en     km
en     km

ធម្មជាតិបំផ្លាញមហិច្ឆតារបស់មនុស្សករណីបាក់ទំនប់វារីអគ្គិសនីនៅឡាវតំម្លៃ ១ពាន់ ២រយលានដុល្លារ

Share

ប្រទេសឡាវដែលមានព្រំដែនជាប់កម្ពុជាកំពុងស្ថិតក្នុងភាពគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិបានវាយបំបាក់ទំនប់វារីអគ្គសនីដែលបំរុងនឹងដាក់អោយដំណើរការចរន្តអគ្គិសនីនៅឆ្នាំ ២០១៩។

តាមសេចក្ដីរាយការណ៍មក​ថា ការបាក់ទំនប់វារីអគ្គិសនីនេះ បណ្ដាលពីទឹកជំនន់ទឹកភ្លៀង ដែលបានធ្លាក់ខ្លាំងៗដូចគេហែកមេឃ នៅប៉ុន្មានថ្ងៃមកនេះ ហើយកើតឡើងនៅខេត្តអាតតាពើនៃភាគអាគ្នេយ៍ប្រទេសឡាវ ដែលជាប់ព្រំដែនកម្ពុជាខេត្តស្ទឹងត្រែង។

តាមប្រភពព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន AP មនុស្សជាច្រើនរយនាក់បាត់ខ្លួន ខណៈគេបានរកឃើញសាកសព ២០នាក់នៅថ្ងៃដំបូង។ តាមប្រភពដដែលលំនៅដ្ឋានអ្នកស្រុករាប់ម៉ឺនខ្នងនឹងត្រូវជនលិច។

យោងតាមទីភ្នាក់ងារសារព័ត៌មាននៃប្រទេសឡាវ ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្បាលព្រលប់កាលពីថ្ងៃទី ២៤ កក្កដា គឺភ្លាមៗបន្ទាប់ពីភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់នោះ។

តាមការបង្ហោះវីដេអូនិងរូបភាពផ្សព្វផ្សាយលើបណ្ដាញសង្គមឃើញថា ទឹកបានឡើងដល់ដំបូលផ្ទះរបស់អ្នកស្រុក ហើយស្រែចម្កាវិញ គឺលិចគ្មាន សល់។ នាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith បានទៅដល់តំបន់នោះ ហើយអំពាវនាវរកជំនួយជាបន្ទាន់។

ទាក់ទិននឹងករណី គ្រោះធម្មជាតិនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន សម្ដែង ការសោកស្ដាយ ជាខ្លាំងចំពោះការបាត់បង់ជីវិតមនុស្ស សត្វ។ លោក បានស្នើអោយ ទីភ្នាក់ងារស្បៀងរបស់អង្គការសហប្រជាជាតិ ត្រៀម ដើម្បីជួយជនរងគ្រោះ។

សូមបញ្ជាក់ថា​ ទំនប់វារីអគ្គិសនីនេះ មានភាគហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង ថៃនិងឡាវ ដែលស្ថាបនាឡើង ដោយចំណាយថវិកា ១ពាន់ ២រយលានដុល្លារ ។  ទំនប់នេះ ចាប់ផ្ដើមស្ថាបនានៅឆ្នាំ ២០១២​ ដោយបម្រុងទាញយកចរន្តអគ្គិសនី នៅឆ្នាំ២០១៩។ ក្រុមហ៊ុនដែលពាក់ព័ន្ធ មានបួនក្រុមហ៊ុន គឺក្រុមហ៊ុនឡាវ Xe Pian Xe Namnoy ​ហើយបីក្រុមហ៊ុនទៀតមកថៃ និងកូរ៉េខាងត្បូង។

តាមប្រភពរបស់ Mail Online រោងចក្រផលិតអគ្គសនី ដោយយកចរន្តទឹក ពីទំនប់វារីអគ្គីសនីនេះ មានកម្លាំង ៤១០មេហ្កាវ៉ាត់។ ថាមពលអគ្គីសនី ដែលបាន មកពីទំបន់វារីអគ្គីសនីនេះ ត្រូវចែកចាយលក់ទៅអោយប្រទេសថៃ ៩០ភាគរយ ហើយចែកចាយក្នុងស្រុក ១០ភាគរយ៕

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image