en     km
en     km

សកម្មជនអតីតបក្សប្រឆាំងពីរនាក់ត្រូវសាលាឧទ្ធរណ៍សម្រេចឱ្យជាប់ពន្ធនាគារ ១ឆ្នាំដដែល

Share

ភ្នំពេញ៖ សាលាឧទ្ធរណ៍នៅថ្ងៃទី១១ ខែមករាឆ្នាំ២០២២នេះ បានសម្រេចតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោមឱ្យសកម្មជនអតីតបក្សប្រឆាំងចំនួននាក់ឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់ចំនួនជាង ២ លានរៀល។ សាច់ញាតិក្រុមគ្រួសារសកម្មជនខាងលើយល់ថា ការចាប់ខ្លួននឹងផ្តន្ទាទោសនេះ ជារឿងអយុត្តិធម៌បំផុត។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានសម្រេចឱ្យអ្នកស្រី ម៉ី សុផុន និងលោក ធន ច័ន្ទថា ជាប់ពន្ធនាគារ១ឆ្នាំនិងពិន័យជាប្រាក់ជាង ២ លានរៀលដដែល ដោយតម្កល់សេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោមទុកថាជារឿងត្រឹមត្រូវ។ នេះបើតាមការចុះផ្សាយព័ត៌មានក្នុងស្រុកនិងតាមការឱ្យដឹងបន្ថែមពីសាច់ញាតិក្រុមគ្រួសារសកម្មជនបក្សប្រឆាំងខាងលើ។

អ្នកស្រី ម៉ី សុភ័ណ្ឌ បងស្រីអ្នកស្រី ម៉ី សុផុន និយាយថា ការចាប់ខ្លួននិងផ្តន្ទាទោសប្អូនស្រីរបស់អ្នកស្រីគឺជារឿងអយុត្តិធម៌បំផុត ព្រោះគាត់គ្រាន់តែបង្ហាញមតិលើបណ្តាញសង្គមតែប៉ុណ្ណោះ។ អ្នកស្រី ម៉ី សុភ័ណ្ឌ ត្អូញត្អែរថា សព្វថ្ងៃអ្នកស្រីជួបការលំបាកក្រោយពីប្អូនស្រីជាប់ពន្ធនាគារ ព្រោះអ្នកស្រីត្រូវរ៉ាប់រងនិងជួយផ្តត់ផ្គង់ការហូបចុកនិងសម្ភារៈផ្សេងៗដល់ប្អូនស្រីដែលកំពុងជាប់ឃុំឃាំង។ យ៉ាងណាអ្នកស្រីរំពឹងថា តុលាការនឹងអាចផ្តល់ភាពយុត្តិធម៌និងដោះលែងប្អូនស្រីរបស់អ្នកស្រីឱ្យមានសេរីភាពឡើងវិញ។

អ្នកស្រី ម៉ី សុភ័ណ្ឌ៖«វាគ្មានអីយុត្តិធម៌ទេ ពីព្រោះមនុស្សមានទោសទៅហើយ ខ្ញុំមិនដឹងនិយាយថាម៉េចទេ។ ខ្ញុំមិនដឹងថាគាត់ខុសអីដែល ខ្ញុំគ្រាន់តែឃើញគាត់សរសេរតិចហ្នឹង តែខ្ញុំមិនដឹងថាគាត់ធ្វើអីពីមុនៗខ្ញុំមិនឃើញ។ខ្ញុំចង់ទៅតុលាការសួរថាគាត់ខុសអី»។

អ្នកស្រី ម៉ី សុផុន និងលោក ធន ច័ន្ទថា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាត់ទោសឱ្យអ្នកទាំងពីរជាប់ពន្ធនាគារចំនួន ១ ឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថថ្នាក់ដឹកនាំ»កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ​។

អ្នកស្រី ម៉ី សុផន ជា​​ស្ត្រី​ថ្ងៃ​សុក្រ ដែលតែងចេញ​ទាមទារ​ឱ្យ​មានការ​ដោះលែង​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​សង្គម ព្រះសង្ឃ​ខ្មែរ​ថាវរៈ និង​យុវជន។

សកម្មជនអតីតបក្សប្រឆាំងទាំងពីរនាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការសរសេរសារបង្ហោះលើបណ្ដាញសង្គម រិះគន់​ការចាក់​វ៉ាក់​សាំង​របស់​ចិន ខណៈរដ្ឋាភិបាល​កម្ពុជា​បាន​​ចាក់​វ៉ាក់សាំង​ ​Sinopharm ដែល​ពលរដ្ឋ​មួយ​ចំនួន​រិះគន់​អំពី​គុណភាពព្រោះ មិន​ទាន់​​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក ​(WHO)។

សូមរំលឹកថា មុន​ពេល​ចាប់ខ្លួន​លោក ​ធន ច័ន្ទថា ​បាន​បង្ហោះ​សារ​មួយនៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃទី​១៨ ខែ​កុម្ភៈ​ ឆ្នាំ២០២១ ដោយ​សរសេរថា​៖ «មើល​ឲ្យ​ហើយ​បងប្អូន​ខ្មែរ ​ប្រជា​ពលរដ្ឋ​មិន​ព្រម​ចាក់​វ៉ាក់​សាំង​ចិន ​បង្ខំឲ្យ​គេ​ចាក់​ទៅ​វិញ ​ហេតុអ្វី​ក៏​យក​ប្រជា​ពលរដ្ឋ​ខ្លួន​ជា​សត្វ​សម្រាប់​ពិសោធន៍​ទៅ​វិញ»។

ដោយ​ឡែក​អ្នកស្រី ម៉ី សុផន​ បាន​បង្ហោះ​សារមួយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ដោយ​បាន​ពណ៌នាលើទំព័រហ្វេសប៊ុកថា៖«កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មិន​មាន​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ​(កូវីដ​១៩)​ ឬ​ស្លាប់​ដោយ​ជំងឺ​នេះ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ឡើយ។​ ហេតុអ្វី​បាន​ជា​រដ្ឋា​ភិបាល​ឯក​បក្ស​ប្រញាប់​ប្រញាល់​អំពាវ​នាវ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ចាក់​វ៉ាក់​សាំង​របស់​ចិន​ ដែលមិន​ទាន់​បាន​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភព​លោក ​(WHO)​ យ៉ាង​តក់​ក្រហល់​បែប​នេះ?»។

អ្នកឃ្លាំមើលសិទ្ធិមនុស្សរិះគន់លើការចាប់ខ្លួនករណីនេះថា ជា​ការប្រើរូបភាពបង្ក្រាប​បន្ថែម​ទៀតមក​លើ​អតីត​សកម្មជន​បក្ស​ជំទាស់។ ប៉ុន្តែ​សមត្ថកិច្ចបានបំភ្លឺកាលគ្រានោះថា ការចាប់ខ្លួនអ្នកទាំងពីរនេះ ដោយសារការសរសេរបញ្ចេញមតិរបស់ពួកគេមានចរិតញុះញង់ និងផ្តល់ព័ត៌មានមិនពិតធ្វើឱ្យមានការយល់ច្រលំដល់សាធារណជនពីបញ្ហាវ៉ាក់សាំង៕

Share

ព័ត៌មានទាក់ទង

Image