en     km
en     km

សម្ដេចហ៊ុនសែន៖ទ្វារសម្រាប់បើកសិទ្ធិធ្វើនយោបាយវិញនៃបក្សប្រឆាំងអាចនឹងបិទ​នៅ​មុនចូលឆ្នាំ

Share

ភ្នំពេញ៖ កម្ពុជាកំពុងដើរទៅការបាត់បង់សិទ្ធិទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBA នៅប៉ុន្មានខែខាង​មុខនេះ បើបក្សកាន់អំណាចនៅកម្ពុជា មិនស្ដារសិទ្ធិសេរីភាពពលរដ្ឋនិងអ្នកនយោបាយ​នៃ​ប​ក្សប្រឆាំងឡើងវិញ ។ យ៉ាងណា នៅថ្ងៃចន្ទទី៤មីថុនានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ កាន់អំណាចផ្ញើ​សារ​ទៅ​ក្រុម​អ្នកប្រឆាំង​ថា ទ្វារ​សម្រាប់​ពួកគេ​ចូលធ្វើ​នយោបាយ អាច​ត្រូវ​បិទ​ទៅវិញ នៅមុន​ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ ប្រសិនបើ​ពួកគេ ព្រងើយកន្តើយ និង​គិតតែ​ពី​ទាមទារ​លក្ខខណ្ឌមិនចេះចប់។តែអ្នកវិភាគយល់ថា វិសោធនកម្មច្បាប់មាត្រា៤៥ស្ទួន គ្មានប្រសិទ្ធភាព ហើយចាញ់យុទ្ធសាស្រ្តរបស់ លោកសម រង្ស៊ី ។

លោក សោម លាភ ជូនសេចក្ដីលំអិត ៖

 

សម្ដេច ហ៊ុន សែន ថ្លែងខ្លាំងៗនៅចំពោះមុខឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាថា បុគ្គលដែលស្នើសុំសិទ្ធិធ្វើនយោបាយ ត្រូវដាក់ពាក្យមកឱ្យឆាប់ កុំចាំដោះលែងលោក កឹម សុខា បើពុំនោះទេ ការបើកច្រកនយោបាយនេះអាចនឹងត្រូវបាត់បង់ ទោះបីដាក់ពាក្យស្នើសុំក៏ដោយ ព្រោះសិទ្ធិនៅនាយករដ្ឋមន្ត្រី ហើយក៏មិនមានការដោះលែង ឬទម្លាក់ការចោទប្រកាន់លើលោក កឹម សុខា នោះទេ ព្រោះស្ថិតក្នុងដំណាក់កាលនីតិវិធីតុលាការ។

ថ្លែងនៅក្នុងពិធីបើកការសាងសង់ផ្សេងៗក្នុងគម្រោងការពារទឹកជំនន់ និងកែប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅថ្ងៃទី ៤ នេះ សម្ដេចបញ្ជាក់សារនយោបាយទៅដល់មន្ត្រីអតីតគណបក្សប្រឆាំង ឱ្យស្នើសុំសិទ្ធិធ្វើនយោបាយ ដើម្បីចូលរួមនយោបាយក្នុងការបោះឆ្នោតឆ្នាំ ២០២២ និង ២០២៣ ។

នាយករដ្ឋមន្ត្រីបន្ថែមថា ប្រសិនបើមិនមានការស្ដារនីតិសម្បទារធ្វើនយោបាយនៅឡើយនោះទេ ហើយបុគ្គលនោះធ្វើនយោបាយ សម្ដេចនឹងវ៉ៃខ្នោះ ។

នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ទៅបក្សប្រឆាំងថាកុំបាច់ចាំឱ្យមានការដោះលែងលោក កឹម សុខា ទើបសុំសិទ្ធិធ្វើនយោបាយ ព្រោះគ្មានថ្ងៃដោះលែង ឬទម្លាក់ការចោទប្រកាន់នរណាម្នាក់ឡើយ ។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ចង់សម្ដៅឱ្យមន្ត្រីអតីតបក្សប្រឆាំងឱ្យប្រញាប់ដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយ បើពុំនោះទេ ឱកាសអាចនឹងបាត់បង់ ។

សម្ដេច បញ្ជាក់ដោយបង្ហាញពីភាពដែលមិនអង្វរឱ្យបុគ្គលណាម្នាក់ក្នុងការស្នើសុំសិទ្ធិធ្វើសកម្មភាពនយោបាយនោះឡើយ ព្រោះក៏ស្រួលសម្រាប់សម្ដេចក្នុងការគ្រប់គ្រងស្ថានការណ៍ ។

សម្ដេច ហ៊ុន សែន ថា ផ្លូវមានតែពីរប៉ុណ្ណោះសម្រាប់មន្ត្រីអតីតបក្សប្រឆាំង គឺទីមួយសុំសិទ្ធិធ្វើនយោបាយ និងទី២ រង់ចាំដល់ផុតកាលកំណត់នៃការហាមឃាត់ ដែលសម្រេចដោយតុលាការកំពូល ។

អ្នកវិភាគនៅកម្ពុជាមានច្រើនមជ្ឈដ្ឋាន អ្នកខ្លះ វិភាគ រិះគន់ ទៅលើ បុគ្គលនិងបក្ស។​តែអ្ន​កវិភាគខ្លះ និយាយយោងលើស្ថានការណ៍ជាក់ស្ដែង។ លោកឯមសុវណ្ណារ៉ា យល់​ឃើញថា

អ្នកនយោបាយជាប់បំរាមទាំងនោះ បើសុំសិទិ្ធធ្វើនយោបាយគឺត្រូវដាក់ខ្លួនឯងថាដើរឆ្ងាយពី​បណ្ដាំ​របស់លោកសមរង្ស៊ី។ លោកថា វិសោធនកម្មច្បាប់មាត្រា៤៥ស្ទួន គ្មានប្រសិទ្ធភាព ហើយចាញ់យុទ្ធសាស្រ្តរបស់ លោកសមរង្ស៊ី។

ការសើរើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយមាត្រា ៤៥ ថ្មីស្ទួនមួយ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសដាក់ឱ្យប្រើប្រាស់ជាប្រញាប់កាលពីថ្ងៃទី ២ មកករា ឆ្នាំ​២០១៩ ។ មកទល់ពេលនេះ មានលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ និងកូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា ត្រូវបានស្ដារនីតិសម្បទារធ្វើនយោបាយវិញដោយព្រះមហាក្សត្រ ។ យ៉ាងណា លោក ស៊ីម សុវណ្ណនី មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ក៏នឹងដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយនាពេលឆាប់ៗនេះដែរ ៕

អត្តបទដោយ៖ សោម លាភ

Share

ព័ត៌មានទាក់ទង

Image