en     km
en     km

កម្មការិនី​ជិត​ ១២០​នាក់​ ធ្វើការ​នៅ​រោងចក្រ​ Starite​ ស្រុក​អង្គស្នួល​បាន​ដួល​សន្លប់​

Share

​ភ្នំពេញ​ ៖​ កម្មករ​ កម្មការិនី​ ចំនួន​ ១១៧​នាក់​ បាន​សន្លប់​ជា​បន្ដបន្ទាប់​ កាលពី​ព្រឹក​ម៉ោង​ប្រហែល​ ០៨​ នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​នេះ​ ។​ កម្មករ​ កម្មការិនី​ ទាំងនោះ​ ធ្វើការ​នៅ​ក្នុង​រោងចក្រ​ ស្ដា​រិច​ (Starite​ Cambodia​ Co,ltd)​ ស្ថិត​ក្នុងភូមិ​ ត្រ​យឹ​ង​ ឃុំ​ ពើក​ ស្រុក​ អង្គស្នួល​ ខេត្ដកណ្ដាល​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​ក្នុង​ចំណោម​កម្មករ​ កម្មការិនី​ សរុប​ ១១៧​នាក់​នេះ​ មាន​បុរស​ត្រឹមតែ​ ៥​នាក់​ប៉ុណ្ណោះ​។​ នេះ​បើ​យោង​តាម​អធិការ​នគរបាល​ស្រុក​អង្គស្នួល​ លោក​វរសេនីយ៍ទោ​ មាន​ សំណាង​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ ឲ្យ​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​២៨​ ខែឧសភា​នេះ​។​ លោក​អធិការ​ស្រុក​អង្គស្នួល​ បាន​បញ្ជាក់​ថា​ ហេតុការណ៍​ដែល​មាន​កម្មករ​ កម្មការិនី​ សន្លប់​នេះ​ គឺ​កើតឡើង​នៅ​ម៉ោង​ប្រហែល​ ៨​ព្រឹក​។​

​ភ្លាមៗ​ក្រោយ​ពី​ទទួល​ដំណឹង​ ថា​មាន​ករណី​កម្មករ​ កម្មការិនី​ សន្លប់​ដូចនេះ​ សមត្ថកិច្ច​បាន​បញ្ជូន​កម្លាំង​របស់​ខ្លួន​ ដើម្បី​នាំ​ពួក​គេ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ​។​ លោក​វរសេនីយ៍ទោ​ មាន​ សំណាង​ បាន​ឲ្យ​ដឹង​បន្ដ​ថា​ យោង​តាម​ការ​សន្និដ្ឋាន​ជាបឋម​របស់​សមត្ថកិច្ច​ មូលហេតុ​ដែល​នាំ​ឲ្យ​កម្មករ​ កម្មការិនី​ ដួល​សន្លប់​ដូចនេះ​ គឺ​បណ្ដាល​មក​ពី​ សុខភាព​របស់​កម្មករ​ កម្មការិនី​ និង​ក្លិន​ថ្នាំ​បាញ់​ច្រែះ​ដែក​ នៅ​រោង​សិប្បកម្ម​ផ្សារ​ដែក​មួយ​កន្លែង​នៅ​ម្ដុំ​នោះ​។​

​លោក​ មាន​ សំណាង​ ៖«​ពាក់ព័ន្ធ​ដល់​ការ​នាំ​ឲ្យ​ទន់​ខ្លួន​ ឬ​ក៏​ខ្សោយ​ដល់​កម្មករ​នេះ​។​ យើង​ឃើញ​មាន​ពាក់ព័ន្ធ​ទៅ​ដល់​រោងចក្រ​ដែល​នៅ​ក្បែរ​ហ្នឹង​មួយ​ គាត់​មាន​បាញ់ថ្នាំ​ច្រែះ​ បាន​ន័យ​ថា​ គាត់​ផ្សា​ដែក​ គាត់​បាញ់ថ្នាំ​ច្រែះ​។​ អ​ញ្ចឹ​ង​តាម​ការ​សន្និដ្ឋាន​ សង្ស័យ​ធុំក្លិន​ចេញពី​ហ្នឹង​ តែ​មិនដឹង​ថា​ ថ្នាំ​ជា​ប្រភេទ​អី​យើង​មិន​ទាន់​បាន​ច្បាស់​»​។​

យ៉ាងណា​លោក​អធិការ​នគរបាល​ស្រុក​អង្គស្នួល​ បញ្ជាក់​ថា​ បើ​ទោះជា​កម្មករ​ កម្មការិនី​ មាន​អាការ​វិលមុខ​ ទន់​ដៃ​ ទន់​ជើង​ ឈាន​ដល់​សន្លប់​ក៏​ពិតមែន​ ប៉ុន្ដែ​ពុំ​មាន​កម្មករ​ កម្មការិនី​ រូប​ណា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ​។​ ពួក​គេ​មាន​អាការ​ធូរស្រាល​មក​វិញ​អស់ហើយ​។​ ចំពោះ​ចំណាត់ការ​ផ្សេងៗ​ លើ​រោងចក្រ​នេះ​ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​ឡើយ​ ដោយ​ត្រូវ​រង់ចាំ​ការ​ប្រជុំ​ជា​មុន​សិន​។​

​សូម​ជម្រាប​ថា​ រោងចក្រ​ ស្ដា​រិច​ (Starite​ Cambodia​ Co,ltd)​ ស្ថិត​ក្នុងភូមិ​ ត្រ​យឹ​ង​ ឃុំ​ ពើក​ ស្រុក​ អង្គស្នួល​ ខេត្ដកណ្ដាល​។​ រោងចក្រ​នេះ​ មាន​កម្មករ​ កម្មការិនី​ សរុប​ចំនួន​ ៧០០​នាក់​ ស្ដ្រី​ ៥៩៥​នាក់​។​

​បញ្ហា​ដែល​ កម្មករ​ កម្មការិនី​តែងតែ​ដួល​សន្លប់​នេះ​ គឺជា​ក្ដី​កង្វល់​ដ៏​ធំ​មួយ​របស់​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ ក៏​ដូច​ជា​ក្រុម​សហជីព​។​ ជា​រឿយៗ​ក្រុម​សហជីព​តំណាង​កម្មករ​ តែងតែ​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ចុះ​ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​ តាម​រោងចក្រ​ឲ្យ​បាន​ហ្មត់ចត់​ ដើម្បី​ជា​ប្រយោជន៍​ទប់ស្កាត់​ការ​ដួល​សន្លប់​កើត​ឡើងជា​បន្ដ​ទៀត​។​ យ៉ាងណា​ ក្រសួង​ការងារ​ ក៏​ហាក់​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ដែរ​ ដើម្បី​ទប់ស្កាត់​ ករណី​ដួល​សន្លប់​នេះ​។​

កាលពី​ចុងឆ្នាំ​២០១៧​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​ចេញ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ ថា​ នឹង​ដាក់ទោស​ដល់​ថៅកែ​រោងចក្រ​ណា​ ដែល​បណ្ដោយ​ឲ្យ​មាន​កម្មករ​ កម្មការិនី​ ដួល​សន្លប់​ជា​បន្ដ​ទៀត​ ក៏​ប៉ុន្ដែ​បញ្ហា​នេះ​ នៅ​តែ​កើត​មាន​ដដែល​ ។​ ព្រោះតែ​បញ្ហា​នេះ​ ក្រសួង​ការងារ​ កាលពី​ខែមីនា​ ឆ្នាំ​២០១៨​ ក៏​បាន​សម្រេច​រៀបចំ​ឲ្យ​មាន​គណៈកម្មាធិការ​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​រោងចក្រ​ដែល​មាន​កម្មករ​សន្លប់​បន្ថែម​ទៀត​ ដោយ​រំពឹង​ថា​ នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​៕

Share

ព័ត៌មានទាក់ទង

Image