en     km
en     km

សម្ដេច ហ៊ុន សែន ការពារសិទ្ធិពលរដ្ឋក្នុងការបោះឆ្នោតខណៈវាយប្រហារមេបក្សប្រឆាំង(មានសំឡេង)

Share

សម្ដេចហ៊ុនសែនបានថ្លែងដោយក្ដីសង្ឃឹមយ៉ាងមាំថា ការបោះឆ្នោត សភានីតិកាលទី៦ នៅថ្ងៃទី ២៩កក្កដាខាងមុខនេះ គឺជ័យជម្នះនឹងបានមក លើបក្សប្រជាជនយ៉ាងពិតប្រាកដ ព្រោះសមាជិកបក្សរបស់សម្ដេចមានជាង ៥លាននាក់ហើយ។ សម្ដេចថា ចង់អោយអ្នកគាំទ្របក្សប្រឆាំងមិនចេញទៅបោះឆ្នោតក៏មិនមានន័យអ្វីដែរ។ សារនយោបាយរបស់ប្រធានគណបក្សប្រជាជនទំនងជាការថ្លែងចំអកទៅលើលោកសមរង្ស៊ី ដែលជាគូប្រជែងដ៏ខ្លាំងរបស់សម្ដេច​ កំពុងរស់នៅក្រៅប្រទេស។ តែការបោះឆ្នោតដែលគ្មានគណបក្សគណបក្សសង្រ្គោះជាតិចូលរួមនោះ ទំនងមិនមានអ្នកសង្កេតការណ៍សំខាន់មកពីអាមេរិក សហភាពអឺរ៉ុបនិងអង្គការសហប្រជាជាតិ មកសង្កេតការណ័ដោយផ្ទាល់នោះទេ។

លោក សោម លៀប ជូនសេចក្ដីរាយការណ៍៖

 

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្ដងទៀតបានបន្តវាយប្រហារលើគូនយោបាយនិរទេសខ្លួនដែលសម្ដេចថា អ្នកនយោបាយនេះនឹងចាញ់ក្នុងការធ្វើប្រជាមតិនៃការបោះឆ្នោតសភានីតិកាលទី៦ នៅចុងខែកក្កដា ឆ្នាំ២០១៨នេះ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃពុធ ទី២៣ ឧសភានេះ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងថា ការអំពាវនាវកុំអោយប្រជាជនទៅបោះឆ្នោត គឺជាចេតនាអាក្រក់ និងជាការឃាឃាំងសិទ្ធិអ្នកបោះឆ្នោត។

សម្ដេចថ្លែងដោយចំអកថា អ្នកនយោបាយដូចនេះនឹងចាញ់ពិតប្រាកដក្នុងការបោះឆ្នោតខាងមុខនេះ  ព្រោះពលរដ្ឋជាសមាជិកបក្សប្រជាជនមានជាង ៥លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធបោះឆ្នោត ជាង ៨លាននាក់។ សម្ដេចអះអាងថា ជ័យរបស់គណបក្សប្រជាជននឹងងាយបំផុត។

ស្របពេលដែលសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងនេះ  លោក សម រង្ស៊ី គូនយោបាយប្រឆាំងមួយដែលនិរទេសខ្លួនបន្តអំពាវនាវអោយពលរដ្ឋខ្មែរដែលស្រឡាញ់នឹងគាំទ្រគណបក្សសង្រ្គោះជាតិកុំទៅបោះឆ្នោត។ លោកថា បើពលរដ្ឋមិនទៅបោះឆ្នោតច្រើនលើសលុបមានន័យបក្សប្រជាជននឹងអាម៉ាស់ក្នុងឆាកអន្តរជាតិ។

លោក សម រង្ស៊ី បានលើកឡើងពីការបោះឆ្នោតប្រធានាធិបតីនៅវេណេហ្សូអេឡា​ដែលពលរដ្ឋគាំទ្របក្សប្រឆាំងរបស់ប្រទេសនេះចេញទៅបោះឆ្នោត ទាបបំផុត។ លោកថា នេះជាជោគជ័យរបស់អ្នកប្រជាធិបតេយ្យនៅវេណេហ្សូអេឡា ។

ទំនងថ្លែងប្រឆាំងនឹងលោក សម រង្ស៊ី  សម្ដេច ហ៊ុន សែន បាននិយាយថា ការបោះឆ្នោតនៅវេណេហ្សូអេឡា គឺជារឿងផ្សេងពីកម្ពុជា។

ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសវេណេហ្សូអេឡា កាលពីថ្ងៃទី​ ២០ឧសភា​ ដែលគ្មានមេដឹកនាំបក្សប្រឆាំងចូលរួមនិងគ្មានអ្នកសង្កេតការណ៍អន្តរជាតិសំខាន់ៗឃ្លាំមើល រួមទាំងអង្គការសហប្រជាជាតិបាននាំអោយ ការបោះឆ្នោតនេះ ហាក់គ្មានតម្លៃឡើយ។

តែយ៉ាងណាក៏ដោយ លោក នីកូឡាស់ ម៉ាឌូរ៉ូ បានកាន់អំណាច ៦ឆ្នាំទៀតតាមរយៈការបោះឆ្នោតដែលពលរដ្ឋចេញទៅបោះឆ្នោត ៤៦ភាគរយខណៈពលរដ្ឋ ៥៤ភាគយធ្វើពហិការ។ ក្រុមគណបក្សប្រឆាំងទាមទារអោយមានការបោះឆ្នោត​ឡើងវិញ។

ចំណែក លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកបានអនុម័តដាក់ទណ្ឌកម្មរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនវេណេហ្សូអេឡាក្រោមលេសថា ជាទ្រព្យរបស់ប្រជាជន និងទ្រព្យសម្បត្តិខ្លះពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ស្របពេលនេះ សហភាពអឺរ៉ុប និងសមាជិកសម្ព័ន្ធភាពអាមេរិកឡាទីន ១៥ ប្រទេសបានកាត់បន្ថយកម្រិតការទូត។

តាមប្រភពព័ត៌មាន Reuters  ដែលស្រង់សម្ដីមន្ត្រីម្នាក់របស់ក្រុមប្រឹក្សាបោះឆ្នោតនៅវេណេហ្សូអេឡាថា ពលរដ្ឋចេញទៅបោះឆ្នោតមាន ៣២,៣ភាគរយប៉ុណ្ណោះ ដែលចំនួននេះ មានកម្រិតតិចបំផុត បើធៀបនឹងការបោះឆ្នោតសភាឆ្នាំ២០១៣ ពលរដ្ឋចេញទៅបោះឆ្នោតជាង ៨០ភាគរយ នៅខណៈនោះក្រុមប្រឆាំងក៏មានវត្តមានបោះឆ្នោតដែរ។

លោក សម រង្ស៊ី បានព្យាយាមលើកព្រឹត្តិការណ៍អន្តរជាតិមកប្រៀបធៀបនឹងកម្ពុជា។ នៅក្នុងការបោះឆ្នោតសភាប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ៩ ឧសភា ដែលជ័យជម្នះបានទៅលើបក្សប្រឆាំង ក៏លោក សម រង្ស៊ី បានសរសើរពលរដ្ឋម៉ាឡេស៊ីក្នុងការប្រើឆន្ទៈរបស់ពួកគេបញ្ចប់ការគ្រប់គ្រងចាស់គំរិល ហើយ​ដឹងប្រទេសបង្កអយុត្តិធម៌សង្គមយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអ្នកនាំពាក្យបក្សកាន់អំណាចបាន សាទរឆន្ទៈរបស់ប្រជាជនម៉ាឡេស៊ីដែលជ្រើស​រើសមេដឹកនាំថ្មីប្រកបដោយការទទួលខុសត្រូវ៕

 

 

Share

ព័ត៌មានទាក់ទង

Image