ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍បានសាកសួរនាយិកាអង្គការសិទ្ធិមនុស្សម្នាក់ក្នុងនាមជាសាក្សីជុំវិញរឿងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ពាក់ព័ន្ធក្នុងសំណុំរឿងអតីតប្រធានគណបក្សសង្គ្រោះជាតិដែលរងការចោទពីបទអំពើក្បត់ជាតិថាឃុបឃិតជាមួយបរទេសផ្តួលរលំរដ្ឋាភិបាល។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ហើយកំពុងឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំក្រោមបទចោទអំពើក្បត់ជាតិ។ ក្នុងសំណុំរឿងរបស់អតីតប្រធានមេបក្សប្រឆាំងនេះនាំឲ្យមានដីកាកោះហៅមន្ត្រីសិទ្ធិមនុស្សជាច្រើននាក់មកបំភ្លឺក្នុងនាមជាសាក្សី។
នៅថ្ងៃ ព្រហស្បតិ៍ ទី ៧ ខែ មិថុនា ឆ្នាំ ២០១៨នេះ នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសាកសួរជុំវិញសំណុំរឿងលោក កឹម សុខា អតីតមេបក្សជំទាស់កំពុងជាប់ឃុំក្នុងពន្ធនាគារ។
លោកស្រី ចក់ សុភាព បានប្រាប់អ្នកសារព័ត៌មានក្រោយពីចេញពីសាលាដំបូងថា ប្រធានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី សួរលោកស្រីពីប្រតិបត្តិការរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ក្រោមការដឹកនាំរបស់លោក កឹម សុខា ជាអតីតប្រធានអង្គការនេះ។
លោកស្រីបន្ថែមថាលោកចៅក្រមក៏សួរនាំអំពីបទពិសោធន៍ការងាររបស់លោកស្រីនៅ CCHR តែលោកស្រី សុំមិនផ្តល់ព័ត៌មានលម្អិតទេ ព្រោះកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលការ។
តែបែបនេះក្តី លោកស្រី សុភាព សង្ឃឹមថា ដំណើរការនីតិវិធីនេះធ្វើឡើងដោយឯករាជ្យ និងមិនមានជះឥទ្ធិពលណាមួយ ហើយធានាការជំនុំជម្រះផ្តល់ភាពយុត្តិធម៌ដល់សាក្សី និងជនជាប់ចោទ។
លោកស្រី ចក់ សុភាព៖ «ក្តីសង្ឃឹមរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ឬក្នុងនាមជាអង្គការសង្គមស៊ីវិលយើងគ្រាន់តែចង់ឃើញថា ដំណើរការនីតិវិអធនេះនឹងធ្វើទៅដោយឯករាជ្យ ហើយនឹងមិនមានការជះឥទ្ធិពលណាមួយ ជាពិសេសធានាដល់សិទ្ធិអ្នកពាក់ព័ន្ធទាំំងឡាយ រួមទាំងសាក្សី រួមទាំំងជនជាប់ចោទទទួលបានសិទ្ធិនៃការជំនុំជម្រះដោយយុត្តិធម៌។»
ទាក់ទិនករណីរបស់លោកកឹមសុខា មានសាក្សីជាច្រើនទៀតត្រូវបានកោះហៅមកបំភ្លឺ។ ក្នុងនោះ លោក មាស គឹមសេង ប្រធានអង្គការសមាគមធាងត្នោតនឹងត្រូវចូលបំភ្លឺជុំវិញសំណុំរឿងលោក កឹម សុខា នៅរសៀល ថ្ងៃព្រហស្បតិ៍នេះ។ លោក សៀ ភារម្យ អតីតប្រធានអង្គការសិទ្ធិលំនៅឋាន និងសកម្មជនគណបក្សក៏ត្រូវបានកោះហៅក្នុងសំណុំរឿង លោក កឹម សុខា។
លោក គង់ សំអុន ជាសហមេធាវីនៅសាលាក្តីខ្មែរក្រហមការពារឲ្យអតីតមេដឹកនាំខ្មែរក្រហម ពន្យល់ថា ការផ្តល់ចម្លើយរបស់សាក្សីជាព័ត៌មានសំខាន់ បូករួមទាំងភស្តុតាំងផ្សេងទៀត ជាមូលដ្ឋានក្នុងការដាក់បន្ទុក ឬដោះបន្ទុកនៃសំណុំរឿងរបស់លោក កឹម សុខា។
លោក គង់ សំអុន៖ «សាក្សីតួនាទីរបស់គេគឺសម្រាប់បំភ្លឺលើអង្គហេតុ អ្វីដែលគេដឹង គេលឺ គេបានឃើញអញ្ចឹងអ្វីដែលលោកស្រី ចក់ សុភាពបានដឹងពីបញ្ហានេះទាក់ទងរឿងក្តីរបស់លោក កឹម សុខា គាត់និយាយទៅ គាត់ប្រាប់ទៅតុលាការហើយ អាហ្នឹង។អញ្ចឹងតុលាការគេយកអាហ្នឹងជាមូលដ្ឋានមួយ វាមិនមែនជាសម្តីរបស់ ចក់ សុភាព តែប៉ុណ្ណឹងទេ គេមានភស្តុតាំងផ្សេងទៀត យកទៅថ្លឹងថ្លែងរួមគ្នា ខ្លះក៏ដាក់បន្ទុក ខ្លះក៏ដោះបន្ទុក ជារឿងទូទៅ។»
លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាព តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដោយសម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនប្រទេសវៀតណាម។
កាលពីថ្ងៃទី ៤ ខែ មិថុនានេះ តុលាការកំពូលសម្រេចតម្កល់សាលដីកាសាលាឧទ្ធរណ៍ទុកជាបានការដោយបន្តឃុំខ្លួនអតីតមេបក្សប្រឆាំងរូបនេះ។
ជាមួយគ្នានេះឧត្តមស្នងការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយទទូចឲ្យរដ្ឋជាសមាជិកសន្ធិសញ្ញាសិទ្ធិមនុស្សត្រូវការពារអ្នកការពារសិទ្ធិមនុស្សដោយគ្មានការគំរាមកំហែង។
មន្ត្រីរដ្ឋាភិបាលអះអាងថា អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាកំពុងបំពេញការងារដោយសេរី តែអ្នកការពារសិទ្ធិមនុស្សមួយចំនួនប្រឈមមុខនឹងផ្លូវតុលាការដោយសារមិនគោរច្បាប់ប៉ុណ្ណោះ។
សូមរំលឹកថា លោកស្រី ចក់ សុភាព បានឡើងធ្វើជានាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បន្ទាប់ពីលោកអ៊ូ វីរៈ បានលាលែង។ ចំណែក លោក កឹម សុខា បានធ្វើជាប្រធានអង្គការនេះ ចាប់ពីឆ្នាំ២០០២ ដល់ ឆ្នាំ ២០០៧៕