ភ្នំពេញ៖អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា ខ្លួននឹងផ្អាកដំណើរការផ្សាយជាបណ្តោះអាសន្ននូវលទ្ធផលសំឡេងឆ្នោតលើគេហទំព័រចាប់ផ្ដើមនៅម៉ោងបីរសៀល រហូតដល់ម៉ោងប្រាំបួនយប់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨នេះ។
តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាគ.ជ.ប បានបញ្ជាក់ថា «នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ដោយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត កំពុងធ្វើការថែទាំ និងត្រួតពិនិត្យលើម៉ាស៉ីនមេ (Server) ដូច្នេះគេហទំព័រស្វែងរកឈ្មោះ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានអាសយដ្ឋាន www.voterlist.org.kh និងគេហទំព័រផ្សាយលទ្ធផលសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានអាសយដ្ឋាន rms.voterlist.org.kh នឹងផ្អាកដំណើរការផ្សាយ ជាបណ្តោះអាសន្ននៅវេលាម៉ោង ៣៖០០រសៀល រហូតដល់ម៉ោង ៩៖០០យប់»។
សេចក្តីជូនដំណឹងដដែល បានឲ្យដឹងបន្តថា ក្នុងពេលឆាប់ៗខាងមុខនេះ គេហទំព័រទាំងពីរខាងលើនឹងផ្អាកដំណើរការម្តងទៀត រយៈពេលមួយសប្តាហ៍ដោយសារម៉ាស៊ីនមេ ត្រូវធ្វើការរុះរើទីតាំងចាស់ ទៅដំឡើងនៅអគារទីស្តីការថ្មីរបស់គ.ជ.ប ផងដែរ។
តាមលទ្ធផលបឋមដែលប្រភពផ្សេងៗស្រង់សំដីរបស់អ្នកនាំពាក្យបក្សកាន់អំណាចចុះផ្សាយថា គណបក្សប្រជាជនកម្ពុជាអាចនឹងទទួលបានអាសនៈទាំងអស់នៃអាសនៈរដ្ឋសភាទាំង ១២៥ ។ តែបែបនេះក្ដី នេះគ្រាន់តែជាការអះអាងរបស់ប្រភពពីបក្សកាន់អំណាចតែប៉ុណ្ណោះ ។
សម្រាប់គណៈកម្មាធិការរៀបចំការបោះឆ្នោតវិញបានប្រកាសថា គឺជាលទ្ធផលបឋម ហើយត្រូវរង់ចាំលទ្ធផលផ្លូវការនៅសប្ដាហ៍ក្រោយទៀត៕