ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែឧសភា មានករណីមួយបានកើតឡើង គឺសមត្ថកិច្ចមួយរូបបាន ទះកំភ្លៀងស្ដ្រីម្នាក់ នៅកណ្ដាលទីសាធារណៈ ខណៈដែលសមត្ថកិច្ចរូបនោះ បានឈ្លោះប្រកែកជាមួយស្ត្រីរូបម្នាក់ បានបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងបញ្ច្រាសទិស។ ការប្រើហិង្សារបស់សមត្ថកិច្ច នាំឲ្យមានការចោទសួរអំពី ក្រមសីលធម៌របស់សមត្ថកិច្ច ។ ករណីនេះ ទាំងនាយិកាអង្គការស្ដ្រី និងអ្នកតាមដានសង្គម សុទ្ធតែចាត់ទុកថា ជាទង្វើដ៏ខុសឆ្គងក្នុងនាម ជាអ្នកអនុវត្ដច្បាប់។ លើសពីនេះនាយិកាអង្គការស្ដ្រី ចាត់ទុកថា ជាទង្វើបង្ហាញពីការរើសអើងលើស្ដ្រី។
លោក លៀ ស៊ីណា រាយការណ៍ ៖
ប្រជាជនខ្មែរជាច្រើនដែលប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាបន្ដចែកចាយវីដេអូឃ្លីប និងរិះគន់យ៉ាងខ្លាំង ពីទង្វើដែលសមត្ថកិច្ចមួយរូប ឈរជើងនៅកែងផ្សារអូឡាំពិក ប្រើហិង្សាលើស្ដ្រីអ្នកដំណើរម្នាក់ ដែលបានជិះម៉ូតូបញ្ច្រាសទិស និងមិនពាក់មួកសុវត្ថិភាព។ សមត្ថកិច្ចរូបនោះមានឈ្មោះ កៅ សំអុល អាយុ ៤៨ឆ្នាំ ជាមន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកស្ដ្រីរងហិង្សា ឈ្មោះ ឌី លីណា អាយុ ៣៧ឆ្នាំ ស្នាក់នៅខណ្ឌ ៧មករា បុខរបរជាគ្រូពេទ្យ។ ភ្លាមៗក្រោយពីរងការរិះគន់នៅពាសពេញ បណ្ដាញសង្គម នៅថ្ងៃទី២១ ខែឧសភា នោះ ក៏មានលេចចេញលិខិតជាកិច្ចសន្យា រវាងនារីរងហិង្សា និងសមត្ថកិច្ចរូបនោះ ដោយបញ្ជាក់ថា ក្នុងរយៈពេលមួយខែ ប្រសិនបើស្ដ្រីរងហិង្សាមានបញ្ហាត្រចៀក សមត្ថកិច្ចឈ្មោះ កៅ សំអុល នេះ នឹងទទួលខុសត្រូវក្នុងការចំណាយព្យាលបាល។ ក្រៅពីនេះ ភាគីទាំងពីរក៏នឹងមិនបង្ហោះរូបភាពដែលខ្លួនមានខណៈភាគីទាំងពីរទាស់ពាក្យសម្ដីទៀតនោះដែរ។
ថ្វីត្បិតតែមានការចេញលិខិតដូចនេះក្ដី លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញលិខិតសម្រេចផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោក កៅ សំអុល ដោយយោងទៅលើសកម្មភាពបញ្ចេញអាកប្បកិរិយា ឬពាក្យសម្ដីគ្មានសីលធម ខ្វះសុជីវធម៌ ដែលជាហេតុនាំឲ្យបាត់បង់កិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់នគរបាលជាតិ។
ជុំវិញករណីហិង្សារបស់សមត្ថកិច្ចទៅប្រជាពលរដ្ឋ ដែលជាស្ដ្រីនេះ លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា GAD/C មានប្រសាសន៍ថា ក្នុងនាមជាសមត្ថកិច្ច គឺគ្មានសិទ្ធិទៅប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ដោយគ្រាន់តែពលរដ្ឋមិនគោរពច្បាប់ចរាចរណ៍នោះទេ។ លើសពីនេះលោកស្រីមិនពេញចិត្ដឡើយ ចំពោះការធ្វើកិច្ចសន្យា ក្រោយពីខ្លួនបានប្រព្រឹត្ដអំពើហិង្សាលើពលរដ្ឋ ហើយមិនតែប៉ុណ្ណោះលោកស្រី យល់ថា បើសិនជាមានការធ្វើដូចនេះញឹកញាប់ វានឹងក្លាយជាគំរូមិនល្អនៅក្នុងសង្គមខ្មែរ ៖«ទោះគាត់មិនទទួលរងនូវបញ្ហាសុខភាពទៅថ្ងៃអនាគតក៏ដោយ ប៉ុន្ដែការទះកំផ្លៀងប្រព្រឹត្ដអំពើហិង្សានៅទីសាធារណៈ វាផ្ដល់នូវគេហៅថា គរូមិនល្អសម្រាប់សង្គម ហើយសង្គមគេមើលឃើញថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មិនមានលក្ខណៈល្អប្រសើរ»។
លោកស្រី រស់ សុភាព បន្ដថា សកម្មភាពបែបនេះ គឺវាប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់មុខមាត់របស់ប្រទេសជាតិ ហើយវានឹងត្រូវបានទទួលការវាយតម្លៃពីអង្គការសហប្រជាតិ ថា កម្ពុជា មិនទាន់មានគោរពសិទ្ធិមនុស្សបានល្អ ពិសេសគឺសិទ្ធិស្ដ្រី។ ជាងនេះ លោកស្រីសង្កត់ធ្ងន់ថា បើស្រ្ដីម្នាក់នោះល្មើសច្បាប់ គួរតែទុកឲ្យច្បាប់ជាអ្នកដាក់ទោស គឺមិនមែនក្នុងនាមជាងអ្នក អនុវត្ដច្បាប់ទៅប្រព្រឹត្ដហិង្សាលើនាងនោះទេ។
ដូចគ្នាដែរ លោកស្រី ធីតា ឃឹះ នាយិកាអង្គការ សីលការ ដែលជាស្ដ្រីដ៏ល្បីឈ្មោះមួយរូប ក្នុងកិច្ចការសង្គម ដើម្បីលើកកម្ពស់សិទ្ធិស្ដ្រី ឲ្យស្មើមុខស្មើមាត់ជាមួយបុរស និងជំរុញឲ្យមានតួនាទីស្ដ្រីក្នុងវិស័យនយោបាយ និងការធ្វើសេចក្ដីសម្រេចចិត្ដផ្សេងៗ មានប្រសាសន៍ថា នេះគឺជាទង្វើដ៏ខុសឆ្គងបំផុត ក្នុងនាមជាសមត្ថកិច្ច ដែលប្រព្រឹត្ដទៅលើពលរដ្ឋ លើសពីនេះ លោកស្រីចាត់ទុកថា នេះគឺជាអាកប្បកិរិយាដែលបង្ហាញពីការរើសអើងលើស្ដ្រី ៖«នេះគឺបង្ហាញនៅអំពើហិង្សា និងអត្ដចរិតគាត់ជាមួយនិងប្រជាលពលរដ្ឋ ហើយនៅក្នុងករណីជាមួយស្ដ្រីនេះ គឺជារឿងមួយដែលបង្ហាញឲ្យឃើញនៅ ការរើសអើង និងការបញ្ចេញកំហឹងរបស់ប៉ូលីសហ្នឹងទៅលើស្ដ្រី។ ទោះបីគាត់ធ្វើខុស ក៏មិនមែនជារឿងដែលគាត់ទៅវ៉ៃគេ វ៉ៃឯងអញ្ចឹងបានដែរ»។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម មានប្រសាសន៍ថា ទង្វើនេះវាបានបង្ហាញអំពីការខ្វះនូវចំណេះដឹងផ្នែកច្បាប់ របស់ប៉ូលីសខ្លួនឯងផង និងជាទម្លាប់ដែលប៉ូលីស គិតថាពួកគាត់នៅលើច្បាប់អញ្ចឹងអាចធ្វើបានតាមអ្វីដែលពួកគាត់ចង់។ លោកបន្ដទៀតថា ជាធម្មតាកងសន្ដិសុខ គេមានវគ្គហ្វឹកហ្វឺនអំពីរបៀបគ្រប់គ្រងស្ថានភាព មិនឲ្យកើតមានអំពើហិង្សាក្នុងករណីមិនចាំបាច់។ យ៉ាងណាយោងតាមការសង្កេតរបស់លោកបណ្ឌិត មាស នី ប៉ូលីសនៅកម្ពុជា ហាក់មិនសូវគិតពីតម្លៃ នៃការអនុវត្ដបែបនេះទេ ពោលគឺមានតែការចាប់ចង ចាប់វាយ ទាត់ធាក់តែប៉ុណ្ណោះ។ លើសពីនេះ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះ ចង់ឲ្យពង្រឹងច្បាប់របស់ប៉ូលីសឡើងវិញ ដើម្បីកុំឲ្យអ្នកអនុវត្ដច្បាប់ ក្លាយជាអ្នកប្រព្រឹត្ដខុសច្បាប់ដូចក្នុងករណីនេះ៕