en     km
en     km

កាសែតភ្នំពេញប៉ុស្តិ៍ប្រកាសថាគេហទំព័រខ្លួនមិនត្រូវបានហេកឃ័រវៀតណាមលួចនោះទេ

Share

ភ្នំពេញ៖ កាសែតភ្នំពេញប៉ុស្តិ៍បានចុះផ្សាយលើទំព័រកាសែតរបស់ខ្លួននៅថ្ងៃទី១៧ ឧសភានេះដោយប្រកាសថា គេហទំព័រព័ត៌មានរបស់ខ្លួនមិនត្រូវបានហេកឃ័រវៀតណាមលួចហេកនោះទេ ហើយថាការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនកាលពីម្សិលមិញគឺជារឿងមិនពិត។

កាសែតភ្នំពេញប៉ុស្តិ៍អៈអាងថា ស្ថាប័នខ្លួនបានធ្វើតេស្តលើគេហទំព័រពីសំណាក់ក្រុមអ្នកជំនាញបរទេសផងដែរ ដោយរកឃើញថា គ្មានការវាយប្រហារណាមួយពីហេកឃ័រនោះឡើយ។

កាសែតពីរភាសានេះបានស្រង់សម្តីលោក សេង ណាក់ អ្នកគ្រប់គ្រងផ្នែកព័ត៌មានវិទ្យារបស់កាសែតភ្នំពេញប៉ុស្តិ៍ ដោយលោកនិយាយថា លោកបានផ្ទៀងផ្ទាត់ប្រព័ន្ធទាំងមូលរួចហើយ គឺមិនមានបញ្ហាអ្វីនោះទេ។ គេហទំព័រនេះមិនត្រូវបានគេហេកនោះទេ។

ការចេញមុខអៈអាងរបស់កាសែតភ្នំពេញប៉ុស្តិ៍នេះ បន្ទាប់ពីនាយិកា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (Licadho) អ្នកស្រី ណាលី ពីឡូក (Naly Pilorge) ត្រូវ​បាន​សារព័ត៌មាន​អូស្ត្រាលី ABC ស្រង់​ប្រសាសន៍​ថា ម៉ាស៊ីន​កុំព្យូទ័រ​ជាច្រើន​គ្រឿងក្នុង​ការិយាល័យ​របស់​អង្គការ​អ្នកស្រី បាន​ក្លាយ​ជា​គោលដៅ​វាយលុក​នៃ​មេរោគ​កុំព្យូទ័រ នៅ​ពេល​ដែល​បុគ្គលិក​អង្គការ​អ្នកស្រី ចូល​ទៅ​បើក​មើល​គេហទំព័រ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ អ្នកស្រី​ថា អង្គការ​អ្នកស្រី​បាន​ចាត់វិធានការ​បង្ការ​នានា​រួចហើយ​ដើម្បី​ទប់ស្កាត់​មេរោគ​នេះ។​

ក្រុមហ៊ុន​សន្តិសុខ​បណ្ដាញ​អ៊ីនធឺណិតឈ្មោះ FireEye មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​កង់បេរ៉ា ប្រទេស​អូស្ត្រាលី ថ្លែងប្រាប់​សារព័ត៌មាន ABC អូស្ត្រាលី​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ APT32 ដែល​គាំទ្រ​ដោយ​រដ្ឋ​វៀតណាម កំពុងតែ​ធ្វើ​សកម្មភាព​វាយប្រហារ និង​លួច​យក​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​បរទេស ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ឲ្យ​រដ្ឋ​វៀតណាម៕

Share

ព័ត៌មានទាក់ទង

Image