en     km
en     km

គណបក្សកែទម្រង់កម្ពុជាបានចុះបញ្ជីជាផ្លូវការខណៈគណបក្សបេះដូងជាតិត្រូវព្រមានមិនឱ្យចុះបញ្ជី

Share

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានសម្រេចចុះបញ្ជីឱ្យគណបក្ស«កែទម្រង់កម្ពុជា»ក្នុងបញ្ជីគណបក្សនយោ បាយនៅក្រសួងមហាផ្ទៃហើយកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។ តែនៅថ្ងៃទី១៥ កញ្ញា ដដែលក្រសួងមហាផ្ទៃក៏បានព្រមានមិនចុះបញ្ជីដល់ «គណបក្សបេះដូងជាតិ»ករណីមិនគោរពលក្ខន្តិកៈច្បាប់ស្តីពីគណបក្សនយោបាយ។

យោងតាមសេចក្តីជូនដំណើររបស់ក្រសួងមហាផ្ទៃ គណបក្សកែទម្រង់កម្ពុជាដែលមានលោក អ៊ូ ច័ន្ទរ័ត្ន​ និងលោក​ប៉ុល ហំម ជាថ្នាក់ដឹកនាំបក្សនេះគឺមានអាស័យដ្ឋាននៅស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីរួចរាល់ហើយ។ តែក្រសួងមហាផ្ទៃបានណែនាំដល់គណបក្សនេះ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋាន គតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

ដោយឡែកគណបក្សបេះដូងជាតិដែលមានលោក សៀម ភ្លុក ជាតំណាងស្ថាបនិកវិញ ត្រូវបានក្រសួងព្រមានមិនចុះបញ្ជីដោយ សារមិនអនុវត្តតាមស្មារតីស្តីពីវិធាននៃការបញ្ចូលសមាជិកភាពទៅក្នុងលក្ខន្តិកៈគណបក្សស្របតាមបញ្ញត្តិមាត្រា ១០ ត្រង់ចំណុច ៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

ក្នុងលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ក៏បានព្រមានដោយទុកពេលឱ្យគណបក្សបេះដូងជាតិរយៈពេលត្រឹម ១៥ថ្ងៃ ក្នុងការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឱ្យបានត្រឹមត្រូវ បើពុំដូច្នេះទេក្រសួងមិនចុះបញ្ជីឈ្មោះ«គណបក្សបេះដូងជាតិ»ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃនោះឡើយ។

ទាក់ទិនក្នុងរឿងនេះលោក អ៊ូ ច័ន្ទរ័ត្ន សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១៧ ខែកញ្ញានេះថា គណ បក្សមានផែនការនឹងចុះមូលដ្ឋានរៀបចំរចនាសម្ព័ន្ធនិងពង្រឹងសមាសភាពអ្នកឈរឈ្មោះនៅតាមឃុំសង្កាត់ ព្រមជាមួយការលើកស្លាកគណបក្សតាមបណ្តាខេត្តផងដែរ។ លោក អ៊ូ ច័ន្ទរ័ត្ន បន្ថែមថា គណបក្សកែទម្រង់កម្ពុជានឹងបន្តការរួបរួមអ្នកប្រជាធិបតេយ្យនានា និងកៀងគរគណបក្សផ្សេងៗច្របាច់បញ្ចូលគ្នាជាបក្សតែមួយ ដើម្បីមានកម្លាំងគ្រប់គ្រាន់ទៅប្រកួតជាមួយគណបក្សកាន់អំណាច។

លោក អ៊ូ ច័ន្ទរ័ត្ន ធ្លាប់ជាអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ។រូបភាពពីហ្វេសប៊ុកលោក អ៊ូ ច័ន្ទរ័ត្ន។

សូមស្តាប់ការលើកឡើងបន្ថែមរបស់លោក អ៊ូ ច័ន្ទរ័ត្ន

នៅថ្ងៃនេះដែរវិទ្យុស្ត្រីពុំទាន់អាចទាក់ទង លោក សៀម ភ្លុក តំណាងស្ថាបនិកគណបក្សបេះដូងជាតិសុំការពន្យល់បន្ថែមបាននោះទេ។

ជាការកត់សម្គាល់ ក្រោយពីមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិមួយចំនួនបានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ មន្រ្តីខ្លះបានបង្កើតគណបក្សថ្មីៗដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ ២០២២ និងឆ្នាំ ២០២៣។ ក្នុងនោះមានគណបក្សកម្ពុជានិយមដែលមានលោក យ៉ែម ប៉ុញ្ញឫទ្ធិ ​ជាមន្រ្តី​ជាន់​ខ្ពស់​នៃ​អតីតគណ​បក្ស​សង្រ្គោះ​ជាតិ និងជាមនុស្សស្និទ្ធនឹងលោក កឹម សុខា៕

 

Share

ព័ត៌មានទាក់ទង

Image