នៅទីបំផុតប្រធានាធិបតីវេណេហ្សួណេហ្សូអេឡា លោកនីកូឡាស់ម៉ាឌូរ៉ូបាន បង្ហាញជំហរទន់ភ្លន់ដាក់អាមេរិកបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្ម ដំណាក់កាលដំបូងលើក្រុមហ៊ុន របស់ប្រទេសនេះចំនួន ២៣ក្រុមហ៊ុន។
តាមបណ្ដាញ ផ្សាយព័ត៌មាន វេណេហ្សូអេឡា Prensa Latina បានចុះផ្សាយនៅថ្ងៃចន្ទ ទី២៥ មិថុនានេះថា ការបង្ហាញជំហររបស់មេដឹកនាំវេណេហ្សូអេឡា តាមរយៈលោកស្រីអនុប្រធានាធិបតី Delcy Rodriguez ដែលលោកស្រីបានថ្លែងតាមកញ្ចក់ទូរទស្សន៍ របស់រដ្ឋទៅកាន់ជនរួមជាតិ។
លោកស្រីបាននិយាយថា លោកម៉ាឌូរ៉ូនិងគណៈរដ្ឋមន្ត្រីបានប្ដេជ្ញាធ្វើអោយមានការបង្រួបបង្រួមជាតិ ហើយបើកអោយមានការចរចាជាមួយ អាមេរិកនិងប្រទេសណាដែលគាំទ្របក្សប្រឆាំង។
តែអ្នកសង្កេតការណ៍មើលឃើញថា អ្វីដែលនាំអោយលោកម៉ាឌូរ៉ូ បង្ហាញជំហរដូចនេះ អាចមកពីលោករងសម្ពាធជាខ្លាំងដោយសារតែក្រុមកងទ័ពចូលនិវត្តន៍មានផែនការធ្វើរដ្ឋប្រហារ ឬបង្កជម្លោះដោយប្រដាប់អាវុធដែលពួកគេមានមូលដ្ឋានចេញពីប្រទេសកូឡុំប៊ី។
លោកប្រធានាធិបតីម៉ាឌូរ៉ូបានឈ្នះឆ្នោតក្នុងការបោះឆ្នោតកាលពីថ្ងៃទី ២០ឧសភា ប៉ុន្តែជ័យជម្នះរបស់លោកមិនទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។
សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសសមាជិកអាមេរិកឡាទីនបានចាត់ទុកការបោះឆ្នោតនោះមិនឆ្លើយតបនឹងឆន្ទៈរបស់ពលរដ្ឋ ខណៈក្រុមប្រឆាំងអវត្តមាន៕