ក្រុងភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់បង្ហាញឲ្យមហាជនបានឃើញពីគុណភាព របស់ទឹកថ្នាំខ្មៅ ដែលមានសមត្ថភាពរក្សាព័ណ៌លុបមិនជ្រះ ហើយគ្មានសារធាតុគីមីសំលាប់មនុស្សគឺមិនដូចការចុះផ្សាយរបស់ប្រភពមួយចំនួននោះទេ។
ស្តាប់ព័ត៌មានជាសំឡេង
ដំណើរការប្រព្រឹត្តិទៅនៃការបោះឆ្នោត នឹងខិតជិតចូលមកដល់ ត្រឹមតែ ១២ ថ្ងៃទៀត ប៉ុណ្ណោះ ពោល គឺថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨។ តែជាមួយគ្នានេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ដំណើការប្រព្រឹត្តិទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ឆ្នាំ ២០១៨ នៅ ឯទីស្តីការក្រសួងមហាផ្ទៃ ធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨។
ក្នុងកិច្ចប្រជុំនោះ គ.ជ.ប បានដាក់បង្ហាញពីគុណភាពនៃទឹកថ្នាំខ្មៅជ្រលក់ម្រាមដៃ ដែលមានសមត្ថភាពរក្សាព័ណ៌មិនឲ្យរលុបទៅវិញ ហើយក៏មិនមានសារធាតុគីមីណាមួយដែលអាចសម្លាប់មនុស្ស ក្នុងរយៈពេល ២៤ ម៉ោង ដូចដែលព័ត៌មានមួយចំនួននៅក្នុងបណ្តាញសង្គមនោះឡើយ។
មន្រ្តីជាន់ខ្ពស់មួយរូបរបស់គ.ជ.ប បានបង្ហាញពីលទ្ធផលនៃការធ្វើតេស្ត ពីទឹកថ្នាំជ្រលក់នេះថា ទឹកថ្នាំនេះ ពុំមានសារធាតុគីមីណា ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ ហើយថ្នាំនេះ មានសមត្ថភាពរក្សាព័ណ៌បានយូរ បើទោះបីជាយកសាប៊ូដែលមានជាតិកាត់ខ្លាំងមកដុសក៏ដោយ។
មន្រ្តីជាន់ខ្ពស់គ.ជ.ប៖ «ការសាកល្បងនេះ បានបង្ហាញឲ្យឃើញថា ទឹកថ្នាំដែលទិញពីប្រទេសឥណ្ឌានេះ មានគុណភាពខ្ពស់ ពុំមានសារធាតុណាដែលប៉ះពាល់ដល់សុខភាព ហើយរក្សាព័ណ៌បើទោះបីជាលុបជាមួយទឹកសាប៊ូដែលមានជាតិកាត់ខ្លាំងដូច្នេះ ខ្ញុំសូមធ្វើការសន្និដ្ឋានថាទឹកថ្នាំនេះ គឺចាត់ទុកថាថាបានការ។ »
ក្នុងកិច្ចប្រជុំនោះដែរ លោក សំ គន្ធាមី នាយកប្រតិបត្តិនៃអង្គការនិចហ្វិច ក៏បានធ្វើការទទួលស្គាល់ ពីគុណភាពទឹកថ្នាំនោះ ដែលគ្មានសារជាតិគីមី ប៉ះពាល់ដល់សុខភាពនោះទេ។ លោកថា ទឹកថ្នាំនេះ អាចទទួលយកបាន ព្រោះគុណភាពទឹកថ្នាំនេះ អាចរក្សាព័ណ៌បានយូរ មិនងាយកាត់ដោយសារជាតិសាប៊ូ។
លោក សំ គន្ធាមី៖ «សរុបមកគឺអាចយកជាបានការបាន បើយើងបានជ្រលក់នៅថ្ងៃបោះឆ្នោតហាណា៎ ហើយយើងអាចទុកចិត្តបាន យើងអាចប្រើការបាន ហើយបាទទឹកលាងក៏មិនអាចធ្វើបានដែរ អញ្ជឹងខ្ញុំគិតថា វាអាចយកជាការបានបាទ!»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញថា កម្ពុជាចំណាយទឹកប្រាក់ជាង ៨០ ម៉ឺនដុល្លារ ក្នុងការបញ្ជាទិញទឹកខ្មៅថ្នាំជ្រលក់ដៃប្រមាណ ៥ ម៉ឺន ១ពាន់ ដប ដែលដាក់ឲ្យប្រើប្រាស់នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី ៦ នេះ។ ទឹកខ្មៅនេះ គឺមានប្រភពមកពីក្រុមហ៊ុនមួយនៅឯប្រទេសឥណ្ឌា ដែលវាត្រូវបានគេយកមកប្រើប្រាស់ម្តងមកហើយកាលពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២ ខែ កក្កដា ថ្មីនេះៗ សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានធ្វើការព្រមានអំពីការចែកចាយព័ត៌មានដែលបំភ្លៃការពិតទាក់ទង និង បញ្ហាជ្រលក់ថ្នាំម្រាមដៃក្នុងពេលបោះឆ្នោត ថានឹងស្លាប់ក្រោយជ្រលក់ម្រាមដៃ ២៤ ម៉ោង ដែលនេះ គឺជាបទល្មើសឆបោក និង ឧក្រិដ្ឋកម្ម។
កាលពីថ្ងៃទី ៣ ខែកក្កដា ប្រទេសចិនបានបង្ហាញជំហរគាំទ្រដល់ដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសលោកខាងលិចផ្សេងទៀតបង្ហាញឥរិយាបថមិនទទួលស្គាល់ និងបានព្រមានប្រើវិធីដាក់ទណ្ឌកម្មក្រោយពេលដែលអតីតគណបក្សសង្គ្រោះជាតិដែលជាគូប្រឆាំងធំជាងគេនៅកម្ពុជាត្រូវបានរំលាយដោយតុលាការកំពូលកាលពីខែវិច្ឆិកាឆ្នាំ ២០១៧៕