en     km
en     km

ក្រសួងសេដ្ឋកិច្ច៖ កម្ពុជាជំពាក់បំណុលបរទេសតែជាង ៧ពាន់លានដុល្លារតែប៉ុណ្ណោះ

Share

ភ្នំពេញ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ម្ដងទៀតថា កម្ពុជាជំពាក់បំណុលបរទេសត្រឹមតែជាង ៧ ពាន់លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ខណៈកន្លងមកមានការចុះផ្សាយថាការជំពាក់បំណុលបរទេសរបស់កម្ពុជាមានជាង ១ ម៉ឺនលានដុល្លារ ។  សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ គឺចុះផ្សាយនៅថ្ងៃទី ២ មេសា ម្សិលមិញ ។

លោកសោមលាភរាយការណ៍៖

សេចក្ដីប្រកាសដដែលបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០១៨ កម្ពុជា​មាន​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ប្រមាណ ៧ពាន់​លាន​ដុល្លារ មិន​មែន ជាង​១ម៉ឺន​លាន​ដុល្លារនោះ​ទេ ​។

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ​វត្ថុ បញ្ជាក់ឲ្យ​ដឹង​ថា ដោយសារមានការចុះផ្សាយពីបណ្ដាសារព័ត៌មានមួយចំនួន ស្រង់ថាបំណុលកម្ពុជាជំពាក់បរទេសជាង ១ម៉ឺនលានដុល្លារនោះជាការមិនត្រឹមត្រូវទេ ។

ក្រសួងបញ្ជាក់ថា  តួលេខ​បំណុល​ជាង​១ម៉ឺន​លាន​ដុល្លា​រនោះ ជា​តួលេខ​នៃ​ការ​ខ្ចី​ឥណទាន​សម្បទាន ដែល​រដ្ឋា​ភិបាល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​ដៃ​គូ​អភិវឌ្ឍន៍ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ដំណាច់​ឆ្នាំ​២០១៨ ។

យ៉ាងណាក្រសួងបញ្ជាក់ថា ​តួលេខនេះ មិនមែនជាតួលេខ​សន្និ​ធិ​បំណុល ឬ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស ដែល​កម្ពុជា​ជំពាក់​ជាក់​ស្តែង​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៨នោះ​ទេ ​។

តែយ៉ាងណា ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ​ឱ្យដឹងថា គិតត្រឹមឆ្នាំ ២០១៨ តួ​លេខ​សន្និធិ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស គឺ​មាន​ចំនួន​ប្រមាណជាង​៧ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ ។

យ៉ាងណា សង្គមស៊ីវិលថា កម្ពុជាគួរតែបន្ថយការខ្ចីបំណុលបរទេស និងត្រូវពិនិត្យទៅលើលក្ខខ័ណ្ឌនៃការខ្ចីឱ្យបានហ្មត់ចត់ ប្រើប្រាស់កម្ចីឱ្យត្រឹមត្រូវតាមគោលដៅ និងមានប្រសិទ្ធភាព ។

ដោយឡែក អ្នកជំនាញសេដ្ឋកិច្ចថា ការខ្ចីបំណុលបរទេសនេះ មិនមែនជារឿងអាក្រក់សម្រាប់កម្ពុជានោះទេ ។ យ៉ាងណា កម្ពុជាត្រូវតែខ្ចីបន្តទៀត ព្រោះដើម្បីអភិវឌ្ឍន៍ប្រទេស ប្រសិនបើពឹងផ្អែកទៅលើតែការប្រមូលពន្ធគឺមិនងាយគ្រប់គ្រាន់ក្នុងការអភិវឌ្ឍឱ្យជឿនលឿនឡើយ ។

អ្នកសេដ្ឋកិច្ចបញ្ជាក់ថា អ្វីដែលព្រួយបារម្ភគឺការយកកម្ចីទាំងនោះទៅប្រើប្រាស់គ្មានប្រសិទ្ធភាព ។

តែយ៉ាងណា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថារាជរដ្ឋា​ភិបាល​កម្ពុជា បាន​និង​កំពុង​គ្រប់​គ្រង​បំណុល​សាធារណៈ ប្រកប​ដោយ​ស្មារតី​ប្រុងប្រយ័ត្ន​  និង​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​គន្លឹះ​ចំនួន​៤ គឺទី ១-​ត្រូវ​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សម​ស្រប ដែល​ស្ថាន​ភាព​ថវិកា និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​ ទី២- គឺរដ្ឋា​ភិបាល​ខ្ចី​តែ​ឥណទាន​ដែល​មាន​កម្រិត​សម្ប​ទាន និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ទី៣-​ត្រូវ​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរ​ភាព​នៃ​កំណើន​សេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិត​ភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម និងទី៤-​ត្រូវ​ប្រើ​ប្រាស់​ឥណទាន​ប្រកប​ដោយ​តម្លា​ភាព គណ​នេយ្យ​ភាព ប្រសិទ្ធ​ភាព និង​ស័ក្តិ​សិទ្ធិ​ភាព​ខ្ពស់​បំផុត​ ៕

អត្តបទដោយ៖ សោម លាភ

Share

ព័ត៌មានទាក់ទង

Image