en     km
en     km

គ.ជ.ប ថា អង្គការសេរីនិយមអន្តរជាតិមិនយល់ច្បាប់ស្រុកខ្មែរ

Share

ភ្នំពេញ៖ គណៈកម្មាការធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប​ បានធ្វើការឆ្លើយតបនឹងអង្គការសេរីនិយមអន្តរជាតិ (Liberal International) ដែលគាំទ្រចលនាសង្គ្រោះជាតិដោយស្នើសិក្សាបន្ថែមឱ្យបានស៊ីជម្រៅអំពីរដ្ឋធម្មនុញ និងច្បាប់បោះឆ្នោតរបស់កម្ពុជា។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់គ.ជ.ប ត្រូវបានផ្សព្វផ្សាយនៅថ្ងៃនេះ។

សេចក្ដីថ្លែងការណ៍របស់គ.ជ.ប បានហៅអង្គការសេរីនិយមអន្តរជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានដាក់ញត្តិទាមទារនូវលក្ខខ័ណ្ឌមួយចំនួន ថាមានខ្លឹមសារធ្វើឲ្យប៉ះពាល់ ដល់តួនាទី និងភារកិច្ចរបស់ គ.ជ.ប។ 

យ៉ាងណាមិញ គ.ជ.បបានបង្ហាញនូវទិដ្ឋភាពច្បាប់ ចំនួន៣ ចំណុច ៖

១. ការបោះឆ្នោតសភានីតិកាលទី ៦ ត្រូវធ្វើឡើងតាមការកំណត់នៃច្បាប់ ពោលនីតិកាលនីមួយៗរបស់រដ្ឋសភា ដែលមានអាណត្តិរយៈពេល៥ឆ្នាំម្ដង មិនអាចមាននរណាម្នាក់ ឬប្រទេសណាអាចរារាំងដំណើរការនៃការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅស្របតាមបែបប្រជាធិបតេយ្យសេរីពហុបក្សនោះទេ។

២.គ.ជ.បជាស្ថាប័នដែលទទួលស្គាល់ដោយរដ្ឋធម្មនុញ និងផ្ដល់សេចក្ដីទុកចិត្តដោយសភា។

៣. តំណាងរាស្រ្ត ត្រូវជ្រើសតាំងដោយការបោះឆ្នោត ដោយសេរី ស្មើភាព ដោយចំពោះ និងដោយសម្ងាត់ ដូចមានចែងក្នុងរដ្ឋធម្មនុញឆ្នាំ ១៩៩៣ ត្រង់មាត្រា៧៦ថ្មី ពោល អង្គការអន្តរជាតិទាំងគឺមិនអាចសម្រេចជោគវាសនាប្រទេសជាតិកម្ពុជា ជំនួសឱ្យពលរដ្ឋកម្ពុជាឡើយ។ យ៉ាងណាក្ដី គ.ជ.ប នឹងអនុវត្តន៍ សមត្ថកិច្ចរបស់ខ្លួន ប្រកបដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឲ្យការបោះឆ្នោតខាងមុខនឹងប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុតិ្តធម៌ ស្របតាមគោលការណ៍លទិ្ធប្រជាធិបតេយ្យ សេរី  ពហុបក្ស។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃ ២២ មិថុនា ២០១៨ មានកិច្ចប្រជុំរបស់អង្គការសេរីនិយមអន្តរជាតិ  នៅទីក្រុងប៊ែរឡាំងនៃប្រទេសអាល្លឺម៉ង់។ ក្នុងកិច្ចប្រជុំនោះ អង្គការនេះ បានអនុម័តញត្តិមួយ ពាក់ព័ន្ធនឹងកម្ពុជា ពោលអង្គការនេះ អំពាវនាវឲ្យរដ្ឋាភិបាលសេរីនិយមក្នុងពិភពលោកទាំងអស់ គាំទ្រការតស៊ូរបស់គណបក្សសង្គ្រោះជាតិ ដោយដាក់ទណ្ឌកម្មលើរបបគ្រប់គ្រងកម្ពុជា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាមិនទទួលស្គាល់ការបោះឆ្នោតសភានីតិកាលទី៦ ថែមទាំងមិនទទួលស្គាល់រដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតរបស់កម្ពុជានោះទេ។

កម្ពុជា នឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដែលមានគណបក្សនយោបាយ ចំនួន២០ ចូលរួមប្រកួតប្រជែង តែពុំមានវត្តមានរបស់គណបក្សសង្គ្រោះជាតិឡើយ៕

 

Share

ព័ត៌មានទាក់ទង

Image