en     km
en     km

ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងឡើងដល់ចំណុចប្រកាសអាសន្ន

Share

ខេត្តស្ទឹងត្រែង៖ គិតមកដល់ម៉ោង ៦:៣០ នាទីព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨៤ ម៉ែត្រ ខណៈកម្រិតកម្ពស់ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ ម៉ែត្រ ប៉ុណ្ណោះ។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង  មកដល់ពេលនេះ ទឹកជំនន់ទន្លេមេគង្គខេត្តស្ទឹងត្រែង ធ្វើឲ្យលិចតំបន់មួយចំនួនជាបណ្ដើរៗ ហើយ ក្នុងនោះមានសង្កាត់ព្រះបាទ សង្កាត់ស្រះឬស្សី សង្កាត់ស្ទឹងត្រែង និងសង្កាត់សាមគ្គី ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៨  ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង បានកើនឡើងដល់កម្ពស់ ១០,៨០ ម៉ែត្រ ។ ដោយឡែកថ្ងៃទី៣១​ កក្កដា នេះ ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែងឡើងដល់កម្ពស់ ១០,៨៤ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកដែលត្រូវប្រកាសអាសន្ន ១០,៧០ម៉ែត្រ។

ជាមួយគ្នានេះដែរ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចុះនៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ២០១៨ បញ្ជាក់ថា ដោយសារមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេ មេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ បានបង្កឲ្យទឹកទន្លេមេគង្គលើ ក្នុងប្រទេសកម្ពុជាបន្ដកើនឡើងជា  បន្ដបន្ទាប់។

យោងតាមការព្យាករនេះ បានឱ្យដឹងបន្ដថា នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨ ទឹកទន្លេមេគង្គស្ទឹងត្រែង អាចកើនឡើងដល់ ១១,០៥ ម៉ែត្រ ខណៈទឹកទន្លេមេគង្គខេត្តក្រចេះ អាចកើនឡើងដល់ ២១,៦៥ ម៉ែត្រ ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន២២,០០ម៉ែត្រ។

ដោយឡែកទន្លេមេគង្គក្នុងខេត្តកំពង់ចាម អាចកើនឡើងដល់ ១៤,៨០ម៉ែត្រ ខណៈកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ។

ទន្ទឹមនឹងស្ថានភាពទឹកទន្លេឡើងខ្ពស់នេះដែរ    ក្រសួងធនធានទឹក និងឧតុនិយម ស្នើសុំអោយក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គលើ ជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

Share

ព័ត៌មានទាក់ទង

Image