en     km
en     km

អាមេរិកថាគ្មានទេការដកទណ្ឌកម្មមានតែបន្ថែមទោះជាវេណេហ្សូអេឡាដោះលែងពលរដ្ឋអាមេរិកក៏ដោយ(មានសំឡេង)

Share

កាលពីថ្ងៃសៅរិ៍ ទី ២៧ ឧសភា បេសកជនសាសនា និងភរិយា ជាជនជាតិអាមេរិកលោកJosh Holt និងលោកស្រី Thamy ត្រូវបានលោកប្រធានា ធិបតីម៉ាឡេស៊ីដោះលែងពីពន្ធនាគារ បន្ទាប់ពីប្ដីប្រពន្ធរូបនោះ​រងការឃុំខ្លួន ករណីចារកម្មនិងជួញដូរអាវុធ តាំងពីឆ្នាំ២០១៦។ ការដោះលែងប្ដីប្រពន្ធទាំងពីរ បើទោះបីទទួលបានការស្វាគមន៍ពីលោកដូណាល់ត្រាំក៏ដោយ តែមិនអាចជាថ្នូរនឹងការដកទណ្ឌកម្មឡើយ លុះត្រាប្រទេសនេះស្ដារប្រជាធិបតេយ្យឡើងវិញ តាមរយៈការបោះឆ្នោត ដែលមានវត្តមានគណបក្សប្រឆាំង។ ជូនសេចក្ដីរាយការណ៍ដោយ លោក រឿន រឹទ្ធី!

យើងពិតជាសប្បាយរីករាយចំពោះ ការដោះលែងលោកJosh Holt និងលោកស្រី Thamy ត្រឡប់មកប្រទេសវិញ តែរឿងនេះ មិនអាចលុបចោលការដាក់ទណ្ឌកម្ម បានឡើយ លើកលែងតែ វេណេហ្សូអេឡា មានប្រជាធិបតេយ្យឡើងវិញ។ នេះជា ជាជំហររបស់លោកអនុប្រធានាធិបតី Mike Pence ដែលលោកធ្វើការកត់សម្គាល់ នៅលើTwitter របស់លោក។

ស្របពេលនេះដែរ លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេស បាននិយាយថា គោលនយោបាយអាមេរិក ចំពោះការដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡា មិនកែប្រែឡើយ ហើយកាន់តែបន្ថែមទៀត។ លោកថា របបផ្ដាច់ការនៅវេណេហ្សូអេឡា​បានកំពុងធ្វើអោយសេដ្ឋកិច្ច និងប្រជាជនធ្លាក់ក្នុងភាពអត់ឃ្លាន ថែមការរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ។ ចំណែកលោកដូណាល់ត្រាំ នៅថ្ងៃចន្ទទី២៨ឧសភានេះ បានជំរុញទៅក្រសួងរតនាគារអោយ បង្កកនិងរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនវេណេហ្សូអេឡាដែល ជាប់ពាក់ព័ន្ធលោកម៉ាឌូរ៉ូ។

តាមបណ្ដាញផ្សាយព័ត៌មាន Press TV អាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រទេសវេណេ

ហ្សូអេឡា ចំនួន២៣ ក្នុងនោះមានក្រុមហ៊ុនចំនួនបី ប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិ ដោយចោទថា ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនហើយការដាក់ទណ្ឌកម្មនេះ ដោយសារអាមេរិក មិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី២០ឧសភា ដែលជាការបោះឆ្នោត មិនបានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជន។

ឆ្លើយតបនឹងជំហររបស់ថ្នាក់ដឹកនាំអាមេរិកទាំងបីរូបនេះ ក្រសួងការបរទេសវេណេហ្សូអេឡាបានហៅជំហរអាមេរិកថា ជ្រុលនិយម​ព្រោះមិនឆ្លើយ តបរឿងពិតនឹងស្ថានភាពនៃប្រជាជនវេណេហ្សូអេឡាឡើយ។

តែជាមួយគ្នានេះបេសកជនសាសនាដ៏ល្បី បានទៅកាន់សេតវិមាន និងវិមានកាពិតូល ដើម្បីថ្លែងសុន្ទរកថា អំពីការពាក់ព័ន្ធនឹងការឃុំខ្លួនលោក។ សមាជិកសភា ភាគច្រើនសាទរការដោះលែងនេះ ប៉ុន្តែបានហៅការឃុំខ្លួន ថាជាចំណាប់ខ្មាំង ដែលលោកម៉ាឌូព្យាយាម ធ្វើអោយមានតុល្យភាពជា មួយអាមេរិក។ យ៉ាងណាសមាជិកសភាអាមេរិក ព្រមានថា គ្មានពេលដាក់ទណ្ឌកម្មត្រឡប់វិញឡើយ បើវេណេហ្សូអេឡានៅតែគ្មានប្រជាធិបតេយ្យត្រឹមត្រូវ។

ការបោះឆ្នោតប្រធានាធិបតីនាំមានការដាក់ទណ្ឌកម្ម

ប្រទេសដែលមិនទទួលស្គាល់រដ្ឋាភិបាលរបស់លោកប្រធានាធិបតីវេណេហ្សូអេឡា មានប្រទេស G-7 គឺអាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង អ៊ីតាលីនិង ជប៉ុន។

ប្រទេសទាំង ៧នេះ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ដោយចាត់ទុកការបោះឆ្នោតមិនឆ្លើយតបនឹងឆន្ទៈរបស់ប្រជាជន ដោយសារគ្មានបក្សប្រឆាំងចូលរួម។ ដោយឡែក ប្រទេសសម្ព័ន្ធភាពអាមេរិកឡាទីន ១៤ប្រទេស ដែលជាប្រទេសក្នុងតំបន់ក៏បានប្រកាសមិនទទួលស្គាល់ការបោះឆ្នោតនេះដែរ។ប្រទេសទាំងនោះបានកំពុងរៀបចំការដាក់ទណ្ឌកម្ម លើប្រទេសវេណេហ្សូអេឡា។ តែបែបនេះក្ដី ប្រទេសចិន រុស្ស៊ី អេរ៉ង់ គុយបា តួកគី បានប្រកាសគាំទ្រជ័យជម្នះរបស់លោកម៉ាឌូរ៉ូដោយចាត់ទុកថា ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។

យ៉ាងណា អគ្គលេខាធិការអង្គការអង្គការសហប្រជាជាតិមិនទាន់ប្រតិកម្មអ្វីនៅឡើយ តែលោកអគ្គលេខាធិការធ្លាប់ទទូចអោយមានការបោះ ឆ្នោតត្រូវធ្វើឡើងស្របច្បាប់អន្តរជាតិ និងឆន្ទៈទូទៅរបស់ប្រជាជន។

នៅក្នុងការបោះឆ្នោតដែលគ្មានគណបក្សប្រឆាំងចូលរួមនោះ  មានពលរដ្ឋចេញទៅបោះឆ្នោត ៤៦ភាគរយ។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាបោះឆ្នោតប្រទេសវេណេហ្សូអេឡា។ តែបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់ របស់ស្ថាប័ននេះដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters  អ្នកចេញទៅបោះឆ្នោតបានតែ៣២,៣ភាគរយប៉ុណ្ណោះដែលចំនួននេះ មានអត្រាទាបបំផុត បើធៀបនឹងការបោះឆ្នោត ឆ្នាំ២០១៣ដែលមានអ្នកចេញទៅបោះឆ្នោត ជាង ៨០ភាគរយ៕

Share

ព័ត៌មានទាក់ទង

Image