en     km
en     km

សម្តេច ហ៊ុន សែន អំពាវនាវកុំឲ្យមានការរើសអើងអ្នកមិនទៅបោះឆ្នោត

Share

ក្រុងភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កុំរើសអើងអ្នកមិនទៅបោះឆ្នោត ធ្វើយ៉ាងណាកុំអោយមានការប៉ះទង្គិចដល់អ្នកមិនទៅបោះឆ្នោត ខណៈការលើកឡើងនេះ គឺកាលពីថ្ងៃម្សិលមិញ សម្តេច ស ខេង បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ និង គ្រប់បក្សនយោបាយ កុំធ្វើការចោទប្រកាន់ ឬ លាបព័ណ៌គ្នាទៅវិញទៅមក រវាងអ្នកទៅបោះឆ្នោត និង អ្នកមិនទៅបោះឆ្នោត ដោយចាត់ទុកថា នេះគឺជាជោគជ័យរបស់ជាតិខ្មែរទាំងមូល។

ការលើកឡើងរបស់ សម្តេច ហ៊ុន សែន ដូចនេះ នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨នេះ។

នៅក្នុងពិធីនេះសម្ដេចបានបញ្ជាក់ថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋរហូតដល់ ៨២.៨៩     ​​ភាគរយ គឺជា ការបញ្ចេញសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជាការបង្ខិតបង្ខំណាមួយនោះទេ។

សម្ដេចអំពាវនាវឋដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី កុំមានការរើសអើងរវាងអ្នកទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោត។ ទន្ទឹមនឹងនេះ សម្តេចក៏សុំឲ្យអ្នកមិនបានទៅបោះឆ្នោតកុំចោទដាក់អ្នកទៅបោះឆ្នោតថា ជាជនបរទេសផងដែរ។

សូមអញ្ជើញស្ដាប់ប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖

ស្របពេលដែលការលើកឡើងនេះ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ ក៏បានធ្វើការអំពាវនាវ ស្រដៀងគ្នា នឹងសម្តេច ហ៊ុន សែន ដោយអំពាវនាវ ដល់ប្រជាជនគ្រប់រូប ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង គ្រប់គណបក្សនយោបាយឲ្យធ្វើការបង្រួបបង្រួមជាតិ និង ឯកភាពជាតិ ដោយកុំលាបព័ណ៌ កុំចោទប្រកាន់ អ្នកចូលរួមឬមិនចូលរួមបោះឆ្នោត ដើម្បីបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សម្តេច ស ខេង បានសរសេរនៅលើបណ្តាញសង្គមដូចនេះថា៖  «ក្នុងបរិបទនេះ ដើម្បីបន្ត និងពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាការបង្រួបបង្រួម និងឯកភាពជាតិខ្មែរ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់គណបក្សនយោបាយ មេត្តាកុំធ្វើការ ចោទប្រកាន់ ឬលាបពណ៌គ្នាទៅវិញទៅមក រវាងអ្នកបានទៅបោះឆ្នោត និងអ្នកមិនបានទៅបោះឆ្នោតហើយត្រូវចាត់ទុកថា ជោគជ័យនេះ​គឺជាជោគជ័យរបស់ជាតិខ្មែរទាំងមូល»

សម្តេច ស ខេង បានបន្តថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ឆ្នាំ ២០១៨ នេះ បានបង្ហាញដល់ពិភពលោកថា ការចូលរួមពីបក្សនយោយបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមមានកងកម្លាំងសមត្ថកិច្ច និង ការចូលរួមការបោះឆ្នោតយ៉ាងសកម្មពីប្រជាពលរដ្ឋខ្មែរ គឺបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ ធ្វើឲ្យដំណើរការបោះឆ្នោត ប្រកបដោយសុវត្ថិភាព សេរី ត្រឹមត្រូវ និង យុត្តិធម៌។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី ៦ ឆ្នាំ ២០១៨ នេះ មិនមានវត្តមានគណបក្សប្រឆាំងនោះទេ ដោយគណបក្សនេះ ត្រូវបានតុលាការកំពូលកាត់ក្តីរំលាយ កាលពីថ្ងៃទី ១៦ វិច្ឆិកា ចុងឆ្នាំ ២០១៧។

យ៉ាងណាក៏ដោយ ការបោះឆ្នោតនៅអាណត្តិទី ៦ នេះ ត្រូវបាន សហរដ្ឋអាមេរិក ប្រទេសបារាំង អូស្រា្តលី អាល្លឺម៉ង់ កាណាដា អង់គ្លេស និង ប្រទេសក្នុងសហគមន៍អឺរ៉ុបជាច្រើន ក្នុងនោះមាន ២៨ ប្រទេស បានទំលាក់ការរិះគន់ជាបន្តបន្ទាប់ មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយហៅការបោះឆ្នោតនៅកម្ពុជា មិនមានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយមិនគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។

ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ប្រទេសខាងលើ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣១ ខែ កក្កដាឆ្នាំ ២០១៨ មានកម្រាស់ ២ ទំព័រ ដោយសម្តែងការមិនពេញចិត្ត អំពីការខ្វាយខ្វល់របស់សហគមន៍អន្តរជាតិ ដោយក្រសួងមួយនេះ ចាត់ទុកការវាយតម្លៃរបស់អន្តរជាតិទៅលើការបោះឆ្នោតនៅកម្ពុជា មិនឲ្យតម្លៃទៅលើឆន្ទៈ និង​ សិទ្ធិសម្រេចរបស់ពលរដ្ឋកម្ពុជា៕

Share

ព័ត៌មានទាក់ទង

Image