អ្នកនាំពាក្យក្រសួងការងារ អោយដឹងថាទំហំនៃការនាំចេញផលិតផលកាត់ដេរ នៃប្រទេសកម្ពុជា អាចនឹងធ្លាក់ចុះពីចន្លោះពី ៥០ ទៅ ៦០ភាគរយ នៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ស្របពេលរោងចក្រ ជាង១៣០ ប្រកាសព្យួរ ដំណើរការផលិតកម្ម របស់ខ្លួន ដោយពុំមានអ្នកបញ្ចាទិញ ចំពេល អឺរ៉ុបផ្ទុះការឆ្លងមេរោគកូរ៉ូណា ។
លោក ហេង សួរ បានថ្លែងបែបនេះនៅក្នុងសន្និសីទកាសែត នៅឯទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីរសៀលថ្ងៃ២៨មេសានេះ។
តាមអ្នកនាំពាក្យ គឺការនាំចេញនៅក្នុងត្រីមាសទី១កន្លងមកនេះ មានទំហំត្រឹមតែ ៨០ភាគរយប៉ុណ្ណោះ បើធៀបនឹងតួលេខនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ហេង សួរ បន្តថា មកដល់ថ្ងៃទី២៧ ខែមេសា កម្ពុជានៅមិនទាន់ទទួលបានការបញ្ជាទិញពីអ្នកបញ្ជាទិញនៅឡើយទេ ដែលលោកគិតថាខែបន្ទាប់ក៏អាចការប៉ះពាល់ខ្លាំងជាងខែមុនៗ ។
លោកគិត ថា ការនាំចេញក្នុងត្រីមាសទី២ អាចមានទំហំចន្លោះពី ៥០ ទៅ៦០ភាគរយ នៃទំហំនាំចេញផលិតផលកាត់ដេរនៅត្រីមាសទី២ ឆ្នាំ២០១៩។
លោកបញ្ជាក់ដូចនេះថា«អ្នកបញ្ជាទិញខ្លះសុខចិត្តបន្តបង់នូវអ្វីដែលបានដេររួចហើយ ទោះបីគាត់មិនទាន់ឱ្យនាំចេញ ក៏ដោយ។ ប៉ុន្តែ គាត់មិនឱ្យបន្ថែមវត្ថុធាតុដើម ឬមួយដាក់ការបញ្ជាទិញបន្ថែមនោះទេ។ ដូចនេះហើយបានជាធ្វើឱ្យខែទី៤ ខែ៥ និងខែ៦ គឺអ្នកបញ្ជាទិញ អាច អត់ទាន់ហ៊ានកំណត់ និងដាក់តួលេខនៃការបញ្ជាទិញជាក់ស្ដែងទេ»។
បើតាមមន្ត្រីនាំពាក្យរូបនេះ ទំហំនៃការនាំចេញបាននិងកំពុងធ្លាក់ចុះក៏ព្រោះតែការផ្ទុះឡើង និងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ ទាំងនៅប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា កាលពីពេលថ្មីៗនេះបានអោយដឹង ថា បញ្ហាធំដែលកើតមានចំពោះការបញ្ជាទិញនេះ គឺនៅអឺរ៉ុប និងអាមេរិកព្រោះតែ ប្រទេសទាំងនោះធ្លាក់ក្នុងស្ថានភាពជំងឺឆ្លងកូវិដ។
តែទោះយ៉ាងណា លោកថា ការធ្លាក់ចុះនេះ គឺមិនមែនមានតែកម្ពុជានោះទេ គឺមានគ្រប់ប្រទេសដែលផលិតទាំងអស់ ព្រោះជំងឺកូវីដ១៩នេះ បានធ្វើឱ្យប៉ះពាល់ជាសកលជាពិសេសប្រទេសដែលបញ្ជាទិញ។
ទន្ទឹមនឹងនេះ ដែរ អ្នកនាំពាក្យក្រសួងការងារឱ្យដឹងថា រោងចក្រកាត់ដេរ ជាង ១៣០ បានសម្រេចដាក់ពាក្យព្យួរផលិតកម្មរបស់ពួកគេដោយសារពិភពលោកផ្ទុះមេរោគកួរ៉ូណា រាប់ទាំងកម្ពុជាផងដែរ ហើយករណីនេះ ឱ្យប៉ះពាល់ដល់ការងាររបស់កម្មករកម្មការិនីជិត ១០ម៉ឺននាក់ ។
លោក ហេង សួរ បានបញ្ជាក់ថា ចាប់ពីវីរុសកូរ៉ូណា បានផ្ទុះឡើង រោងចក្រកាត់ដេរនៅកម្ពុជាមួយចំនួនធំ បានដាក់ពាក្យឈប់ដំណើរការ និងផ្អាកការងារជាបន្តបន្ទាប់។តែលោកអះអាងថារោងចក្រទាំងនោះនឹង សម្រេចព្យួរការងារមួយរយៈប៉ុណ្ណោះ ដោយមិនឈានទៅដល់ការបិទទាំងស្រុងនោះទេ។
យ៉ាងណា មានការព្រមានថា វិស័យវាយនភណ្ឌនៅកម្ពុជា នឹង ប្រឈមមួយកម្រិតទៀត នៅ ប្រសិបើ សហភាពអឺរ៉ុប សម្រេច ដាក់ចេញមួយផ្នែក នៃការហូតពន្ទពីកម្ពុជា ដែលគេហៅថា ប្រព័ន្ធពន្ធអនុគ្រោះ EBA នៅខែសីហា ឆ្នាំ២០២០ ។ ករណីនេះ នាំអោយកម្ពុជា ត្រូវ បំពេញកាតព្វកិច្ច បង់ពន្ធចូលអឺរ៉ុប ។ ក្នុងហេតុផលនេះ អ្នកសេដ្ឋកិច្ចព្រមានពីរើចេញក្រុមហ៊ុន មួយចំនួន ពីកម្ពុជា ដែលក្រុមទាំងនោះ មិនចង់នាំទំនិញចូលទីផ្សារអឺរ៉ុបដោយ បង់ពន្ធ។
វិស័យវាយនភណ្ឌ និងវិស័យផ្សេងៗទៀត ចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយពុំមានរនាំងពន្ធគយ បានធ្វើទំហំពាណិជ្ជកម្ម របស់កម្ពុជា កើន ដល់ទៅជាង៤ពាន់លានដុល្លារអាមេរិក ហើយ ជាប្រយោជន៍ ដល់កម្មករ កម្មការិនី ជិតមួយលាននាក់ និង អ្នកស្រូបបានផលប្រយោជន៍ជាប្រយោល ប្រមាណជាជាង២លាននាក់ទៀត៕ពៅនិកា