អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា មានអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសជាច្រើននៅជុំវិញពិភពលោក មកកាន់កម្ពុជាដើម្បីសង្កេតការណ៍បោះឆ្នោត នៅថ្ងៃទី២៩ កក្កដា ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប បានផ្ដល់បទសម្ភាសខ្លីជាមួយវិទ្យុស្ត្រីថា នៅថ្ងៃសៅរ៍ ទី២៨កក្កដា នៅពេលព្រឹកស្អែកនឹងមានជំនួបមួយរវាងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និង មន្ត្រីប្រតិភូអន្តរជាតិក្នុងនាមជាអ្នកសង្កេតការណ៍បោះ ឆ្នោត ក្នុងនោះមាន ទាំងប្រតិភូសហគមន៍អឺរ៉ុបផងដែរ។
សូមស្ដាប់ប្រសាសន៍របស់លោក ហង្ស ពុទ្ធា៖
បើតាមសេចក្ដជូនដំណឹងមួយរបស់ គ.ជ.ប ដែលវិទ្យុស្ត្រីបានមើលឃើញបានបញ្ជាក់ន័យដើមថា៖ តបតាមការស្នើសុំរបស់ឯកឧត្តម ស៊ិក ប៊ុនហុង ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងទទួលជួបគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិ ជាន់ខ្ពស់ចំនួន ៣២រូប មានជាអាទិ៍៖ សមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភាមកពីសហគមន៍អឺរ៉ុប នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃទី២៨កក្កដា ឆ្នាំ២០១៨ វេលាម៉ោង១០ម៉ោង ។
ជំនួបនេះគឺដើម្បីស្វែងយល់អំពីការរៀបចំ និង ការប្រព្រឹត្តិទៅនៃការបោះឆ្នោត មុនពេលចូលរួមសង្កេតការណ៍បោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ខែឆ្នាំ ២០១៨។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និង អន្តរជាតិចូលរួមយកព័ត៌មានកុំបីខាន។
នៅក្នុងសារអ៊ីម៉ែលឆ្លើយតបនឹងសំណួររបស់វិទ្យុស្ត្រីនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោក ច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាព អឺរ៉ុបប្រចាំនៅកម្ពុជាបានបញ្ជាក់ថា៖«សហភាពអឺរ៉ុបមិនបាន បញ្ជូនបេសកកម្មឃ្លាំមើលការបោះឆ្នោតសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៩កក្កដានេះទេ។ បញ្ហានេះមានពាក់ព័ន្ធនឹងសេចក្ដីសម្រេចរបស់សហភាពអឺរ៉ុប ដូចបញ្ជាក់រួចហើយ គឺក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុបក្នុងសេចក្ដីសន្និដ្ឋានរបស់សហភាពអឺរ៉ុប ធ្វើឡើងកាលពីថ្ងៃទី២៦ កុម្ភៈ រួចហើយ ដែលបញ្ជាក់ថា ដំណើរការបោះឆ្នោត គ្មានគណបក្សប្រឆាំងធំចូលរួមត្រូវបានផាត់ចោលនោះ គឺមិនអាចស្របច្បាប់ឡើយ។
លិខិតរបស់លោក ច្សច អេដហ្គា បានបញ្ជាក់ទៀតថា៖«ខ្ញុំបានឃើញហើយសេចក្ដីជូនដំណឹងរបស់ គ.ជ.ប។ តែខ្ញុំមិនបានដឹងថា តំណាង ៣២ នៃក្រុមសង្កេតការណ៍អន្តរជាតិមកតំណាងក្រុមណាមួយទេ។ នេះគឺជាបញ្ហាមួយដែលបានយោងដល់ គ.ជ.ប។ យ៉ាងណាក៏ដោយខ្ញុំអាចបញ្ជាក់ថា មិនមានក្រុមណាមួយតំណាងអោយសហគមន៍ អឺរ៉ុប ឬសហភាពអឺរ៉ុបនោះទេ។
តែបែបនេះក្ដី បើតាមសារព័ត៌មាន Fresh News ដែលស្រង់សម្ដីអ្នកនាំពាក្យ គ.ជ.ប បាន បញ្ជាក់ថា អ្នកសង្កេតការណ៍អន្តរ ជាតិ ដែលចូលរួមសង្កេតការណ៍បោះឆ្នោត នៅអាណត្តិទី ០៦ គឺអាចមានរហូតដល់ជាង ៥០០នាក់ឯណោះ មកពី ៤២ប្រទេស ខណៈពេលនេះ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការចំនួន៣២២ នាក់ និងកំពុងពិនិត្យមើលសំណើចំនួន ២១៦នាក់៕