en     km
en     km

សម្តេច ហ៊ុន សែន ប្ដេជ្ញាមិនអោយមានរដ្ឋប្រហារឬបដិវត្តពណ៌ក្នុងអំំឡុងសម្ដេចជានាយករដ្ឋមន្ត្រី

Share

សម្ដេចនាយករដ្ឋមន្ត្រីបានតាំងចិត្តយ៉ាងរឹងមាំថា ក្នុងអំឡុងសម្ដេចធ្វើជានាយករដ្ឋមន្ត្រីគឺសម្ដេចមិនបណ្ដោយអោយមានរដ្ឋប្រហារ ឬបដិវត្តន៍ ពណ៌ប្រឆាំងការដឹកនាំរបស់សម្ដេចបានឡើយ។

ក្នុងហ្វេសប៊ុកផេករបស់សម្តេចកាលពីថ្ងៃទី ២៤ ខែកញ្ញាម្សិលមិញនេះ ដែលជាខួបលើកទី ២៩ឆ្នាំ នៃការប៉ុនប៉ងសម្លាប់សម្តេចនៅខេត្តសៀម រាប  សម្តេច ហ៊ុន សែន បានសរសររៀបរាប់ថា ៖ « ខ្ញុំបានអហោសិកម្មឲ្យអ្នកដែលចង់សម្លាប់ខ្ញុំ នៅខេត្តសៀមរាបរួចហើយ បើទោះជាខ្ញុំមានពន្លឺក្នុងការស្រាវជ្រាវក៏ដោយ តែអ្នកត្រូវដឹងថា ពេលណាខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំមិនឲ្យពួកអ្នកសម្លាប់ខ្ញុំបានទេមិនឲ្យពួកអ្នកធ្វើរដ្ឋប្រហារ ឬធ្វើបដិវត្តពណ៌បានទេ។ ទោះដោយតម្លៃណាក៏ដោយខ្ញុំត្រូវការពារសន្តិភាព និងការពារជីវិតប្រជាជនកម្ពុជាឲ្យខានតែបាន»

សម្តេចនាយករដ្ឋមន្ត្រីបានរំលឹកថា ការរៀបចំធ្វើឃាតលើរូបសម្តេចនាពេលនោះ ត្រូវបានធ្វើឡើងស្របពេលនៃការប្រជុំសភានីតិកាលទី២ ដែលត្រូវប្រជុំនៅព្រះរាជដំណាក់នាទីក្រុងសៀមរាប ក្រោមព្រះរាជអធិបតីភាព សម្តេចព្រះ នរោត្តម សីហនុ។ ប្រសិនបើពេលនោះគ្រាប់បេ៤០ ទាំង៤ គ្រាប់ផ្ទុះព្រមគ្នាទាំងអស់ ឬព្រឹកនោះមិនមានភ្លៀងធំស្ទើរបាក់មេឃដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ទាំងនេះឆ្លងទឹក គឺប្រហែលជីវិតសម្តេចត្រូវចប់តាំងពីពេលនោះមក។

គួររំលឹកថា ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៨ មានគ្រាប់រ៉ុក្កែតបេ ៤០ មួយគ្រាប់ ក្នុងចំណោម ៤គ្រាប់ បានហោះសំដៅរថយន្តរបស់សម្តេច តែមិនបានត្រូវរថយន្តសម្ដេចទេ ហើយជាអកុសលវាបានទៅបុកផ្ទះប្រជាជននៅម្ខាង ផ្លូវធ្វើឲ្យប្រជាជនម្នាក់ស្លាប់ និងម្នាក់ទៀតត្រូវរបួសជាទម្ងន់។

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលរឿងការប៉ុនប៉ងធ្វើឃាតលើរូបសម្ដេចនេះ ក៏ចំពេលប្រទេសជាតិបានប្រារព្ធទិវាប្រកាសអោយប្រើរដ្ឋធម្មនុញ្ញ ២៤កញ្ញា ១៩៩៣-២០១៨៕

Share

ព័ត៌មានទាក់ទង

Image