោយជៀសវាងការកកស្ទះ ឬការកកកុញមនុស្សច្រើន នៅតាមទីផ្សារ ឬហាងនៅក្នុងថ្ងៃតែមួយ។

មួយទៀតគឺត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ និងទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។

ត្រូវប្រញាប់ទៅមន្ទីរពេទ្យករណីសង្ស័យ ឆ្លងវីរុសផ្ដាសាយបក្សី ដោយមានរោគសញ្ញាគ្រុនក្តៅលើសពី ៣៨.៥ អង្សាសេ ក្អក និងពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់សត្វបសុបក្សីឈឺ ឬស្លាប់ក្នុងអំឡុងពេល ១៤ថ្ងៃ មុនចេញរោគសញ្ញា។

សេចក្តីណែនាំរបស់ក្រសួងក៏ស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តវិធានការការពារខាងលើ ដោយត្រូវពិនិត្យតាមកសិដ្ឋាន ទីផ្សារលក់សត្វបក្សីរស់ ដើម្បីជៀសផុតពីការផ្ទុះចេញនូវជំងឺផ្តាសាយបក្សី ក្នុងសហគមន៍របស់ខ្លួន។ អាជ្ញាធរត្រូវពិនិត្យនៅមូលដ្ឋានរបស់ខ្លួន ចាត់ចែងការត្រួតពិនិត្យចំពោះ វិធានការ ៣ការពារ ៣កុំ និងវិធានការសុវត្ថិភាពចំណីអាហារ។

មួយទៀតដែល ត្រូវត្រួតពិនិត្យទីតាំងបិទស្រា ស ឬផលិតស្រា ស ហើយអ្នករៀបចំ ឬអ្នកផលិតស្រា ស ត្រូវធានានូវការអនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា ស ផ្តេសផ្តាសនោះឡើយ។

សម្រាប់ពលរដ្ឋ ដាច់ខាតមិនត្រូវទិញ ឬបរិភោគស្រា ស ដែលមិនមានប្រភពផលិតច្បាស់លាស់នោះទេ។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះមានករណីពុលស្រា ស លើមនុស្សយ៉ាងតិចណាស់១៣០នាក់នៅក្នុងខេត្តកំពុងឆ្នាំង។ ករណីនេះបណ្តាលឱ្យមនុស្សចំនួន​ ៨នាក់បានស្លាប់ និងអ្នកផ្សេងទៀតត្រូវសង្គ្រោះបន្ទាន់។ ករណីពុលស្រា ស នេះ តាមការស្រាវជ្រាវរកឃើញថា ក្នុងស្រា ស នោះមានកំហាប់មេតាណុលខ្ពស់គឺឡើងដល់១៤,៧វ៉ុល ខណៈកម្រិតមេតាណុលធម្មតានៅក្រោម០,១វ៉ុលប៉ណ្ណោះ៕

Share

ព័ត៌មានទាក់ទង

Image