ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ម្សិលមិញ រថយន្ដដឹកកម្មករមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរដឹកកម្មករត្រឡប់ទៅផ្ទះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ គីឡូម៉ែត្រលេខ៣២ ភូមិឃ្លាំងសម្បត្ដិ ឃុំ ពត់សរ ស្រុកបាទី ខេត្ដតាកែវ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការងារ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនានេះ។
តាមការបញ្ជាក់ពី ក្រសួងការងារ រថយន្ដដែលបុករថយន្ដដឹកកម្មករនោះ គឺប្រភេទកាមារី ដែលមានអ្នកបើកមានផ្ទុកជាតិស្រវឹងនៅក្នុងខ្លួន។ រថយន្ដដឹកកម្មករ មានមនុស្សសរុបចំនួន ១៣នាក់ កម្មករ ១២នាក់ និងតៃកុងឡាន ម្នាក់។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យមនុស្សនៅក្នុងរថយន្ដ ០២នាក់រងរបួសធ្ងន់ និង ១១នាក់ផ្សេងទៀតរងរបួសស្រាល។
គិតមកដល់ថ្ងៃទី២៦ ខែមិថុនានេះ កម្មករ និយោជិត ដែលរងរបួសទាំងអស់ ១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និង ០២នាក់ដែលរងរបួសធ្ងន់ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ដតាកែវ។ ទាក់ទិនឹងគ្រោះថ្នាក់ចរាចរណ៍នេះ ក្រសួងការងារ បានអះអាងថា ក្រសួងនឹងនៅតែបន្ដជួយដោះស្រាយទុក្ខលំបាករបស់ក្រុមកម្មករ កម្មការិនី និងក្រុមគ្រួសារ ទៅតាមគោលរបបសន្ដិសុខសង្គមរបស់បេឡាជាតិរបបសន្ដិសុខសង្គម៕