en     km
en     km

សម្ដេច ហ៊ុន សែន ថា ជនណាអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត គឺប្រឆាំងនឹងព្រះមហាក្សត្រ

Share

កាលពីយប់ថ្ងៃទី ៥ មិថុនា លិខិតរបស់ព្រះមហាក្សត្រត្រូវបានគេបង្ហោះចែកចាយអោយគ្នានៅលើបណ្ដាញសង្គម។ តែលិខិតនេះ ធ្វើឡើងតាំងពីថ្ងៃ ទី ១៨ឧសភា។  អ្វីដែលមានការចាប់អារម្មណ៍នោះ គឺ សម្ដេចនាយករដ្ឋមន្ត្រី នៅថ្ងៃ ពុធ ទី ៦មិថុនានេះ បានហៅក្រុមណា ឬជនណា អំពាវនាវ កុំអោយពលរដ្ឋចេញទៅបោះឆ្នោត គឺជាការប្រឆាំងនឹងព្រះរាជសាររបស់ព្រះមហាក្សត្រ។​ សម្ដេចហ៊ុនសែនមិនបានមានប្រសាសន៍ចំឈ្មោះបុគ្គលឬបក្សណាទេ។តែកាលពីថ្ងៃទី ២៣ឧសភា លោក សម រង្ស៊ី បានថ្វាយលិខិតសុំអោយព្រះមហាក្សត្រកុំធ្វើតាមបក្សកាន់អំណាចជំរុញពលរដ្ឋទៅបោះឆ្នោត។

ភ្លាមៗបន្ទាប់ពីព្រះរាជសារត្រូវបានផ្សព្វផ្សាយជាសាធារណៈ កាលពីយប់ថ្ងៃ អង្គារ ទី ៥មិថុនា​  សម្ដេចនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ បានអំពាវនាវអោយបក្សនយោបាយ និងពលរដ្ឋខ្មែរចាប់អារម្មណ៍នឹងសារលិខិតរបស់ព្រះមហាក្សត្រដែលបានអំពាវនាវដល់ជនរួមជាតិនាំគ្នាទៅបោះឆ្នោត    នៅក្នុងការបោះឆ្នោតសភានីតិកាលទី៦។ យោងតាមតាមព្រះរាជសាររបស់ព្រះករុណា សម្ដេច ហ៊ុន សែន បានបង្ហាញមោទនភាពអំពីដំណើរការបោះឆ្នោតនៅពេលខាងមុខនេះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃនេះ សម្ដេចនាយករដ្ឋនាយករដ្ឋមន្ត្រីបានហៅក្រុមណាដែលអំពាវនាវសុំអោយពលរដ្ឋកុំទៅបោះឆ្នោត គឺជាការប្រឆាំងនឹងរាជសាររបស់ព្រះមហាក្សត្រ ហើយក្រុមនេះមានទង្វើប្រឆាំងរបបរាជាទៀតផង។ សម្ដេចថា នេះជាអំពើក្បត់មួយទៀតរបស់ក្រុមប្រឆាំង។

ស្របពេលសម្ដេច ហ៊ុន សែន កំពុងថ្លែងវាយប្រហារ ទៅលើក្រុមប្រឆាំង អ្នកលេងបណ្ដាញសង្គមបន្តចែកចាយលិខិតរបស់ព្រះករុណា។  នៅក្នុងបទសម្ភាសខ្លីមួយជាមួយវិទ្យុស្ត្រី លោក អ៊ុំ ដារ៉ាវុធ នាយកខុទ្ទកាល័យ ព្រះបរមរាជវាំងបានពន្យល់និងបកស្រាយជាច្រើនជុំវិញសំណួររបស់អ្នកសារព័ត៌មានដែលសាកសួរថា ព្រះរាជសារបស់ព្រះករុណាធ្វើនៅរាជភ្នំពេញថ្ងៃទី ១៨ឧសភា ឆ្នាំ ២០១៨ ហើយបានផ្សព្វផ្សាយនៅលា្ងចថ្ងៃទី៥មិថុនា​ ថាតើមានមូលអ្វីបាន មានការផ្សព្វផ្សាយនៅថ្ងៃនេះ ។ 

លោក អ៊ុំ ដារ៉ាវុធ បានពន្យល់ថា៖ 

កាលពីថ្ងៃទី ២៣ឧសភា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិបានថ្វាយលិខិតសុំអោយព្រះមហាក្សត្រកុំធ្វើតាមការស្នើសុំរបស់បក្សកាន់អំណាច ជំរុញពលរដ្ឋទៅបោះឆ្នោត។ លោកសមរង្ស៊ីរៀបរាប់ថា ការបោះឆ្នោតនេះ មិនបានធ្វើឡើងស្របនឹងគោលការណ៍ប្រជាធិបតេយ្យ និងឆន្ទៈរបស់ពលរដ្ឋដែលគាំទ្របក្សរបស់ជាងពាក់កណ្ដាលប្រទេសនោះទេ។

ទំនងជាការឆ្លើយតបនឹងលិខិតរបស់លោក សម រង្ស៊ី  សម្ដេច ហ៊ុន សែន ថា​ ក្រុមប្រឆាំងណាប្រឆាំងរាជសារព្រះមហាក្សត្រ គឺជាជនក្បត់ពានវាំង ។ តែបែបនេះក្ដីសម្ដេចនាយករដ្ឋមន្ត្រីបានហៅស្ថានភាពនៅកម្ពុជាសព្វថ្ងៃនេះ ពោរពេញដោយសន្តិភាព។ សម្ដេចថា ក្រុមបង្កសង្រ្គាមបានរលាយហើយ។

ប្រទេសកម្ពុជានឹងមានការបោះឆ្នោតសភា នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ ។ ការបោះឆ្នោតនេះ ហាក់ស្ថិតក្នុងភាពប្រទាញប្រទង់ជាខ្លាំងរវាងអ្នកចង់ទៅបោះឆ្នោត និងអ្នកត្រៀមធ្វើពហិការ ។

ក្រុមបក្សប្រឆាំងបានប្រើប្រាស់បណ្ដាញសង្គមអំពាវនាវកុំអោយទៅបោះឆ្នោតដែលពួកគេប្រើទឹ្រស្ដីថា «ដេកផ្ទះឈ្នះឯង»។ ប៉ុន្តែសម្ដេចហ៊ុន សែន ថ្លែងចំអកថា គ្មានដេកផ្ទះណាបានស៊ីទេ បើមិន មានមុខរបរ រកស៊ីទទួលទាន។ សម្ដេចក៏អំពាវនាវផងដែរសុំអោយពលរដ្ឋចេញទៅបោះឆ្នោត ។ តែសម្ដេចថា អ្នកមិនទៅបោះឆ្នោតក៏មិនមានទោសអ្វីដែរ លើកលែងអ្នកមិនទៅហើយបន្លំជ្រលក់ម្រាមដៃទឹកថ្នាំព៌ណខ្មៅ​ទើបមានទោស៕  

   

 

Share

ព័ត៌មានទាក់ទង

Image