ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែង បញ្ហាគ្រោះថ្នាក់ចរាចរណ៍មិនមានការថយចុះទេ នេះក៏ដោយសារតែអ្នកបើយាន្តយន្តមិនស្ដាប់ និងអនុវត្តតាមការណែនាំរបស់ក្រសួងហាផ្ទៃ ។
រាយការណ៍ដោយ លោក សោម លាភ
ការថ្លែងរបស់សម្ដេចស ខេង បែបនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែឧសភា ។
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបង្ហាញក្ដីព្រួយបារម្ភចំពោះការកើនឡើងឥតឈប់ឈរពាក់ព័ន្ធនឹងករណីគ្រោះថ្នាកចរាចរនេះ ។
រដ្ឋមន្ត្រីរូបនេះថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាអ្នកបើកបរយាន្តយន្ត ។
ឱបនាយករដ្ឋមន្ត្រីទី១ រូបនេះ បន្ថែមថា ខ្លួនឈឺក្បាលចំពោះគ្រោះថ្នាក់ចរាចរនេះ ព្រោះជាក់ស្ដែងសម្ដេចថា កាលពីក្នុងអំឡុងពេលចូលឆ្នាំ ប្រពៃណីជាតិ គឺមានមនុស្សគ្រោះថ្នាក់ច្រើនពេក ដែលធ្វើឱ្យសម្ដេចឈប់ចង់មើលព័ត៌មាន ។
សម្ដេច ស ខេង ថាប្រការដែលសំខាន់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរនេះ គឺមានតែបន្តការអប់រំផ្សព្វផ្សាយទេ ដែលជាមធ្យោបាយមានប្រសិទ្ធភាព ។
សម្ដេច ស ខេងបានលើកឡើងថា ការដែលពលរដ្ឋស្រវឹង ហើយបើកបរដែលបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ ក៏ជាការធ្វើប្រទេសកម្ពុជាផ្ទាល់ខ្មាស់ជាតិសាសន៍ដទៃដែរ ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បង្ហាញក្ដីព្រួយបារម្ភចំពោះករណីគ្រោះថ្នាក់ចរាចរផងដែរ ដែលសម្ដេចថាជាការព្រួយបារម្ភជាជាងប្រទេសកំពុងមានសង្គ្រាមទៅទៀត ។
បើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកឡើងកាលពីខែមករាឆ្នាំ ២០១៩ថា គ្រោះថ្នាក់ចរាចរកាលពីឆ្នាំ២០១៨ កើតឡើង ចំនួន ៣ ២៦៧ លើក បណ្តាលឲ្យស្លាប់ ១ ៧៦១ នាក់ និងរបួស ៤ ៧៧០ នាក់ ។
បើតាមរបាយការណ៍របស់គណៈកម្មាធិការនេះបង្ហាញទៀតថា នៅឆ្នាំដដែលនោះ ចំនួនជនរងគ្រោះជាមធ្យម ក្នុងមួយថ្ងៃ ស្លាប់ចំនួន ៤ ទៅ៨នាក់ និងរបួស ១៣នាក់ ។ ពាក់ព័ន្ធនឹងមូលហេតុវិញរួមមាន បើកបរហួសល្បឿនកំណត់ ៣៧ភាគរយ, មិនគោរពសិទ្ធិ ១៩ភាគរយ, មិនប្រកាន់ស្តាំ ១៣ភាគរយ, វ៉ាជែង ១១ភាគរយ, បត់ស្ដាំ ឬឆ្វេង ១០ភាគរយ, ស្រវឹង ៥ភាគរយ, កត្តាយានយន្ត ៣ភាគរយ និងបើកបរក្នុងស្ថានភាពងងុយមាន ២ភាគរយ ៕