en     km
en     km

ប្រាក់ឈ្នួលកម្មករកាត់ដេរឆ្នាំ២០២២កើនតែ២ដុល្លារ ខណៈកម្មករត្អូញត្អែរពីការចំណាយផ្សេងៗ

Share

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានប្រកាសដំឡើងប្រាក់ឈ្នួលកម្មករកាត់ដេរចំនួន ២ដុល្លារបន្ថែមសម្រាប់ឆ្នាំ២០២២ខាងមុខនេះ ដែលនាំឱ្យប្រាក់ឈ្នួលទាបបំផុតបានឡើងដល់ ១៩៤ដុល្លារ។ ជុំវិញរឿងនេះកម្មករ និងសហជីពលើកឡើងថា ការតម្លើងប្រាក់ឈ្នួលឆ្នាំនេះតិចតួចខ្លាំងណាស់ ខណៈកម្មករត្រូវចំណាយផ្សេងៗខ្ទង់ ២០០ដុល្លារក្នុងមួយខែទៅហើយ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

នៅទីបំផុតប្រាក់ឈ្នួលដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប បានកើនចំនួន ២ដុល្លារថែមទៀតសម្រាប់ឆ្នាំ២០២២នេះ ដែលនាំឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់១៩៤ដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៨​ ខែកញ្ញានេះ។

តាមក្រសួងការងារការសម្រេចនេះ បន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី បានបោះឆ្នោតជ្រើសរើសតួលេខរួមមួយ បន្ទាប់ពីភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទ។

តួលេខដែលកំណត់ដោយតំណាងភាគីកម្មករនិយោជិតមានចំនួន ២០៤ដុល្លារអាមេរិកទទួលបានសំឡេងឆ្នោតតែ ៦សំឡេងក្នុងចំណោម ៥១សំឡេង។ ចំណែកតួលេខកំណត់ដោយតំណាងភាគីនិយោជកចំនួន ១៨៨ដុល្លារអាម៉េរិកមិនបានទទួលសំឡេងឆ្នោតនោះទេ។ រីឯតួលេខតំណាងដោយភាគីរាជរដ្ឋាភិបាលចំនួន ១៩២ ដុល្លារអាម៉េរិកនោះទទួលបានសំឡេងឆ្នោត ៤៥សំឡេង លើ ៥១សំឡេង។

ពិធីបោះឆ្នោតប្រាក់ឈ្នួលកម្មករឆ្នាំ២០២២នៅក្រសួងការងារ។រូបភាពគេហទំព័រក្រសួងការងារ។

 

ដូច្នេះនាំឱ្យប្រាក់ឈ្នួលកម្មករនៅឆ្នាំ២០២២នេះ ដូចគ្នាទៅនឹងប្រាក់ឈ្មួលកាលពីឆ្នាំ២០២១ ដែលគឺ១៩២ដុល្លារ តែសម្រេចសម្រួលទៅរដ្ឋាភិបាលប្រកាសថែម ២ដុល្លារធ្វើឱ្យកើនដល់ ១៩៤ដុល្លារ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារមានប្រសាសន៍ថា ការសម្រេចបន្ថែមប្រាក់ចំនួន២ ដុល្លារនេះជាការគិតគូររបស់នាយករដ្ឋមន្រ្តីមកលើកម្មករ ខណៈកម្មករជួបការលំបាកក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។ តែយ៉ាងណារដ្ឋមន្រ្តីក្រសួងការងារឱ្យដឹងថា កម្មករជាមធ្យមអាចទទួលបានប្រាក់បៀវត្សយ៉ាងតិច ២១១ដុល្លារអាម៉េរិក ដល់ ២២២ ដុល្លារអាម៉េរិកក្នុងមួយខែដែលបានពីការបូកបញ្ចូលប្រាក់អត្ថប្រយោជន៍នានា​។

លោក អ៊ិត សំហេង បោះឆ្នោតរើសតួលេខប្រាក់ឈ្នួលកម្មករ។

 

យ៉ាងណាកម្មករមួយរូបធ្វើការក្នុងរោងចក្រកាត់ដេរមួយកន្លែងក្នុងភូមិត្រពាំងថ្លឹង​ ខណ្ឌពោធិ៍សែនជ័យលោក ចាន់ ធារិទ្ធឹ ប្រាប់វិទ្យុស្រ្តីថា លោកមានការអាក់អន់ចិត្តយ៉ាងខ្លាំងដែលប្រាក់ខែគោលបានឡើងតែ២ដុល្លារបែបនេះ។ លោកត្អូញត្អែរថា សព្វថ្ងៃលោកត្រូវចំណាយលើការចាយវាយប្រចាំខែប្រហែល២០០ដុល្លារទៅហើយ ដូច្នេះការឡើងបានតែ ២ដុល្លារបែបនេះមិនបានជួយឱ្យជីវភាពកម្មករបានល្អប្រសើរឡើងឡើយ។ លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធពិសេសរដ្ឋាភិបាលគួរពិចារណាឡើងវិញពីប្រាក់ខែកម្មករនៅឆ្នាំ២០២២ខាងមុខនេះ ខណៈប្រាក់ឈ្នួលផ្ទះ ថ្លៃទឹក ភ្លើង និងទំនិញលើទីផ្សារបានឡើងជារៀងរាល់ឆ្នាំ។

ទាក់ទិនរឿងនេះដែរលោក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានសម្តែងការសោកស្តាយនិងមិនពេញចិត្តចំពោះប្រាក់ឈ្មួលកម្មករដែលបានត្រឹមតែ ១៩៤ បែបនេះ។ លោកថាដោយសារបញ្ហាជំងឺកូវីដ១៩​ នាំឱ្យសំឡេងកម្មករមិនអាចទាមទារប្រាក់ឈ្នួលបានខ្ពស់។ យ៉ាងណាលោកមានសុទិដ្ឋិនិយមថា នៅឆ្នាំក្រោយប្រាក់ឈ្មួលកម្មករនឹងអាចឡើងបានខ្ពស់ជាងនេះ ព្រោះការបោះឆ្នោតបានមកដល់។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។

 

ជាការកត់សម្គាល់ នៅអំឡុងពេលនៃការចរចាប្រាក់ឈ្មួលគោលកម្មករកាតដេរកម្មករឆ្នាំ​ ២០២២នេះ កម្មករ កម្មការិនីមួយចំនួនបាននាំគ្នា​ធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ដោយពួកគេបានថតរូបឈរ និងអង្គុយលើកបដាទាមទារប្រាក់ឈ្នួលគោលចំនួន ២១៤ដុល្លារ៕

Share

ព័ត៌មានទាក់ទង

Image