en     km
en     km

សាច់ញាតិលោក រ៉ុង ឈុន រំពឹងថាតុលាការនឹងដោះលែងលោកពេលប្រកាសសាលក្រមស្អែកនេះ

Share

ភ្នំពេញ៖ សាច់ញាតិក្រុមគ្រួសារលោក រ៉ុង ឈុន ដាក់ការរំពឹងទុកថា សាលាឧទ្ធរណ៍នឹងដោះលែងលោក រ៉ុង ឈុន នៅពេលប្រកាសសាលក្រមនៅថ្ងៃទី១២ ខែវិច្ឆិកាព្រឹកស្អែកនេះ ខណៈពួកគេយល់ថា លោក រ៉ុង ឈុន មិនបានប្រព្រឹត្តិកំហុសអ្វីដូចការចោទប្រកាន់នោះទេ តែផ្ទុយទៅវិញសកម្មភាពរបស់លោក រ៉ុង ឈុន គឺដើម្បីបុព្វហេតុផលប្រយោជន៍របស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

លោក​ កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

លោក រ៉ុង វិជ្ជា ក្មួយប្រុសលោក រ៉ុង ឈុន ដាក់ក្តីរំពឹងថា សាលាឧទ្ធរណ៍នឹងដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពឡើងវិញ ព្រោះលោកយល់ថាពូរបស់លោកគ្មានប្រព្រឹត្តិទោសកំហុសអ្វីនោះទេ។​ លោកបញ្ជាក់ថា ប្រសិនបើតុលាការដោះលែងលោក រ៉ុង ឈុន មែននោះសរបញ្ជាក់ឱ្យឃើញពីភាពយុត្តិធម៌ ភាពត្រឹមត្រូវ អព្យាក្រឹត្យ របស់ស្ថាប័នមួយនេះ ព្រោះសកម្មភាពតស៊ូមតិរបស់លោក រ៉ុង ឈុន គឺដើម្បីទាមទារផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋទន់ខ្សោយតែប៉ុណ្ណោះ។

លោក រ៉ុង វិជ្ជា ៖«គឺសកម្មភាពរបស់គាត់ធ្វើកន្លងមក មិនមានជាផលប៉ះពាល់ដូចការចោទប្រកាន់ បង្កអសន្តិសុខអីដល់សង្គម គាត់មានតែជួយប្រជាពលរដ្ឋទន់ខ្សោយ ជួយគ្រូបង្រៀន សហជីពកម្មករជាដើម ដូច្នេះតុលាការ ដែលប្រជាពលរដ្ឋរំពឹងថា ជាតុលាការយុត្តិធម៌ ដែលឯករាជ្យ ហើយអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួនគួរតែផ្តល់ភាពយុត្តិធម៌ជូនពូរបស់ខ្ញុំវិញបាទ»។

លោក រ៉ុង វិជ្ជា ក្មួយប្រុសលោក រ៉ុង ឈុន ផ្តល់កិច្ចសម្ភាសន៍នៅមុខសាលាដំបូងរាជធានីភ្នំពេញ។

 

ទាក់ទងការប្រកាសសាលក្រមនេះដែលលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រាប់វិទ្យុស្រ្តីថា លទ្ធផលនៃសាលក្រមរបស់សាលាឧទ្ធរណ៍នៅថ្ងៃស្អែកនេះ អាចនិយាយបានថាជាខ្នាតរង្វាស់រង្វាល់មួយដែលអាចវាយតម្លៃពីកម្រិតវិជ្ជាជីវៈ ឯករាជ្យ មិននៅក្រោមសម្ពាធនយោបាយ។អ្នកស្រីយល់ឃើញថា ការចាប់ខ្លួនសកម្មជននយោបាយ សិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនសង្គមនានាកន្លងមក បង្ហាញឱ្យឃើញនូវរូបភាពផ្តាច់ការ និងបិទសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់ពលរដ្ឋជាដើម។

លោកស្រី អ៊ុក ឆាយ៉ាវី៖«ហើយបើសិនមិនមានការដោះលែងពួកគាត់ទេ នេះជាមុខមាត់របស់ប្រទេសទាំងមូល គឺលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារយៈពេលកន្លងមកគឺធ្លាក់មកចំណុច បើសិនមិនដោះលែងពួកគាត់ទេនោះ»។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្តល់កិច្ចសម្ភាសន៍នៅមុខសាលាដំបូងរាជធានីភ្នំពេញ។

 

​លោក ​រ៉ុង ឈុន​ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​៣១ ខែ​កក្កដា ឆ្នាំ​២០២០ បន្ទាប់ពីលោកបានទៅមើលដីតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តត្បូងឃ្មុំហើយលោកបានធ្វើការអត្ថាធិប្បាយពីសកម្មភាពរបស់អាជ្ញាធរវៀតណាមហាមមិនឱ្យកសិកម្មខ្មែរធ្វើស្រែចម្ការ និងការបោះបង្គោលព្រំដែនចូលទឹកដីកម្ពុជាជាដើម។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្តន្ទា​ទោស​លោក ​រ៉ុង ឈុន ​ឲ្យ​ជាប់​ពន្ធនាគារ ​២ ​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ ​២ លាន​រៀល​ពី​«បទញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ទៅ​ពិនិត្យ​មើល​ព្រំដែន និង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏​ចម្រូង​ចម្រាស​អំពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

ទាក់ទងរឿងនេះ អង្គការសង្គមស៊ីវិលមួយចំនួនបានធ្វើយុទ្ធនាការតាមបណ្តេញសង្គមដើម្បីទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន និងសកម្មជននានា ដែលរហូតមកទល់បច្ចុប្បន្ននេះជាសប្តាហ៍ទី១៣ហើយ។ ក្នុងយុទ្ធនាការនោះ បណ្តាលអង្គការសង្គមស៊ីវិលយល់ឃើញថា សកម្មភាពតស៊ូមតិដើម្បីសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិគ្រូបង្រៀន សិទ្ធិកម្មករ កម្មាការិនីនិងការបញ្ចេញមតិពាក់ព័ន្ធផល​ប្រយោជន៍ជាតិ មិនសូវមានការគាំទ្រពីអាជ្ញាធរ តែផ្ទុយទៅវិញពួកគេបែរជាត្រូវបានចាប់ខ្លួន និងផ្តន្ទានទោសទៅវិញ៕

 

 

 

Share

ព័ត៌មានទាក់ទង

Image