ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករានេះថា ប្រទេសនេះបានបាញ់សាកល្បងកាលពីថ្ងៃពុធ នូវកាំជ្រួចលឿនជាងសំឡេងទើបបង្កើតថ្មី។ វាបង្កឱ្យមានការព្រួយបារម្ភចំពោះភាពជឿនលឿនខាងបច្ចេកវិទ្យាអាវុធដែលពិបាកស្ទាក់ចាប់ ហើយជប៉ុនបានតវ៉ាពីរឿងនេះ។
កញ្ញា មាស គឹមធួន ធ្វើសេចក្ដីរាយការណ៍ ដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ …
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករានេះថា ប្រទេសនេះបានបាញ់សាកល្បងកាលពីថ្ងៃពុធ នូវកាំជ្រួចលឿនជាងសំឡេងទើបបង្កើតថ្មី។
ការបាញ់សាកល្បងនេះបង្កឱ្យមានការព្រួយបារម្ភចំពោះភាពជឿនលឿនខាងបច្ចេកវិទ្យាអាវុធពិបាកស្ទាក់ចាប់របស់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។
ការបាញ់បង្ហោះបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់កូរ៉េខាងជើង ដូចដែលមេដឹកនាំ គីម ជុង អ៊ុន បានសន្យាកាលពីចុងឆ្នាំមុន។
ពេលនោះ លោក គីម បាននិយាយថា បរិយាកាសយោធានៃឧបទ្វីបកូរ៉េ និងស្ថានភាពអន្តរជាតិ «កំពុងមានអស្ថិរភាព»។
អ្នកជំនាញមួយចំនួនក្នុងវិស័យការបរទេសបាននិយាយថា ការបាញ់សាកល្បងកាំជ្រួចម្សិលមិញ មានគោលបំណងបង្កើនឥទ្ធិពលរបស់លោក គីម នៅក្នុងប្រទេស ខណៈដែលសេដ្ឋកិច្ចរបស់កូរ៉េខាងជើងមានភាពទ្រឹងនៅចំពោះមុខការបិទព្រំដែនដោយសារជំងឺរាតត្បាតកូវីដ-១៩។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េបាននិយាយថា កាំជ្រួចលឿនជាងសំឡេងនេះបានវាយប្រហារចំគោលដៅយ៉ាងជាក់លាក់ក្នុងរយៈចម្ងាយ ៧០០ គីឡូម៉ែត្រ។
កាលពីថ្ងៃពុធ រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់របស់ម្យ៉ាងដែលមើលទៅដូចជាមីស៊ីលផ្លោង ឆ្ពោះទៅសមុទ្រជប៉ុន ដោយផ្គើននឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
វាជាការបាញ់សាកល្បងមីស៊ីលលើកដំបូងចាប់តាំងពីខែតុលាឆ្នាំមុនមក។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ណូប៊ុអូ គីស្ស៊ី បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករានេះថា កាំជ្រួចនោះគឺជាប្រភេទមីស៊ីលផ្លោងប្រភេទថ្មី ហើយបានហោះក្នុងរយៈកម្ពស់អតិបរមាប្រហែល 50 គីឡូម៉ែត្រ ដែលទាបជាងមីស៊ីលផ្លោងធម្មតា។
អគ្គលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក ហ៊ីរ៉ូកាហ្ស៊ុ ម៉ាត់ស៊ុណូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា រដ្ឋាភិបាលជប៉ុនបានធ្វើការតវ៉ាទៅកាន់កូរ៉េខាងជើងតាមផ្លូវទូត ជុំវិញការបាញ់បង្ហោះកាំជ្រួចនេះ៕
—
យោង៖ https://english.kyodonews.net/news/2022/01/947021186103-urgent-korea-confirms-testing-newly-developed-hypersonic-missile.html