en     km
en     km

សភាអាស៊ានមួយក្រុមទទូចឱ្យកម្ពុជាធ្វើតាមម៉ាឡេស៊ីដែលដោះលែងមេដឹកនាំបក្សប្រឆាំង(មានសំឡេង)

Share

បន្ទាប់ពីឈ្នះក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី ៩ឧសភា រដ្ឋាភិបាលថ្មីដឹកនាំដោយក្រុមគណបក្សប្រឆាំងបានសម្រេចសុំការលើកលែងទោស ពីព្រះមហាក្សត្រ ធ្វើឱ្យអ្នកទោសនយោបាយ អាន់វ៉ា អ៊ីប្រាហិម មានសេរីភាពឡើងវិញ។ ក្រៅពីនេះ រដ្ឋាភិបាលថ្មីដឹកនាំដោយមហាធាមហាម៉ាត បាន ទំម្លាក់ចោលច្បាប់មួយចំនួនដែលរឹតបន្តឹងសេរីភាពក្រុមប្រឆាំង។ ដោយមើលឃើញថាម៉ាឡេស៊ីកំពុងដើរតួនាទីដ៏ល្អសម្រាប់តំបន់ សមាជិកសភាអាស៊ាន មួយក្រុមបានទទូចអោយកម្ពុជា ធ្វើតាមប្រទេសម៉ាឡេស៊ី ដោយដោះលែងលោកកឹមសុខាឱ្យមានសេរីភាពវិញ។ តែអ្នកនាំពាក្យបក្សកាន់អំណាចថា មិនអាចទទួលយកករណីប្រទេសឡេស៊ីមកធ្វើការដោះលែង លោក កឹម សុខា បានទេ។

លោក រឿន ឬទិ្ធ រាយការណ៍៖

 

សេចក្ដីថ្លែងការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សធ្វើឡើងកាលពីថ្ងៃទី ១៦ឧសភា បានសាទររដ្ឋាភិបាលថ្មីនៃប្រទេសម៉ាឡេស៊ីដែលបានស្នើទៅព្រះមហាក្សត្រលើកលែងទោស​មេដឹកនាំបក្សប្រឆាំង លោក អាន់វ៉ា អ៊ីប្រាហ៊ិម អោយមានសេរីភាពវិញ។

ក្រុមសមាជិកសភាអាស៊ាន បានហៅការផ្លាស់ប្ដូរគោលនយោបាយដ៏ទន់ភ្លន់នេះ នាំឱ្យមានការគិតថា ប្រទេសមួយចំនួនក្នុងតំបន់ដែលធ្លាប់ប្រកាន់និងអនុវត្តការរឹតត្បិតសេរីភាពទៅលើបក្សប្រឆាំងគួរតែធ្វើតាមប្រទេសម៉ាឡេស៊ី។   

លោក Teddy Baguilat សមាជិកគណៈកម្មាធិការនាយកនៃសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភានៃប្រទេសហ្វីលីពីនបាននិយាយថា ប្រទេសក្នុងតំបន់គួរក្រឡេកទៅមើលប្រទេសម៉ាឡេស៊ីដែលប្រទេសនេះ បានដោះលែងមេបក្សប្រឆាំងអោយមានសេរីភាពវិញហើយដោយសន្យាធ្វើអោយប្រសើរលទ្ធិប្រជាធិបតេយ្យទៀតផង។

សេចក្ដីថ្លែងការណ៍របស់ក្រុមសភាអាស៊ានក៏បង្ហាញក្ដីសង្ឃឺមថា គោលនយោបាយប្រទេសម៉ាឡេស៊ី​នឹងនាំអោយ ប្រទេសក្នុងតំបន់យកគំរូតាម ។ លោកថា ករណីលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន Leila de Lima គួរមានឱកាសដូចមេបក្សប្រឆាំង ម៉ាឡេស៊ី។

កាលពីថ្ងៃទី ១៦ឧសភា លោក អាន់វ៉ា បានទទួលការលើកលែងទោសទាំងស្រុងពីព្រះមហាក្សត្រដែលធ្វើតាមសំណើរបស់នាយករដ្ឋមន្ត្រី មហាធា មហាម៉ាត។ លោក អាន់វ៉ា ត្រូវបាននាំទៅឃុំខ្លួនក្នុងឆ្នាំ ២០១៥ ករណីលោកស្រឡាញ់បុរសដូចគ្នាដែលខុសនឹងច្បាប់សាសនារបស់ឥស្លាម។ តែអ្នកសង្កេតការណ៍ និងក្រុមសិទ្ធិមនុស្សថា ជាលេសរបស់បក្សកាន់អំណាចដឹកនាំដោយនាយករដ្ឋមន្ត្រីណាជីពរ៉ាហ្សាក់ដើម្បីបបង្រា្កបក្រុមប្រឆាំង។ លោកអាន់វ៉ា ខ្លួនលោកផ្ទាល់ចាត់ទុកករណីរបស់លោកជារឿងនយោបាយ។

ទាក់ទិនសេចក្ដីថ្លែងការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អ្នកនាំពាក្យបក្សកាន់អំណាចបដិសេធការជំរុញអោយកម្ពុជាធ្វើតាមប្រទេសម៉ាឡេស៊ី។ លោកសុខឥសាន្ត បានហៅសេចក្ដីថ្លែងការណ៍នេះថា មានអារម្មណ៍លំអៀង ។លោកថាករណី មេបក្សប្រប្រឆាំងម៉ាឡេស៊ី គឺជារឿងផ្លូវភេទ ហើយសម្រាប់ លោកកឹមសុខា ជាកំហុស ព្រហ្មទណ្ឌធ្ងន់ធ្ងរគឺអំពើក្បត់ជាតិ។

តែបែបនេះក្ដី ក្រុមសមាជិកសភាអាស៊ានដែលចេញសេចក្ដីថ្លែងការណ៍នៅតែសង្ឃឺមថា បរិបទភូមិសាស្រ្តនយោបាយនៃប្រទេសម៉ាឡេស៊ីនឹងធ្វើអោយរដ្ឋាភិបាលក្នុងសមាគមអាស៊ានចាប់ផ្ដើមលើកស្ទូយសិទ្ធិមនុស្ស និងនីតិរដ្ឋឡើងវិញ៕

 

 

Share

ព័ត៌មានទាក់ទង

Image