ភ្នំពេញ៖ ខណៈដែលក្រសួងការងារលើកឡើងថា វិវាទការងារនៅកម្ពុជាមានការថយចុះ តែក្រុមប្រឹក្សាអាជ្ញាកណ្ដាលបែរជាបានបង្ហាញក្ដីបារម្ភរបស់ខ្លួនទៅលើការដោះស្រាយវិវាទដែលកើតឡើង នៅតាមរោងចក្ររ។ការបារម្ភរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល រួមទាំងការលើកឡើងរបស់ក្រសួងការងារដូចនេះ នៅក្នុងពិធិបើកសន្និសីទថ្នាក់ជាតិលើកទី៨ ស្ដីពីការលើកកម្ពស់បរិយាកាសទំនាក់ទំនងវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព ដែលសន្និសីទនេះ រៀបចំឡើង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នេះ។
កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍!
លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញរបាយការណ៍ថា នៅក្នុងឆ្នាំ២០១៧ ក្រសួង បានដោះស្រាយវិវាទបុគ្គលសរុបចំនួន ៤៧៦ករណី បានផ្សះជា ២២៨ករណី មិនផ្សះជា ចំនួន ១៤១ករណី និងមោឃភាពចំនួន ៥៧ករណី។ ដោយឡែក ដោះស្រាយវិវាទការងាររួមចំនួន ១២៧ករណី ផ្សះជាបាន ៥៦ករណី និងមិនផ្សះជាចំនួន ៧០ករណី ហើយមោឃភាពចំនួន ១ករណី។
តាមការបញ្ជាក់ពីលោក ម៉ម វណ្ណៈ ចំនួនវិវាទដែលក្រសួងបានដោះស្រាយនិងផ្សះផ្សាទទួលបានជោគជ័យច្រើន។
លោក ម៉ម វណ្ណៈ ៖«បាទ៎ ការពិតរឿងធ្លាក់គំហុកនៃចំនួនវិវាទនេះ មិនមែនជារឿងមួយដែលដាក់បន្ទុកទៅលើការរឹតបន្ដឹង ទៅលើច្បាប់សហជីព ឬក៏ទៅលើបទដ្ឋានគតិយុត្ដណានោះទេ។អ្វីដែលធ្លាក់គំហុកនេះ គឺដោយសារភាគីពាក់ព័ន្ធមានកម្មករនិយោជិតដែលមានសហជីពជាតំណាងក៏ដូច ជានិយោជក គាត់បានយល់ច្បាស់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព និងលិខិតបទដ្ឋាននានាពាក់កន្លងមក ពិសេសអនុសញ្ញា៨៧ និង៩៨ របស់អង្គការខាងការងារ»។
ជុំវិញរឿងនេះ លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានឱ្យដឹងដែរថា រយៈពេល៥ខែឆ្នាំ២០១៨ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទទួលបានពាក្យបណ្ដឹងជិត ២០ ករណី។ លោកថា បើប្រៀបធៀបនិងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ចំនួននេះ គឺប្រហាក់ប្រហែលគ្នា។
លោក ម៉ែន និម្មិត បានប្រាប់អ្នកសារព័ត៌មានបន្ដថា៖«ខ្ញុំសុំបញ្ជាក់ថា មិនមែនមិនមានវិវាទតទៅទៀត វិវាទនៅតែមកជាបណ្ដើយៗចឹង ប៉ុន្ដែគ្រាន់តែចំនួនវិវាទធ្លាក់ចុះច្រើន ធ្លាក់ចុះពីមួយឆ្នាំ ៣០០ជាង ជិត៤០០ មកនៅត្រឹម ៥០សំណុំរឿងក្នុងមួយឆ្នាំ ហើយការធ្លាក់ចុះដូចឯកឧត្ដមម៉ម វណ្ណៈ លោកថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគួរតែសប្បាយចិត្ត ក៏ប៉ុន្ដែកង្វល់របស់យើងមិនមែនដោយសារតែករណីមិនមកយើង ហើយលោកនិយាយលេងថា អុជធូ អោយបានមក នេះមិនមែនបែបនេះទេ យើងចង់ដឹងថា ការដោះស្រាយវិវាទដែលកើតឡើងនៅតាមរោងចក្របានប្រសើរហើយឬនៅ? ដោយយើងធ្លាប់ថាដោះ ៣០០ ទៅ៤០០ករណី នៅសល់ត្រឹម៥០ករណី យើងឆ្ងល់ ខ្លាចលោថា មានវិវាទហើយ មិនបានដោះស្រាយ កាលណាមានវិវាទហើយមិនបានដោះស្រាយវិវាទទាំងនោះបង្ករឱ្យអោយមានអស្ថេរភាព »។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថាប័នឯករាជ្យមួយមានមុខងារដោះស្រាយវិវាទការងាររួម ដែលផ្សះផ្សាមិនសះជា។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ យោងតាមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារនៅឆ្នាំ ១៩៩៧។
តាមការលើកឡើងរបស់ លោក ម៉ែន និម្មិត ប្រភេទវិវាទដែលក្រុមប្រឹក្សាអាជ្ញាកណ្ដាលទទួលបាននិងដោះស្រាយបានច្រើនជាងគេ គឺជាប្រភេទវិវាទដែលទាក់ទងនិងការបញ្ឈប់កម្មករ ឬអ្នកសកម្មសហជីពពីការងារ ហើយទីពីរនោះគឺជាវិវាទពាក់ព័ន្ធនឹងរឿងលុយកាក់ រឿងបើកលុយទាបជាងខុសពីអ្វីដែលចែងក្នុងកិច្ចសន្យា រឿងប្រាក់បន្ថែមម៉ោងជាដើម។
ជាមួយគ្នានេះដែរបើតាម លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងដែរថា ក្នុងភាពជាដៃគូរក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងក្រសួងការងារ បានធ្វើការងារជាមួយគ្នាយ៉ាងជិដតស្និតអស់ រយៈពេល ១៥ឆ្នាំ ។
កិច្ចសហការនេះ បានសម្រេចនូវសមិទ្ធផលជាច្រើនគួរឲ្យកត់សំគាល់ រួមទាំងការដោះស្រាយវិវាទការងារ ដោយគិតត្រឹមឆ្នាំ២០១៦ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានទទួលសំណុំរឿងវិវាទចំនួនជាង ២៦៥០ ករណី ដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយកម្មករ និយោជិតជាង ១លាននាក់ ហើយយទទួលបាអត្រាជោគជ័យចំនួន ៧% ក្នុងចំណោមសំណុំរឿងវិវាទដែលបានដោះស្រាយទាំងអស់ តាមរយៈការផ្សះផ្សា និងមជ្ឈត្ដកម្មដែលចំណាយពេលជាមធ្យម ១៧ថ្ងៃ។ ជាមួយគ្នានេះ ក្រសួងក៏បានកត់សម្គាល់ឃើញថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលក៏បានចេញសេចក្ដីបញ្ជាឱ្យបញ្ឈប់កូដកម្មជាបណ្ដោះអាសន្ន ដើម្បីធ្វើការដោះស្រាយវិវាទតាមសន្ដិវិធីដោយមានអត្រាជោគជ័យខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ៕