en     km
en     km

មន្រ្តី គ.ជ.ប មានសុទិដ្ឋិនិយមពីសន្ទុះអ្នកចុះឈ្មោះបោះឆ្នោតថ្មីនឹងកើនខណៈបើកប្រទេសឡើងវិញ

Share

ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យ គ.ជ.ប ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០២ ខែវិច្ឆិកានេះដោយបង្ហាញសុទិដ្ឋិនិយមថា ចំនួនប្រជាពលរដ្ឋដែលទៅចុះឈ្មោះបោះឆ្នោតថ្មីនឹងមានសន្ទុះកើនឡើង ស្របពេលដែលរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញមានចំនួនអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន២៣ ១៩៦៨នាក់។ ចំនួននេះបើធៀបនឹងសិ្ថតិប៉ាន់ប្រមាណ ដែល គ.ជ.ប ត្រូវការអ្នកចុះឈ្មោះថ្មីចំនួនដល់ ១លាន ៦សែននាក់គឺមិនទាន់បាន ៥០% នៅឡើយទេ។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។

យ៉ាងណាបើតាមលោក ហង្ស  ពុទ្ធា ការបើកប្រទេសឡើងវិញជាបច្ច័យអំណោយទានមួយសម្រាប់ប្រជាពលរដ្ឋអាចធ្វើសកម្មភាពគ្រប់បែបយ៉ាងទាំងការប្រកបមុខរបររកស៊ី និងធ្វើការងារផ្សេងៗ ជាពិសេសការអញ្ជើញទៅចុះឈ្មោះបោះថ្មីសម្រាប់អ្នកដែលទើបគ្រប់អាយុបោះឆ្នោត។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះ។

 

បើទោះបីជាអ្នកនាំពាក្យ គ.ជ.ប រូបនេះមិនទាន់ហ៊ានទាញការសន្និដ្ឋានពីចំនួនអ្នកទៅចុះឈ្មោះអាចគ្រប់តាមគោលដៅរំពឹងយ៉ាងណាក្តី តែលោកមានសុទិដ្ឋិនិយមថា អំណឹះតទៅអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មីនឹងកើនឡើង ខណៈការិយាល័យចុះឈ្មោះបោះឆ្នោតបានរៀបចំវិធានការការពារសុវត្ថិភាពតាមវិធានសុខាភិបាលត្រឹមត្រូវ។

ប្រសាសន៍លោក ហង្ស ពុទ្ធា​៖

 

ដោយឡែកបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគិតត្រឹមថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២១ អ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត​មានចំនួនសរុបជាង១១ម៉ឺននាក់។ចំណែកអ្នកដែលត្រូវកែទិន្នន័យសរុបមានចំនួនជាង ៦ម៉ឺន៥ពាន់នាក់។និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំសង្កាត់ថ្មីមានចំនួនសរុបជាង ៦ម៉ឺន ៥ពាន់នាក់។

សូមបញ្ជាក់ថា ការពិនិត្យនិងការចុះឈ្មោះបោះឆ្នោតថ្មីចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ ដែលការិយាល័យទទួលចុះឈ្មោះបោះឆ្នោតធ្វើការទាំងថ្ងៃសៅរ៍និងថ្ងៃអាទិត្យផងដែរ។

ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។

 

តាមលោក ហង្ស ពុទ្ធា បញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១នេះ នឹងប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ ដែលជាអាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំសង្កាត់ ដែលត្រូវធ្វើនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ។​

លោក ហង្ស ពុទ្ធា អំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតទាំងអស់អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បីចូលរួមលើកស្ទួយសិទ្ធិរបស់ខ្លួនតាមរយៈការចុះឈ្មោះបោះឆ្នោត និងចេញទៅបោះឆ្នោត។

យ៉ាងណាសម្រាប់អ្នកឃ្លាំមើលកិច្ចការបោះឆ្នោតសង្កេតឃើញពីស្ថានភាពជាប់គាំងផ្នែកនយោបាយ ការរឹតត្បឹតការបញ្ចេញមតិលើរឿងនយោបាយ និងកត្តាមួយចំនួនអាចជាផ្នែកមួយបង្កការរាំងស្ទុះដល់ទឹកចិត្តពលរដ្ឋក្នុងការចេញទៅបោះឆ្នោតនាពេលខាងមុខ។

ជាអនុសាសន៍របស់អ្នកឃ្លាំមើលកិច្ចការបោះឆ្នោត ការសម្របសម្រួលនិងស្តារបរិយាកាសនយោបាយឱ្យល្អប្រសើរឡើងវិញ​ ការរៀបចំដំណើរការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ជាកត្តាលីករមួយជំរុញឱ្យប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោត និងចេញទៅបោះឆ្នោតនាពេលខាងមុខបានកាន់តែច្រើន៕

 

 

 

Share

ព័ត៌មានទាក់ទង

Image