ភ្នំពេញ៖ កម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋចំនួនជាង១០លាន៨៨ម៉ឺននាក់រស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ស្របពេលជាមួយគ្នានេះ នាយករដ្ឋសម្តេច ហ៊ុន សែន បានពន្យល់សមត្ថភាពនៃការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីដែលចាប់យកបង្អែកយុទ្ធសាស្រ្តវ៉ាក់សាំងចិន។
លោក កែវ សុខា អ្នករាយការណ៍ពីព័ត៌មាននេះ
ប្រជាជនដែលមានអាយុ ១៨ ឆ្នាំឡើងទៅចំនួនជាង ១០លាននាក់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩រួចរាល់ហើយ ខណៈកំពុងបន្តចាក់វ៉ាក់សាំងដល់កុមារនិងយុវវ័យអាយុ១២ឆ្នាំបានជិត ២លាននាក់ស្មើប្រមាណ៩៧.៨៩%។ ចំណែកកុមារអាយុពី៦ឆ្នាំដល់១២បានចំនួនជិត ២លាននាក់ដូចគ្នាដែលស្មើប្រមាណ១០១.២២%។
ហើយកម្ពុជាក៏ប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារអាយុ ៥ឆ្នាំដែលមានប្រហែល៣០ម៉ឺននាក់នាក់ផងដែរនៅថ្ងៃនេះ។នេះបើតាមទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីនៅថ្ងៃនេះ។
ក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ និង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ ឆ្នាំនៅថ្ងៃនេះ សម្តេច ហ៊ុន សែន បានលើកឡើងពីសមត្ថភាពក្នុងការវាយតម្លៃស្ថានភាព និងការសិក្សាទិន្នន័យបានត្រឹមត្រូវដើម្បីគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេស។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា ការសម្រេចចាប់យកបង្អែកចិនជាអ្នកផ្គត់ផ្គង់វ៉ាក់សាំងគឺបានប្រមូលធាតុចូលពីសហការីគ្រប់ជ្រុងជ្រោយ ដែលបានប្រមើមើលពីទិសដៅវិវត្តន៍នៃសង្វាក់ផ្គត់ផ្គង់ក្នុងពេលបច្ចុប្បន្ននឹងទៅអនាគត។
សម្រាប់នាយករដ្ឋមន្រ្តី ទោះបីជាកម្ពុជានៅមានប្រព័ន្ធសុខាភិបាលទន់ខ្សោយក៏ដោយ តែកម្ពុជាសម្រេចបានការចាក់វ៉ាក់ជូនដល់ពលរដ្ឋក្នុងអត្រាគ្របដណ្តប់បានលើស៨៥%។
សម្តេច ហ៊ុន សែន បន្ថែមទៀតថា យន្តការវ៉ាក់សាំងដែលសម្រេចបាននេះ ជាជោគជ័យធំធេងណាស់ក្នុង ក្របខ័ណ្ឌនៃខឿនការពារសុខភាពប្រជាជន។
សម្រាប់កម្ពុជា ប្រជាជនដែលបានចាក់វ៉ាក់សាំងសរុបចំនួនជាង១៣លាននាក់ស្មើនឹង៨៥.៦៨%នៃ
ប្រជាជនសរុប ១៦លាននាក់។
ដោយឡែក រដ្ឋាភិបាលកម្ពុជាបានចំណាយប្រាក់ប្រមាណ ២ ពាន់លានដុល្លារដើម្បីគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ១៩។ ប្រាក់នេះត្រូវចំណាយលើការព្យាបាលអ្នកជំងឺ អាហារហូបចុក និងការផ្តល់សាច់ប្រាក់ជូនជនងាយរងគ្រោះក្នុងវិបត្តិកូវីដ១៩។
ប៉ុន្តែយ៉ាងណា ក្នុងឱកាសនោះនាយករដ្ឋមន្រ្តីបានកត់សម្គាល់ឃើញថា ប្រជាជនកម្ពុជាមានអត្រានៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងបើធៀបនឹងប្រទេសជិតខាង។
សូមបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងសរុបចំនួនជាង ១១ម៉ឺននាក់ នៃចំនួនប្រជាពលរដ្ឋសរុបជាង១៦លាននាក់ កម្ពុជាមានអត្រាអ្នកឆ្លងទាបត្រឹម ០.៧៤%។ ប៉ុន្តែក្នុងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានអត្រា រហូតដល់ ២.៣៥% នាខណៈអ្នកដែលកំពុងត្រូវសង្រ្គោះបន្ទាន់មានចំនួន១១០០នាក់។ សម្រាប់នាយករដ្ឋមន្រ្តី បញ្ហានេះត្រូវពិនិត្យ និងយកចិត្តទុកដាក់ក្នុងការព្យាបាលអ្នកជំងឺឲ្យអស់ពីសមត្ថភាព៕