en     km
en     km

គ.ជ.ប៖ ការឃោសនាមានភាពប្រសើរតែអ្នកជំនាញថាបក្សតូចៗពុំសូវមានការទាក់ទាញ

Share

ភ្នំពេញ៖ អំឡុងពេលឃោសនាបោះឆ្នោតដែលមានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០១៨ ជាការបង្ហាញនូវគោលនយោបាយរបស់គណបក្សនីមួយៗ។ ការឃោសនាបោះឆ្នោតរយៈពេលពីរថ្ងៃនៅថ្ងៃដំបូងត្រូវបានអ្នកនាំពាក្យគ.ជ.ប អះអាងថា ប្រព្រឹត្តទៅដោយបរិកាស ល្អប្រសើរ។ តែយ៉ាងនេះក្ដី អ្នកជំនាញម្នាក់ ថាបក្សតូចៗពុំមានសកម្មភាពធំដុំនិងទាក់ទាញច្រើននោះទេ។

លោក សោមលាភជូន សេចក្ដីលំអិត ៖ 

យុទ្ធនាការឃោសនា​ រកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកសភា នីតិកាលទី៦ បានដំណើរការអស់រយៈពេល២ ថ្ងៃហើយ ដែលនៅថ្ងៃទី ៩នេះ ជាថ្ងៃទីបី។

នៅរយៈពេលពីរថ្ងៃដំបូងនេះ គេសង្កេតឃើញ មិនមានបញ្ហាប៉ះទង្គិចគ្នារវាងគណបក្សនយោបាយ ដែលគួរ​​ឱ្យកត់សម្គាល់នោះទេ ពោល គឺមានដំណើរការល្អប្រសើរ។

តែទោះបីជាយ៉ាងណាក្ដី សម្រាប់ការហែក្បួនឃោសនារបស់គណបក្សនយោបាយ នៅខេត្តពោធិ៍សាត់ មានបញ្ហាបន្តិចបន្តួច ដោយសារមានការរំខានដោយសម្លេងបន្តិចបន្តួចដល់សាលារៀន និងមន្ទីរពេទ្យជាដើម ។នេះបើតាមលោក  ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប។

ក្នុងកិច្ចសម្ភាសខ្លីមួយ ជាមួយវិទ្យុស្ត្រី លោកហង្ស ពុទ្ធាអះអាងថា ការឃោសនា របស់បក្សនយោបាយ បានប្រព្រឹត្តទៅក្នុងបរិយាការអហិង្សា និងប្រកបដោយសន្តិវិធី។​

បក្សនយោបាយដែលចូលរួមប្រកួតយកអាសនៈនៅរដ្ឋសភា សម្រាប់នីតិកាលទី៦នេះ មាន ចំនួន២០ គណបក្ស។  ការឃោសនា បោះឆ្នោត​ឃើញធ្វើនៅរាជធានីភ្នំពេញ ខ្លាំងក្លាជាងគេ។ តែ បក្សកាន់អំណាចរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន ធ្វើឡើងទ្រង់ទ្រាយធំជាងគេហើយមាននៅទូទាំងខេត្តទៀតផង។ បក្សបន្ទាប់ឃើញគណបក្សហ្វ៊ុន ស៊ិន ប៉ិច។

លោកសំ គុន្ធាមី នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត មួយហៅកាត់ថា និហ្វិច កត់សម្គាល់ថា បក្សតូចៗទំនងមិនមានការគាំទ្រច្រើនទេ ព្រោះសកម្មភាពឃោសនារបស់បក្សទាងនោះ ក៏តិចតួចដែរ។

តាមការអង្គេត ក្នុងអំឡុងឃោសនា បោះឆ្នោត តែងតែមានការចែកជាអំណោយ ដល់អ្នកបោះឆ្នោតនិងអ្នកគាំទ្របក្ស។

តើករណីនេះ ជារឿងខុសច្បាប់ឬទេ?

លោក  ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពន្យល់ថា

ច្បាប់របស់ គជប កំណត់ឱ្យគណបក្សនយោបាយទាំងឡាយធ្វើការឃោសនា រយៈពេល ២១ ថ្ងៃនោះ គឺគណបក្សទាំង២០ អាចឃោសនាតែគោលនយោបាយរបស់ខ្លួនដើម្បីទាញសម្លេងពីប្រជាពលរដ្ឋដែលមានសិទ្ធិ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ជាង​នេះ គណបក្សនយោបាយ បក្ខជន និងអ្នកគាំទ្រត្រូវប្រកាន់ខ្ជាប់នូវជំហរចាស់ទុំ ផ្នែកនយោបាយ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅមានសន្តិសុខ សន្តិភាព គ្មានការគម្រាមកំហែង និងគ្មានអំពើហឹង្សា។   ផ្ទុយទៅវិញ សកម្មភាពនៃការឱ្យអំណោយផ្សេងៗ ដូចជាអង្ករ ឬក៏របស់របរផ្សេងៗ វាជាសកម្មភាពមួយដែលគ.ជ.ប មិនអនុញ្ញាតឡើយ មានន័យថា វាជាសកម្មភាពល្មើស និងខុសច្បាប់។

ទាក់ទិនរឿងនេះ សម្រាប់លោក កង សាវ៉ាង្ស មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វែ្រល មានប្រសាសន៍ស្រដៀងទៅនឹងលោក ហង្ស ពុទ្ធាដែរ។ លោកបាន លើកឡើងពីទិដ្ឋភាពនៃការផ្ដល់អំណោយដល់អ្នកគាំទ្រគឺការទិញ សន្លឹកឆ្នោត  គឺជាសកម្មភាពដែលមិនត្រឹមត្រូវនោះទេ ហើយសកម្មភាពនេះត្រូវបានហាមឃាត់ជាដាច់ខាត។

ការបោះឆ្នោតសភានីតិកាលទី៦នេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៩កក្កដា ។ បក្សកាន់អំណាច ដឹកនាំដោយសមេ្ដចហ៊ុនសែន ដែលមានសកម្មភាពឃោសនា ធំជាងគេ ទំនងនឹងឈ្នះការបោះឆ្នោតមួយអាណត្តិទៀត។ សម្ដេច ហ៊ុនសែន តែងតែអះអាងថា សម្ដេចនឹងក្លាយជានាយករដ្ឋមន្ត្រីសម្រាប់១០ឆ្នាំទៅមុខទៀត៕

 

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image